ភ្នំពេញ៖ ក្រោយពីធ្លាយរឿងជំពាក់លុយគេ តារាចម្រៀងស្រីកញ្ញា តន់ ច័ន្ទសីម៉ា ប្រចាំនៅផលិតកម្មកាឡាក់ស៊ី ណាវ៉ាត់ត្រា សាមីខ្លួនក៏ចេញបកស្រាយភ្លាមដែរទៅនឹងការបរិហារកេរ្តិ៍ពីអ្នកលក់ផលិតផលថែរក្សាសម្រស់មានឈ្មោះ អ្នកនាង ម៉ូលីកា នោះ។
តារាចម្រៀងស្រី តន់ ច័ន្ទសីម៉ា ដែលមានភាពល្បីល្បាញបន្ទាប់ពីសម្រេចចិត្តជ្រកនៅទ្រនំផលិតកម្មកាឡាក់ស៊ីណាវ៉ាត់ត្រា ក្រោយពីខំសាងកេរ្តិ៍ឈ្មោះជាតារាចម្រៀងឯករាជ្យប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ចំពោះរឿងជំពាក់លុយ គឺវាបានចប់ហើយ ដោយខ្ញុំ និងគាត់ (អ្នកនាង ម៉ូលីកា) បានសម្រួលគ្នារួចហើយដែរ គ្រាន់តែជាការយល់ច្រឡំលើគ្នាតិចតួច ខ្ញុំសុំបញ្ចប់ត្រឹមតែប៉ុណ្ណឹង ហើយគាត់ក៏បានលុបអ្វី ដែលគាត់បានបង្ហោះនោះចេញដែរ ខ្ញុំនិងគាត់ក៏មិនមានបញ្ហាអ្វីនឹងគ្នាទៀតដែរ»។
តារាចម្រៀងស្រីកំពុងឡើងកូដខ្លាំងតាំងពីចុងឆ្នាំ ២០១៩ រូបនេះក៏បន្តទៀតថា៖ «តាមពិតទៅខ្ញុំមិនបានខ្ចីលុយគេទៅធ្វើអីទេ ប៉ុន្តែមានបងប្រុសម្នាក់គាត់មានបញ្ហាត្រូវការលុយ គាត់ជាមនុស្សរាប់អានគ្នា ទើបខ្ញុំទៅខ្ចីលុយពីបង កា (ម៉ូលីកា) បន្តឲ្យគាត់ ដែលមកដល់ពេលនេះ បងប្រុសម្នាក់ហ្នឹងគាត់ ក៏មិនទាន់សងលុយខ្ញុំដូចគ្នា គឺថាភាគច្រើនខ្ញុំមានបញ្ហាដោយសារតែជួយគេ ប៉ុន្តែធ្វើម៉េចបើយើងឃើញជាមនុស្សលំបាកហើយ មិនជួយម៉េចកើត។ តែក៏ខុសមកពីខ្ញុំដែរ បានខកណាត់ជាមួយបងកាច្រើនដងដែរ ដោយសារខ្ញុំរវល់ទៅថៃបំពេញការងារ មិនបានប្រាប់គាត់ជាមុន ទើបកើតរឿងនេះឡើង»។
បន្ទាប់ពីម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ Molika Online Shop បង្ហោះសារទម្លាយរឿងអតីតបេក្ខភាពប្រឡងកម្មវិធី The Voice Cambodia រដូវកាលទី ២ រូបនេះ និងលេចវត្តមានតារាចម្រៀងស្រីនៅហង្សមាសកញ្ញា ឈិន ម៉ានិច្ច ជាម្ចាស់ពាន Cambodia Idol រដូវកាលទី ២ ចូលខមម៊ិនថា៖ «រកខ្ចីលុយខ្ញុំដែរតើបង តែខ្ញុំអត់ឲ្យ ព្រោះអត់សូវស្និទ្ធស្នាលផង!»។
កញ្ញា តន់ ច័ន្ទសីម៉ា ក៏បកស្រាយដែរថា៖ «ខ្ញុំក៏មិនស្មានដូចគ្នាថាបង ឈិន ម៉ានិច្ច គាត់ចូលខមម៊ិនបែបនេះ ព្រោះថាគាត់ក៏បានឲ្យខ្ញុំខ្ចីដែរ និយាយទៅលក្ខណៈថា មនុស្សស្គាល់គ្នានៅខាងក្រៅ ហើយគាត់ក៏និយាយជាមួយយើងដូចរាប់អានយើងដែរ ហើយបើតាមគិតមើលទៅដូចជាមិនបានខ្ចីអីទេ វាជាការបន្ទាន់ ពេលនឹងខ្ញុំគ្រាន់តែនិយាយទៅគាត់ថា បង! បងឯងមានលុយនៅក្នុង ABA អត់ បើមានវេរឲ្យខ្ញុំ ៥០ ដុល្លារ សិនមកបន្តិចទៀតខ្ញុំវេរឲ្យវិញ» ពាក្យទាំងអស់នឹងមានន័យថាខ្ចីដែរមែន?»។
កញ្ញាបន្ថែមថា៖ «ខ្ញុំនឹកហួសចិត្តដែរ ប៉ុន្តែតាមនឹងទៅអ្នកណាធ្វើអីដឹងខ្លួនឯងច្បាស់ហើយ ទោះបីខ្ញុំមិនបានតបតទៅយ៉ាងណាក៏មានអ្នកគាំទ្រខ្ញុំ គាត់នៅតែការពារខ្ញុំដែរ ជួបបញ្ហាលើកនេះ ក៏ធ្វើឲ្យខ្ញុំយល់កាន់តែច្បាស់ថា ឡើងកាន់តែខ្ពស់ កាន់តែមានអ្នកចង់ទាញទម្លាក់យើងច្រើន ហើយមនុស្សមួយចំនួនល្អនឹងយើងបានតែនៅមុខទេ ខាងក្រោយខ្នង មិនដឹងថាគេគិតបែបណាមកលើយើងឡើយ ហើយខ្ញុំក៏មិនគិតជួបរឿងប៉ុណ្ណឹង!»៕