ភ្នំពេញ: ហាង​លក់​ឧបករណ៍​ភ្លេង​ព្យ៉ាណូ The Piano Shop Cambodia ត្រូវបាន​ខល​ហៅ​ឲ្យ​ឆែក​ព្យ៉ាណូ​ចាស់​មួយ​នៅក្នុង​សាល​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​សៀមរាប​កាលពី​ដើមឆ្នាំ​។

តន្ដ្រីករ​ព្យ៉ាណូ​អ៊ីតាលី​ដែល​មក​រស់នៅ​កម្ពុជា​ជិត ១ ទសវត្សរ៍​លោក Gabriele Faja បាន​រកឃើញថា វា​ជា​ព្យ៉ាណូ​ម៉ាក Steinway & Sons ដ៏​មានតម្លៃ​ផលិត​នៅ​ទីក្រុង​ហេមប៊ឺក អាល្លឺម៉ង់ ក្នុង​ឆ្នាំ​ ១៩៨២​។ លោក​បាន​សហការ​ជាមួយ​ជាង​ជួសជុល​ក្នុងស្រុក​ម្នាក់​ដើម្បី​ស្រោចស្រង់​ព្យ៉ាណូ​នេះ និង​បង្កើត​កម្មវិធី​តន្ដ្រី​សប្បុរស The Piano Trilogy នៅ​ថ្ងៃទី ១០ ខែមករា ឆ្នាំ​ ២០២០ ខាងមុខ​។

លោក Gabriele Faja ជា​អគ្គនាយក Soundskool ​និង​ជា​សមាជិក ISI GROUP បាន​និយាយថា​៖ «​ថ្ងៃមួយ​បុគ្គល​បាន​ខល​ហៅ​យើង​ជួសជុល​ព្យ៉ាណូ​នោះ ដោយសារ​វា​ត្រូវបាន​ទុកចោល​ប្រមាណ ៤ ទៅ ៥ ឆ្នាំ​ហើយ​។ ពេលនេះ ខ្ញុំ​ជួសជុល​វា​រួចហើយ ហើយ​វាត​ម្លៃ​ខ្ទង់ ១០ ម៉ឺន​ដុល្លារ​ឯណោះ ខ្ញុំ​ពិតជា​មានការ​ភ្ញាក់ផ្អើល​មែនទែន ហើយ​ខ្ញុំ​បាន​ជជែក​ជាមួយ​មិត្ដភក្ដិ​ថា តើ​យើង​គួររៀបចំ​ព្រឹត្ដិការណ៍​សប្បុរសធម៌​មួយ និង​ប្រមូលប្រាក់​សម្រាប់​មន្ទីរពេទ្យ​វិញ​»​។

សាល Kantha Bopha Auditorium ត្រូវបាន​កសាងឡើង​ដោយ​វេជ្ជបណ្ឌិត ប៊ីត រីចន័រ សម្រាប់​រៀបចំ​កម្មវិធី​​តន្ដ្រី​សប្បុរស​នានា​។

វេជ្ជបណ្ឌិត រីចន័រ គឺជា​អ្នកលេង​ឧបករណ៍​សូឡូ ដូច្នេះ​លោក​ឌីហ្សាញ​សាលតន្ដ្រី​នេះ​យ៉ាង​ពិសេស​សម្រាប់​កម្មវិធី​ប្រគំ​តន្ដ្រីបុរាណ​។ សាលតន្ដ្រី​ដែល​មាន ៦០០ កៅអី ចែកជា ២ ​ថ្នាក់​នឹង​ត្រូវ​បានរៀបចំ​កម្មវិធី The Piano Trilogy ដែលជា​ព្រឹត្ដិការណ៍​ដំបូង​ក្រោយពី​មរណភាព​លោក​វេជ្ជបណ្ឌិត​។

លោក Gabriele Faja បាន​ជួសជុល​ព្យ៉ាណូ​នៅ​សាល Kantha Bopha Auditorium​។ ហុង មិនា

លោក Gabriele Faja អាយុ ៣៩ ​ឆ្នាំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​គាត់​បាន​កសាង​កន្លែង​ដ៏ស្រស់ស្អាត​នេះ ហើយ​គ្មាន​នរណាម្នាក់​ប្រើ​វា​តាំងពី​លោក​មិនទាន់​ស្លាប់​។ ខ្ញុំ​មិន​ដែល​បាន​លេង​តន្ដ្រី​ជាមួយ​គាត់ និង​ដើម្បី​គាត់​នោះទេ ពីព្រោះ​ខ្ញុំ​ដឹងថា គាត់​ជា​តន្ដ្រីករ​ ១ ​រូប និង​ចូលចិត្ដ​តន្ដ្រី​ក្រៅពី​ការងារ​ចម្បង​របស់គាត់​»​។

លោក​បាន​រំឭក​ពី​កិច្ចសន្ទនា​ជាមួយ​វេជ្ជបណ្ឌិត ប៊ីត រិចន័រ ពេល​ពួកគេ​ជជែក​អំពី​ប្រភេទ​តន្ដ្រី​តម្រូវ​ឲ្យ​អ្នកចូលរួម​មានការ​ផ្ចង់អារម្មណ៍​ខ្ពស់​ដែល​កម្រ​ត្រូវ​បានរៀបចំ​នៅ​កម្ពុជា​។

លោក​និយាយថា​៖ «​ជាទូទៅ​ចំពោះ​វប្បធម៌​បស្ចិមប្រទេស​ពេល​យើង​មានការ​ប្រគំ​តន្ដ្រី​បែប​នេះ​អ្នកទស្សនា​សុទ្ធតែ​ស្ងាត់ស្ងៀម​។ ប៉ុន្ដែ​នៅ​អាស៊ី ច្បាស់​ជាមាន​ឮ​សំឡេង​ទូរស័ព្ទ ក្មេង​រត់​ចុះឡើងៗ និង​អ្នក​ទស្សនា​ដើរ​ចេញចូលៗ​ឥត​ឈប់​។ យើង​ត្រូវ​ស្ងាត់ស្ងៀម មិនមែន​មានន័យថា យើង​ជា​មនុស្ស​ពិបាក​សម្រប​ខ្លួន​នោះ​ទេ តែដោយសារ​យើង​ចង់​ឲ្យ​អ្នកទស្សនា​មាន​ទំនាក់ទំនង កែវភ្នែក បេះដូង ដួងវិញ្ញាណ និង​ត្រចៀក​ផ្ដោតលើ​តន្ដ្រី​ដ៏ពិតប្រាកដ​។ បើ​យើង​មិន​ស្ដាប់ យើង​ប្រាកដ​ជា​គ្មាន​អារម្មណ៍​ចំពោះ​តន្ដ្រី​។ ខ្ញុំ​គិតថា លោក​វេជ្ជបណ្ឌិត រិចន័រ តែងតែ​ព្យាយាម​ធ្វើបែបនេះ​ពេល​លោក​លេង​តន្ដ្រី​»​។

កម្មវិធី​ប្រគំ​តន្ដ្រី The Piano Trilogy មាន​តន្ដ្រីករ​ព្យ៉ាណូ ៣ រូប​ដែល​នឹង​ប្រគំ ២០ នាទី​ម្នាក់​។ តន្ដ្រីករ Metta Legita (​ឥណ្ដូនេស៊ី​) Philippe Javelle (​បារាំង​) និង​លោក Gabriele Faja (​អ៊ីតាលី​) ជ្រើសរើស​ប្រភេទ​តន្ដ្រី​ផ្ទាល់ខ្លួន​។

លោក​បន្ដថា​៖ «​យើង​ព្យាយាម​ធ្វើ​ដូចគ្នា​ដែរ​។ យើង​នឹង​បន្តឹង​វិន័យ​នៃ​ការប្រើប្រាស់​ទូរស័ព្ទ និង​កាមេរ៉ា​។ យើង​ព្យាយាម​រក្សា​ទស្សនិកជន​ឲ្យ​មាន​ភាពស្និទ្ធស្នាល​នឹង​គ្នា​។ ព្យ៉ាណូ​មួយជីវិត​មួយ​ និង​តន្ដ្រីករ​មួយ​ដែល​នឹង​សម្ដែង ២០ នាទី​ម្នាក់ រួច​យើង​សម្រាក​ស្រស់ស្រូប​អាហារ​ និង​ភេសជ្ជៈ មុន​បន្ដ​ដល់​វេណ​តន្ដ្រីករ​ម្នាក់ទៀត​»​។

ទោះបី​ជា​តន្ដ្រី​ប្រភេទ​នេះ​មានការ​ពេញនិយម​ខ្លាំង​នៅ​បស្ចិមប្រទេស​លោក​អះអាង​ថា​ព្រឹត្ដិការណ៍ The Piano Trilogy Siem Reap ក៏​នឹង​ទទួលភ្ញៀវ​ជាតិ ដែល​ជា​អ្នករៀន​ផ្នែក​តន្ដ្រី និង​ភ្ញៀវទេសចរ​មកពី​គ្រប់ទិសទី​ផងដែរ​។

លោក រិចន័រ ស្ថាបនិក Kantha Bopha Auditorium​។ រូបថត Wikimedia Commons

លោក​បាន​និយាយថា​៖ «​យើង​មាន​សាលា​តន្ដ្រី​មួយ​នៅ​សៀមរាប ហើយ​យើង​បានដឹងថា សិស្ស​កម្ពុជា​នឹង​មាន​ការគាំទ្រ​ច្រើន​។ ខ្ញុំ​គិតថា ទស្សនិកជន​នឹងមាន​ចម្រុះ​»​។

យ៉ាងណាមិញ លោក​សារភាព​ថា​ព្រឹត្ដិការណ៍​នេះ​នឹងមាន​ភ្ញៀវ ២ ប្រភេទ​គឺ​អ្នក​ស្រឡាញ់​តន្ដ្រី​ពិតប្រាកដ និង​អ្នក​មាន​បំណង​ចង់​ជួយ​ទិញ​សំបុត្រ​សប្បុរសធម៌​ច្រើនជាង​។

លោក Gabriele Faja បន្តថា​៖ «​យើង​អាច​និយាយថា បើ​មិន​ចូលចិត្ដ​តន្ដ្រី សុំ​កុំ​ចូល​អី​។ គ្រាន់តែ​ចំណាយ​ប្រាក់​ទិញ​សំបុត្រ រួច​សម្រាក​នៅ​ផ្ទះ​បាន​ហើយ​។ ខ្ញុំ​គិតថា លោក​វេជ្ជបណ្ឌិត​ក៏​បាន​លើកឡើងថា បើ​អ្នករៀបចំ​កម្មវិធី​ប្រគំ​តន្ដ្រី​ដោយ​លក់​សំបុត្រ ចំណុច​ស្នូល​ត្រូវ​តែ​ជា​ព្រឹត្ដិការណ៍​ប្រគំ​តន្ដ្រី​ដ៏ពិតប្រាកដ បន្ទាប់មក​វា​ច្បាស់​ជាមាន​គោលបំណង​ជាក់លាក់​»​។

The Piano Trilogy Siem Reap ​ប្រារឰ​ឡើង​នៅ​ KanthaBopha Auditorium នៅ​ថ្ងៃ​សុក្រ ទី​ ១០ ខែមករា ឆ្នាំ​ ២០២០​។ សំបុត្រ​មានតម្លៃ ៨ ដុល្លារ ហើយ​ប្រាក់ចំណូល​ទាំងអស់​នឹង​ត្រូវ​ប្រគល់​ជូន​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​៕

សម្រាប់​ព័ត៌មាន​លម្អិត សុំចូល​ទៅកាន់​វេបសាយ The Piano Shop Cambodia: www.thepianoshopcambodia.com​។