ភ្នំពេញៈ នៅ​ពីក្រោយ​ស្នូរ​ទះដៃ​កងរំពង​ក្នុង​កម្មវិធី​ប្រកួត​ទេពកោសល្យ​លំដាប់​ពិភពលោក Cambodia''s got talent រដូវកាល​ទី ២ លោក សុខ ច័ន្ទដារ័ត្ន ដែល​បាន​ធ្វើឲ្យ​ទស្សនិកជន​ស្ងើច​សរសើរ​ពី​សមត្ថភាព​លេង​ឧបករណ៍​តន្ត្រីបុរាណ​លាយ​សម័យ​រំលេច​ជា​សូរសៀង​ស្រាល​ស្រទន់​ពីរោះ​រណ្តំ​ចិត្ត នៅតែ​បន្ត​ក្ដី​សុបិន​លើក​កម្ពស់​សិល្បៈ​ភ្លេង​បុរាណ​ខ្មែរ បើ​ទោះ​ជា​រូបលោក​មាន​ជំនាញ​ផ្នែក​គិលានុបដ្ឋាក​ក្ដី​។

អតីត​បេក្ខជន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​វ័យ ២៤ ​ឆ្នាំ​រូប​នេះ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ពេល​បាន​ប្រឡង​កម្មវិធី Cambodia''s Got Talent មាន​បងប្អូន​ខ្មែរ​ជាច្រើន​គាំទ្រ​ខ្ញុំ ពិសេស​អ្នក​ភូមិ​ខ្ញុំ​ពួកគាត់​មក​ផ្ទះ​ខ្ញុំ​ច្រើន​ហើយ​សរសើរ​ថា​ល្អ គាត់​ចូលចិត្ត​ណាស់ ពួកគាត់​ចង់ ឃើញ​ខ្ញុំ​ធ្វើ​វា​បន្ត​ទៀត​»​។

ទោះ​ជា​មិន​ទទួល​ជយលាភី តែ​លោក សុខ ច័ន្ទដារ័ត្ន ដែល​កំពុង​បម្រើការ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​បន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅ​សាលា​បច្ចេកទេស​ថែទាំ​វេជ្ជសាស្ត្រ​មក​ក៏​នៅ​តែ​បន្ត​ដុះខាត់​ទេពកោសល្យ​សិល្បៈ​ចម្រុះ​សម័យកាល តាមរយៈ​ការចូល​ប្រឡូក​ក្នុង​វង់ភ្លេង​តន្ត្រីបុរាណ​មួយក្រុម និង​ជា​គ្រូបង្ហាត់​ភ្លេងសម័យ​នៅ​សាលា​តូរ្យតន្ត្រី KMUSIC ផងដែរ​។

តន្ត្រីករ​វ័យក្មេង​រូបនេះ​អាច​ប្រើប្រាស់​ឧបករណ៍​ភ្លេង​បុរាណ​បាន​ច្រើន​ប្រភេទ​ដូចជា ទ្រខ្សែ​ ៣ ទ្រសោ ទ្រអ៊ូ សាដៀវ ចាប៉ីដងវែង ស្គរ តាខេ និង​រនាត​។ រីឯ​ឧបករណ៍​ភ្លេង​សម័យ​លោក សុខ ច័ន្ទដារ័ត្ន ចេះ​លេង​ហ្គីតា និង​ព្យ៉ាណូ​។

ក្នុង​ចំណោម​ឧបករណ៍​ទាំងអស់​លោក​ស្រឡាញ់​ពេញចិត្ត​ជាង​គេ​គឺ ទ្រ​ខ្សែ ៣ ដោយសារ​លោក​មាន​អារម្មណ៍​ថា វា​ស៊ីចង្វាក់​ជាមួយ​រូប​លោក​ខ្លាំង ហើយ​វា​ក៏​ជា​ឧបករណ៍​ដែល​លោក​រៀន​លេង​ដំបូង​ដែរ​។

តន្ត្រីករ​វ័យ ២៤ ឆ្នាំ​រូបនេះ​ក៏​ចេះ​ប្រគំ​ភ្លេង​សម័យ​មាន​ហ្គីតា និង​ព្យ៉ាណូ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

លោក សុខ ច័ន្ទដារ័ត្ន បាន​រំឭក​ថា​មុន​នឹង​ឈាន​ដល់​ការចេះ​ប្រើ​ឧបករណ៍​តន្ត្រីបុរាណ​នេះ​ស្ថិត​ក្នុង​វ័យ​កុមារ​អាយុ ៩ ឆ្នាំ​លោក​បាន​ឃើញ​លោកតា​របស់​លោក​លេង​ទ្រ​សាដៀវ និង​ចាប៉ី ហើយ​ក៏​ផ្ដើម​មាន​កំណួច​ចិត្ត​លើ​តន្ត្រី​បុរាណ​។ ដោយ​សង្កេត​ឃើញ​ចំណាប់អារម្មណ៍​នេះ​មាន​ថ្ងៃ​មួយ តា​របស់​លោក​ស្រាប់តែ​សួរថា «​តើ​ចៅ​ចង់​រៀន​លេង​តន្ត្រី​បុរាណ​ឬទេ​?» កុមារា ច័ន្ទដារ័ត្ន បាន​ឆ្លើយតប​ថា «​ចង់​» ហើយ​លោក​ក៏​ចាប់ផ្តើម​រៀន​តន្ត្រី​បុរាណ​នេះ​តាំង​ពេល​នោះ​ត​រហូត​មក​។

តន្ត្រីករ​ដែល​ជា​កូន​ទី​ ៣ ក្នុង​ចំណោម​បងប្អូន​ ៤ ​នាក់​នៃ​គ្រួសារ​កសិករ​មាន​ជីវភាព​ធូរធារ​នៅ​ខេត្ត​តាកែវ​រូប​នេះ​បាន​រំឭក​ពី​វេលា​រៀន​លេង​ឧបករណ៍​តន្ត្រី​ដំបូង​ថា​៖ «​ការរៀន​ភ្លេង​ខ្មែរ​ឧបសគ្គ​គឺ​ក្នុង​ការលេងភ្លេង​គឺ​ខ្ញុំ​ក្មេង​ជាង​គេ​អាយុ​ទើបតែ ៩ ​ឆ្នាំ ហើយ​អ្នក​ផ្សេង​ទៀត​អាយុ ១៣-១៤ ឆ្នាំ​ហើយ​មួយទៀត​ការរៀន​ភ្លេង​គឺ​រៀន​ពេល​ល្ងាច អ៊ីចឹង​ពេល​ហ្នឹង​ខ្ញុំ​រៀន​នៅ​បឋម​គឺ​ពិបាក​មែនទែន​។ បើ​សិន​រៀន​ព្រឹក​ទើប​ខ្ញុំ​អាច​ទៅ​រៀន​ភ្លេង​ពេល​ថ្ងៃ​បាន ហើយ​បើ​នៅ​សាលា​ប្តូរ​វេន​រៀន​ល្ងាច​គឺ​អត់​បាន​រៀន​តែម្តង​។ អ៊ីចឹង​គឺ​ទុក​ភ្លេងខ្មែរ​ចោល ហើយ​ចំណេះដឹង​ភ្លេង​ក៏​តិច​ជាង​គេ​ដែរ តែ​ដោយសារ​ចិត្ត​ស្រឡាញ់​ក៏​នៅ​តែ​បន្ត​រៀន​»​។

ទឹកចិត្ត​ស្រឡាញ់ និង​ការតស៊ូ​រៀន​ភ្លេង​ខ្មែរ​ជាច្រើន​ឆ្នាំ​នេះ​ហើយ​ដែល​ធ្វើឲ្យ​លោក សុខ ច័ន្ទដារ័ត្ន នាំ​យក​តន្ត្រីបុរាណ​មក​បង្ហាញ​រួម​គ្នា​ជាមួយ​តន្ត្រីសម័យ​លើ​ឆាក​ប្រកួត​ទេពកោសល្យ​លំដាប់​ពិភពលោក​នាពេល​កន្លង​មក​។

តន្ត្រីករ​វ័យក្មេង​រូប​នេះ​បាន​និយាយ​ថា​៖ «​ហេតុផល​ដែល​ខ្ញុំ​យក​ទៅ​បង្ហាញ​ពីព្រោះ​ឧបករណ៍​ភ្លេង​ហ្នឹង​មាន​ទ្រ​ខ្សែ​ ៣ មាន​សាដៀវ ចាប៉ី​ដងវែង​អីហ្នឹង​សុទ្ធ​តែ​ជា​ឧបករណ៍​ដែល​កម្រ​នឹង​មាន​អ្នកចេះ ហើយ​ម្យ៉ាងទៀត​ពេល​ដែល​ខ្ញុំ​ចេះ​ហើយ ខ្ញុំ​អត់​អាច​ទុក​ចោល​ទេ​។ ខ្ញុំ​ត្រូវ​តែ​បង្ហាញ​ឲ្យ​គេ​ឃើញ ព្រោះ​ជា​សម្បត្តិ​វប្បធម៌​ជាតិ​ចង់​ឲ្យ​គេ​បាន​ឃើញ និង​បាន​ស្គាល់​ឧបករណ៍​បុរាណ​ខ្មែរ​យើង​»​។

នៅ​ថ្ងៃ​អនាគត​តន្ត្រីករ​ទ្វេ​សម័យកាល សុខ ច័ន្ទដារ័ត្ន មាន​បំណង​ចង់​បង្ហាត់បង្រៀន​នូវ​ឧបករណ៍​ភ្លេង​បុរាណ​ទាំងអស់​នេះ​ទៅ​ដល់​ក្មេងៗ​ជំនាន់ ដោយ​លោក​ទទូច​ថា​៖ «​នេះ​ជា​ឧបករណ៍​ភ្លេងបុរាណ​ជាតិ សិល្បៈជាតិ​ដែល​កូន​ខ្មែរ​ត្រូវ​តែ​ផ្សព្វផ្សាយ​នឹង​បង្ហាញ​ឲ្យ​ប្រជាជន​ខ្មែរ​បាន​ស្គាល់​»៕