ភ្នំពេញៈ បង្ក​ការភ្ញាក់ផ្អើល​ខ្លាំង​ទាំង​មហាជន និង​សង្គម​អ្នកសិល្បៈ ខណៈ​ថ្មីៗ​នេះ ក៏​ស្រាប់​លេច​វត្តមាន​តារា​ចម្រៀង​ប្រុស​ល្បី​ប្រចាំ​ផលិតកម្ម​ព្រះវិហារ នា​អំឡុង​ឆ្នាំ ២០០០-២០០១ ម្ចាស់​បទ «សុំ​មេមាន់​មួយ» និង​បទ​ចម្រៀង​ក្នុង​កុន​ចិន​តៃវ៉ាន់​រឿង «ស្នេហា F4» លោក​ចាន់ សម័យ ស្រាប់​តែ​មាន​ជីវភាព​យ៉ាប់​យ៉ឺន​ខ្លាំង​សឹង​តែ​មិន​គួរ​ឲ្យ​ជឿ ដើរ​ស្ទូច​ត្រី​តាម​មាត់​ទន្លេ​ម្តុំ​ព្រែក​លៀប ដើម្បី​យក​ត្រី​ធ្វើ​ម្ហូប​ចិញ្ចឹម​ជីវិត​កូនៗ និង​ក្រុម​គ្រួសារ សំងំ​លាក់​ខ្លួន​រស់​នៅ​ផ្ទះ​ជួល​ជិត ១០ ឆ្នាំ​មក​ហើយ។

បើតាម​ប្រជាប្រិយភាព​មានឈ្មោះ​ល្បី​កាលពី​ជាង ១០ ឆ្នាំ មុន​នោះ សម​ណាស់​តែ​លោក​មាន​ជីវភាព​ធូរធារ និង​ហ៊ឺហា​ដូច​អ្នក​សិល្បៈ​ស្របាលៗ​គ្នា ខណៈ​បងប្អូន​ភាគ​ច្រើន​នឹក​គិត​ថា​គាត់​អាច​ទៅ​រស់​នៅ​ក្រៅ​ប្រទេស​ទៀត​ដោយសារ គាត់​មាន​ភាព​ល្បី​ខ្លាំង​នៅ​ឯ​ក្រៅ​ស្រុក​ដែរ។

ប៉ុន្តែ​ពេល​ឃើញ​ពី​ស្ថានភាព​ជាក់ស្តែង​ពេលនេះ លោក​មាន​ពណ៌​សម្បុរ និង​មុខមាត់​ខ្មៅ​អែរ ហើយ​មាន​ជីវភាព​រស់​នៅ​ក៏​លំបាក​ខ្លាំង​នា​បច្ចុប្បន្ន​គឺ​ជួល​ផ្ទះ​គេ សំងំ​រស់​រួម​សុខ​រួមទុក្ខ ជាមួយ​នឹង​ប្រពន្ធ និង​កូន​ទាំង ៥ នាក់ ក្នុង​សភាព​ខ្វះខាត​បែប​លាក់​បាំង​ប្រវត្តិ​ទៀត​ផង។

កាលពី​ម្សិលមិញ​គ្រាន់តែ​បាន​ដឹងឮ​ពី​លំនៅឋាន​លោក​ភ្លាម​មក តារាចម្រៀង​ស្រី ដែលមាន​ឈ្មោះ​ល្បី​ក្នុង​សិល្បៈ​ចម្រៀង​ប្រហាក់​ប្រហែល​នឹង​លោក ចាន់ សម័យ ដែរ​គឺ​អ្នក​នាង​ស៊ិន ឧត្តមផល្លា បាន​នាំ​យក​នូវ​គ្រឿង ឧបភោគ​បរិភោគ និង​ថវិកា​ខ្លះ ដែល​កើត​ចេញ​ពី​សន្តាន​ទឹកចិត្ត អាណិត​អាសូរ​ទៅ​ជូន​ដល់​គ្រួសារ​លោក ក្រោយ​ពី​មិត្តភក្តិ​តារា​ចម្រៀង​ប្រុស​រូប​នេះ​លួច​ថតរូប​នៃ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ បង្ហោះ​នៅ​តាម​បណ្តាញ​សង្គម​មក​នោះ។

ក្រោយពី​នាំយក​អំណោយ ផ្ទាល់ខ្លួន​ទៅជូន​គ្រួសារ​លោក ចាន់ សម័យ រួចមក​នោះ​អ្នកនាង ស៊ិន ឧត្តម​ផល្លា ក៏​បង្ហើប​ប្រាប់​ពី​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​គាត់​ឲ្យ​ដឹង​ដែរ​ថា៖ «គាត់​រស់​នៅ​បន្ទប់​ជួល​តម្លៃ ៨០ ដុល្លារ ក្នុង ១ ខែ ដោយ​នៅ​តែ​ច្រៀង​តាម​កម្មវិធី​អាហ្វ៊ែរ​ខ្លះៗ ហើយ​ពេល​ទំនេរ​ក៏​ឆ្លៀត​ទៅ​ស្ទូច​ត្រី​ដើម្បី​យក​ធ្វើ​ម្ហូបអាហារ​ចិញ្ចឹម​កូន ខណៈ​ប្រពន្ធ​គាត់​មិន​មាន​មុខរបរ​អ្វី​ទេ​គឺ​នៅ​មើល​កូន»។

តែ​តារាចម្រៀង​ប្រុស​ថ្គាមខ្លា​សំឡេង​ធ្ងន់ បកស្រាយ​បទ​ចម្រៀង​យ៉ាង​ពីរោះ​រណ្តំ​នូវ​បទ​ចង្វាក់​កន្ទ្រឹម និង​បទ​មរតក​ដើម ដែល​បច្ចុប្បន្ន​មាន​វ័យ ៤០ ឆ្នាំ និង​កំពុង​តែ​មាន​ជំងឺ​ប្រចាំ​កាយ​របេង​ឆ្អឹង​រូប​នេះ នៅ​តែ​ខំ​ប្រឹង​ប្រើ​សំនៀង​ជា​ដើម​ទុន​ដើម្បី​បន្ត​ការ​ចិញ្ចឹម​ជីវិត​ខ្លួន ប្រពន្ធ និង​កូន​សម្លាញ់​ទាំង ៥ (កូន​ភ្លោះ ២ ដង​គឺ ស្រី ៣ ដែល​កូន​ភ្លោះ​ស្រី​វ័យ ១៥ ឆ្នាំ និង​កូន​ប្រុស​ភ្លោះ​ច្បង​វ័យ ១៧ ឆ្នាំ)។

លោក ចាន់ សម័យ មិន​បាន​រៀប​រាប់​រំឭក​ពី​មូលហេតុ ដែល​នាំ​ឲ្យ​ធ្លាក់​ខ្លួន​មាន​ជីវភាព​លំបាក​បែប​នេះ​ឡើយ ដោយសារ​មាន​អារម្មណ៍​អួល​ដើម​ក​និយាយ​មិន​ចេញ និង​មាន​រឿងរ៉ាវ​វែង​ឆ្ងាយ​នោះ​ទេ​គ្រាន់​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ខ្លះៗ​ពី​មូលហេតុ​សំងំ​រស់​នៅ​ទាំង​លំបាក​ថា៖ «ដោយសារ​ខ្ញុំ​មិន​ចង់​ឮ​ពាក្យ​ថា អ្នក​សិល្បៈ​ពេល​ជួប​ទុក្ខ​លំបាក​ខិតខំ​បង្ហាញ​ប្រាប់​គេ តែ​ពេល​ធូរធារ​ហ៊ឺហា​សំងំ​ស្ងាត់។ តែ​ពេល​នេះ ខ្ញុំ​ក៏​សប្បាយ​ចិត្ត និង​មិន​នឹក​ស្មាន​ដែរ​ថា ពេល​ខ្ញុំ​មាន​ស្ថានភាព​បែប​នេះ​ហើយ មាន​មនុស្ស​ជាច្រើន​នៅ​ស្រឡាញ់​រាប់​អាន​ខ្ញុំ»៕