ក្រុង​សៀមរាប៖ ​ខណៈ​នៅ​ក្នុង​​ឱកាស​​​ប្រារព្ធ​​ពិធី​​មង្គល​​ការ​ គេ​រមែង​ឃើញ​មាន​ការ​ជូន​នូវ​កាដូ​កំដរ​ដៃ​​​ភ្ញៀវ​ចូល​រួម​​មាន​លក្ខណៈ​ប្លែក​គ្នា​​ទៅ​តាម​ការ​ពេញ​និយម​តាម​តំបន់​​ ហើយ​​កាន់​​ប្លែក​អារម្មណ៍​​ និង​មាន​ការ​លើក​​ស្ទួយ​​នូវ​តម្លៃ​វប្បធម៌​ជាតិ​​ ជាមួយ​នឹង​​​​សិប្បកម្ម​​ច្នៃប្រឌិត​បែប​​សិល្បៈ​វប្បធម៌​ ដែល​​បងប្អូន​ខ្មែរ​​ក្នុង​​​តំបន់​នោះ​​ហៅ​ថា «​​​ឈ្នាង​មង្គល​» កំពុង​តែ​លេច​ចេញ​​នូវ​វត្តមាន នៅ​​​​ក្នុង​ពិធី​​មង្គលការ​​នានា​ក្នុង​​ប្រទេស​ ដែល​ជំនួយ​នូវ​​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​គួរ​ឲ្យ​កត់​សម្គាល់​។

លោក​តា ណាន់ វ័យ ៧០ ឆ្នាំ​ ដែល​​​​​ពិការ​ជើង​​ និង​យាយ ​សាំ​ វ័យ​​​ជាង​ ៦០ ​ឆ្នាំ​ នៅ​តែ​បន្ត​​របរ​ធ្វើ​ឈ្នាង​តូចៗ​ពី​ឫស្សី ដើម្បី​លក់​​បាន​​ប្រាក់​កម្រៃ​បន្ថែម​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​ តាំង​ពី​​ដើម​​​រហូត​​ដល់​ពេល​បច្ចុប្បន្ន​ គួប​​ផ្សំ​នឹង​សេចក្តី​ស្រឡាញ់​ ដោយសារ​នេះ​គឺ​​ជា​វត្ថុ​សិល្បៈ​រក្សា​មរតក​វប្បធម៌​ជាតិ​ខ្មែរ​។​

អ្នកស្រី រឿម ភារ៉ា ដែល​ជា​ក្មួយ​​​ស្រី​តា​​យាយ​ទាំង ​២​ ខាង​លើ​​ និង​ជា​​អ្នក​ទទួល​​យក​​របស់​របរ​​​សិប្បកម្ម​​ឈ្នាង​ទាំង​​​នោះ​​លក់​​បន្ត​ បាន​ប្រាប់​​​ឲ្យ​ដឹង​ថា៖ «​​តាម​​ពិត​ការ​ធ្វើ​ឈ្នាង​តូចៗ​ជា​វត្ថុ​អនុស្សាវរីយ៍​​​នេះ​​ ជា​របរ​មួយ​មាន​​លក្ខណៈ​បន្ទាប់​​បន្សំ​ សម្រាប់​រក​ប្រាក់​កម្រៃ​ទ្រទ្រង់​ជីវភាព​មាន​តាំង​​ពី​ដូន​តា​មក​ មាន​​​នៅ​ក្នុង​ភូមិ​ព្រៃ​ចាស់ ឃុំ​ទឹក​វិល ក្រុង និង​ខេត្ត​សៀមរាប​​​ ខណៈ​​លោក​តា ណាន់ និង​យាយ ​សាំ គាត់​ទាំង​ ២​ ក៏​​បាន​​ប្រកប​របរ​នេះ​តាំង​​ពី​គាត់​នៅ​ក្មេង​មក​ រួម​​មាន​ទាំង​​ម្តាយ​របស់​នាង​ខ្ញុំ​ក៏​ប្រកប​​​ដែរ»​។​

លោក​តា ណាន់់ ពេលធ្វើឈ្នាងឫស្សីតូចៗ។ រូបថត ហ្វេសប៊ុក​

សម្រាប់​លោក​តា ​ណាន់ និង​យាយ ​សាំ ក្នុង ​១ ​ថ្ងៃ​គាត់​អាច​ផលិត​​ឈ្នាង​តូចៗ​បាន​​​ចំនួន​ ៥០ ​ឈ្នាង​តែ​ប៉ុណ្ណោះ​ ដោយសារ​​គាត់​ទាំង​ ២​ មាន​​វ័យ​​ចាស់​ ខណៈ​ក្រុម​សិប្បករ​​​​នៅ​ក្នុង​ភូមិ​ ដែល​​​​មាន​​វ័យ​ក្មេងៗ​នោះ​​អាច​​​ផលិត​​​បាន​​ចន្លោះ​ពី​​ ៧០ ឬ​ ៨០ ឈ្នាង​ នៅ​ក្នុង ​១ ​ថ្ងៃ។ ចំពោះ ​«ឈ្នាង​​មង្គល» តូចៗ​បំផុត​​​​​នោះ សម្រាប់​តម្លៃ​លក់​ចេញ​​ពី​​កន្លែង​​អ្នកស្រី រឿម ភារ៉ា ឈ្នាង ១ តម្លៃ ៣០០ រៀល ហើយ​បើ​ជា «ឈ្នាង​មង្គល​»​ ធំ​​វិញ​នោះ ​​​មាន​​តម្លៃ​ ​១ ចន្លោះ​ពី ​៤ ០០០ រៀល ទៅ​ដល់​​តម្លៃ​ ៨ ០០០ រៀល​។​​

អ្នកស្រី រឿម ភារ៉ា បាន​បន្ត​ថា៖ «ព្រោះ​តែ​ក្តី​ស្រឡាញ់​បូក​​ផ្សំ​​នឹង​ការ​ប្រកប​​​ជា​របរ​បន្ទាប់​បន្សំ​ ​ដើម្បី​ជួយ​​រក​ប្រាក់​កម្រៃ​បន្ថែម​​​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​​ត​​ពី​ដូន​​តា​​មក​​នោះ ទើប​ជំរុញ​ឲ្យ​​អ្នក​ភូមិ​ព្រៃ​ចាស់ ឃុំ​ទឹក​វិល​ ​​ក្រុង​សៀមរាប ខេត្ត​​សៀមរាប​ នៅ​តែ​​បន្ត​ធ្វើ​ឈ្នាង​​តូចៗ​ ដែល​​មាន​លក្ខណៈ​​​ជួយ​​ថែរក្សា​​តម្លៃ​វប្ប​ធម៌ជាតិ​ខ្មែរ ព្រោះ​វា​ជា​​អត្តសញ្ញាណ​នៃ​​​​សិល្បៈ​​សិប្ប​កម្ម បន្ត​រហូត​មក​ បើ​​ទោះ​​បី​ជា​មិន​​អាច​រក​​​ប្រាក់​​កម្រៃ​​​​សមរម្យ​អាច​ចិញ្ចឹម​ជីវិត​គ្រួសារ​បាន​​​ល្អ​យ៉ាង​​​ណា​ក្តី​»។​​​

វត្តមាន​ «ឈ្នាង​​មង្គល» នេះ សម្រាប់​ការ​គាំទ្រ​វិញ​​នៅ​តំបន់​ខេត្ត​សៀមរាប ហាក់​ដូចជា​មិន​សូវ​ទទួល​បាន​ការ​ពេញ​និយម​ឡើយ​ គឺ​មាន​សម្បូរ​នៅ​តំបន់​ក្រៅ​ខេត្ត​សៀមរាប និង​នៅ​ទីក្រុង​ភ្នំពេញ​តែ​ប៉ុណ្ណោះ។

អ្នកស្រី ​ភារ៉ា បាន​បន្ថែម​ទៀត​​ថា៖ «​គ្រាន់​តែ​​ជា​ការ​ប្រកប​បែប​ជា​​​របរ​​បន្ទាប់​​បន្សំ​​​ប៉ុណ្ណោះ​​ ដោយសារ​​បងប្អូន​អ្នក​ភូមិ​យើង​គាត់​​ធ្វើ​​​ឈ្នាង​ទាំង​នេះ​ តៗ​គ្នា​តាំង​ពី​ដូន​តា​មក​ ក្រៅ​ពី​មុខ​របរ​ប្រចាំ​ថ្ងៃ​ពួក​គាត់​ជា​កសិករ ឬ​របរ​​​ផ្សេងៗ​នោះ​។

ការ​ធ្វើ​ឈ្នាង​តូចៗ​ទាំង​នេះ បើ​លក់​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ ​គឺ​ពិត​ជា​មិន​អាច​ជួយ​ចិញ្ចឹម​បាន​ឡើយ ​ដោយសារ​តម្លៃ​នៅ​ទាប​​ និង​​ការ​​គាំទ្រ គឺ​នៅ​មិន​ទាន់​​​ពេញ​និយម​ខ្លាំង​។ ហើយ​សម្រាប់ ​«ឈ្នាង​មង្គល​» នេះ​ ប្រសិន​បើ​នៅ​ក្នុង​តំបន់​នាង​ខ្ញុំ​វិញ​​ បងប្អូន​យើង​គាត់​ឧស្សាហ៍​ឃើញ​​មាន​​នៅ​​ក្នុង​ភូមិ​រាល់​ថ្ងៃ ហាក់​ដូចជា​​មិន​សូវ​ជា​មាន​ការ​ពេញ​និយម​ឡើយ​​។​ សព្វ​ថ្ងៃ​ ការ​កុម្ម៉ង់​​ទិញ​ច្រើន​​តែ​​មាន​មក​ពី​​ក្រៅ​តំបន់​ដូចជា​​​ខេត្ត​​ផ្សេងៗ​​ពី​សៀមរាប និង​​នៅ​ទីក្រុង​ភ្នំពេញ​ ដែល​គេ​និយម​​គាំទ្រ​ផលិតផល ​«ឈ្នាង​មង្គល​»​​។ ​

ប្រសិន​បើ​លោក​​មាន​បំណង​ចង់​បាន​​នូវ​វត្ថុ​អនុស្សាវរីយ៍​ឃ្យូតៗ គឺ​ជា​ «ឈ្នាង​មង្គល» សម្រាប់​ធ្វើ​ជា​កាដូ​ជូន​ដល់​​ភ្ញៀវ​ ​នា​ថ្ងៃ​រៀប​មង្គល​ការ​នោះ អាច​សួរ​រក​ជាវ​បាន​តាមរយៈ​អ្នកស្រី​ រឿម ភារ៉ា ដែល​មាន​លេខ​ទូរស័ព្ទ 088 7511 046/ 096 380 1846៕