ភ្នំពេញ៖ ខណៈ​ឥទ្ធិពល​​​រីក​រាល​​ដាល​​ជំងឺ​ឆ្លង​ថ្មី​កូវីដ ១៩ ​កំពុង​​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ​​​ពលរដ្ឋ​នៅ​ក្នុង​​​​​​ប្រទេស ​កម្ពុជា​ ព្រោះ​តែ​មិន​​អាច​​ចេញ​​ក្រៅ​ប្រកប​ការងារ​​ដូច​ប្រក្រតី​​នោះ ​គេ​ឃើញ​តារា​កំប្លែង​ និង​ចម្រៀង​អាយ៉ៃ​​​​អ្នកស្រី នួន សារី ហៅ​យាយ យ៉យ ឆ្លៀត​ប្រកប​​របរ​ប្រឡាក់​ងៀត​​​សាច់​គោ-ក្របី​លក់​តាម​អនឡាញ​​ ដើម្បី​រក​ប្រាក់​បន្ថែម​ជួយ​ទប់ទល់​ដល់​ជីវភាព​​​គ្រួសារ​។​​

តារា​កំប្លែង​ស្រី​ពូកែ​សម្តី​ ចាក់​ទឹក​មិន​លិច​​ក្នុង​ក្រុម​កំប្លែង​នាយ​ក្រឹម​ និង​ជា​​ដៃគូ​ចម្រៀង​ប្រពៃណី​អាយ៉ៃ​ឆ្លើយឆ្លង​ជិត​​​ ៣០ ឆ្នាំ ជាមួយ​​លោក ព្រហ្ម ម៉ាញ អ្នក​ស្រី នួន សារី ហៅ​យាយ យ៉យ បង្ហើប​ប្រាប់​ពី​ហេតុ​ផល​នៃ​ការ​ប្រកប​របរ​ធ្វើ​ងៀត​គោ និង​​ក្របី​​​​ លក់​​តាម​​អនឡាញ​​​​នេះ​ថា៖ «​​ដោយសារ​​ការងារ​សិល្បៈ​​​ ក្នុង​កាលៈទេសៈ​​នេះ​​​ពិបាក​ ហើយ​នៅ​ផ្ទះ​ទំនេរ មិន​ដឹង​​ធ្វើ​អ្វី​នោះ​ ក៏​​នឹក​ឃើញ​​​ប្រឡាក់​សាច់​​គោ​​លក់​តាម​អនឡាញ​ ក្រោយ​ពី​​​សាកល្បង​​ប្រឡាក់​ឲ្យ​បងប្អូន​​​​សាច់​ញាតិ​​ និង​​អ្នក​ស្គាល់​ពិសា​រួច​ គេ​ក៏​សរសើរ​ថា​ឆ្ងាញ់​នោះ​​។ ​រហូត​មក​ដល់​ពេល​នេះ-​ ជិត ​២​ ខែ​ហើយ សម្រាប់​ការ​បើក​​​របរ​ប្រឡាក់​​សាច់​គោ​ និង​ក្របី​លក់​»។​

តារា​កំប្លែង និង​ចម្រៀង​អាយ៉ៃ​ជើង​ចាស់​យាយ យ៉យ បាន​បន្ត​ឲ្យ​ដឹង​ពី​បរិមាណ​​នៃ​ការ​លក់​សាច់​ងៀត​គោ​ និង​​ក្របី​ ជា​ស្នាដៃ​​ប្រឡាក់​​ដោយ​​​រូបមន្ត​​ខ្លួន​​ផ្ទាល់ ដែល​អាច​រក​បាន​ប្រាក់​ទប់ទល់​ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ​ក្នុង​គ្រួសារ​ ក្នុង​គ្រា​ដែល​មាន​វិបត្តិ​សេដ្ឋកិច្ច​​​គ្រួសារ ​​​​​​ដោយ​​​កូវីដ ១៩ ប្រហារ​ទីផ្សារ​​សិល្បៈ​នោះ​​ថា៖ «​នា​រយៈពេល​​ជិត​ ២ ​ខែ ដែល​មីង​បាន​លក់​មក​នេះ លក់​តិច​​បំផុត​អាច​បាន​​​ចន្លោះ​​ពី​ចំនួន​ ​៧​-១០ គីឡូក្រាម​​ ហើយ​​ច្រើន​​អាច​លក់​បាន​​ ​២០ គីឡូ​ក្រាម​ ក្នុង​ ​១ ថ្ងៃ​ នៅ​​ពេល​មាន​ការ​ផ្សាយ​ផ្ទាល់​​​តាម​​ហ្វេសប៊ុក​​នោះ​»។

យ៉ាងណា​តម្លៃ​ងៀត​គោ និង​ក្របី ដែល​​តារា​កំប្លែង និង​ចម្រៀង​អាយ៉ៃ​ជើង​ចាស់​ស្រី​រូប​នេះ​​​ បាន​លក់​នោះ​គឺ​ ១ គីឡូ ១២ ម៉ឺន​រៀល​​ បើ​ប្រៀប​ធៀប​​នឹង​តម្លៃ​​​លើ​ទីផ្សារ​នានា​វិញ ហាក់​ដូចជា​​ថ្លៃ​ជាង​គេ​បន្តិច​ តែ​អ្នកស្រី នួន សារី​ ក៏​បញ្ជាក់​រៀប​រាប់​លម្អិត​​ថា៖ «វា​ថ្លៃ​​បន្តិច​មែន! តែ​មីង​ជ្រើស​យក​​សុទ្ធ​តែ​សាច់​ល្អៗ​​ពី​ខេត្ត​តាកែវ ​មក​​ប្រឡាក់​​​​​ ហើយ​​សាច់​ស្រស់​នោះ​ ក៏​ថ្លៃ​រួច​ទៅ​ហើយ​​ដែរ​​។ ម្យ៉ាង​ទៀត មីង​ក៏​បាន​ជួល​កន្លែង​គេ​ ដើម្បី​យក​ទីតាំង​​​ប្រឡាក់​ និង​ហាល​ដែរ ជា​ពិសេស​​យើង​​ក៏​មិន​គិត​ថ្លៃ​សេវា​ដឹក​ជញ្ជូន​ទៀត​ផង​»។​

មើល​ទៅ​​របរ​ប្រឡាក់​ងៀត​គោ និង​ក្របី ​របស់​តារា​កំប្លែង​ស្រី​ល្បី​ឈ្មោះ យាយ យ៉យ ជា​ដៃ​គូ​ចម្រៀង​អាយ៉ៃ​ដ៏​​ស័ក្តិសម​បំផុត​​ជាមួយ​លោក ព្រហ្ម ម៉ាញ ហាក់​មិន​ចង់​បោះបង់​ចោល​​ឡើយ​​ទៅ​ថ្ងៃ​មុខ ទោះបី​ជា​ស្ថានភាព​​ជំងឺ​កូវីដ ១៩ បាន​ប្រែប្រួល​ប្រសើរ​ឆាប់ៗ ឬ​មិន​ទាន់​មាន​ពេល​កំណត់​​យ៉ាងណា​នោះ ក៏​អ្នកស្រី​នឹង​ចាប់​យក​​អាជីវកម្ម​ក្រៅ​សិល្បៈ​នេះ​ដដែល ហើយ​ចង់​ពង្រីក​ឲ្យ​ធំ​ទៀត​ផង​។​

យាយ យ៉យ ព្រលយ​ថា៖ «ប្រសិន​បើ​​ស្ថានភាព​​បង្ក​ដោយ​ជំងឺ​កូវីដ ១៩ ​នេះ វា​ឆាប់​វិល​មក​រក​ភាព​ប្រក្រតី​នោះ មីង ក៏​មិន​បញ្ឈប់​អាជីវកម្ម​លក់​ងៀត​គោ និង​ក្របី នេះ​ទេ​ គឺ​មីង​នឹង​បន្តវា​​រហូត ទោះបី​មីង​ប្រគល់​ការងារ​លក់ដូរ​ទៅ​កូន​ក្មួយ​ក្តី​ ក៏​មីង​បាន​បង្ហាត់​បង្រៀន និង​ប្រាប់​រូបមន្ត​ដល់​ពួក​គេ​បណ្តើរៗ​ហើយ​ដែរ​។ ហើយ​ក៏​មាន​បំណង​​ពង្រីក​ការ​លក់​នូវ​មុខ​ម្ហូប​ប្លែកៗ​ទៀត​​ដែរ​ ដូចជា​នៅ​ក្នុង​ពេល​នេះ​ បន្ថែម​​​ប្រហុក​​ចិញ្ច្រាំ និង​ប្រហុក​ខ្ទិះ​​ហើយ​​អនាគត​នៅ​ពេល​ដល់​រដូវ​ធ្លាក់​ភ្លៀង មីង​ក៏​ចង់​ធ្វើ​កង្កែប​បោក​​លក់​ដែរ»។​

សម្រាប់​ប្រិយ​មិត្ត ដែល​​ចាប់​អារម្មណ៍​ចង់​កុម្ម៉ង់​ទិញ​ងៀតគោ និង​​​ក្របី ជា​រូបមន្ត​ផ្សំ​គ្រឿង​ដោយ​យាយ យ៉យ ​នោះ​អាច​ទំនាក់​​ទំនង​តាម​ទូរស័ព្ទ ​012 914 704/​ 011 999 347៕​