ភ្នំពេញៈ ពេល​ថ្មីៗ​នេះ​ក៏​ស្រាប់តែ​បង្ក​ការ​ភ្ញាក់​យ៉ាងខ្លាំង​ទៅ​នឹង​ដំណឹង​ដ៏​អស្ចារ្យ​មួយ ដែល​វា​ក៏​ជា​មោទនភាព​សម្រាប់​ជាតិ​ខ្មែរ ខណៈ​ល្បី​ថា​តួ​សម្តែង​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​លោក អ៊ូ តារា ត្រូវ​បាន​ផលិតកម្ម​ធំ​របស់​ហូលីវូដ​ហៅ​ទៅ​ថត​កុន ហើយ​រឿង​នោះ​ក៏​ជិត​ចាក់​ផ្សាយ​ទៀត​ផង។

ជាមួយ​រូបភាព Poster ដែលមាន​រំលេច​រូប​តួ​សម្តែង​ឆ្នើម​ខ្មែរ​ខាង​ក្បាច់គុន​ល្បុក្កតោ គឺ​លោក អ៊ូ តារា ដែល​មហាជន​បាន​ស្គាល់​អំពី​ទេពកោសល្យ​លោក​រួច​ហើយ តាមរយៈ​ខ្សែ​ភាព​យន្ត បែប​វាយតប់​យ៉ាង​សាហាវ​មិន​សូវ​ចាញ់​កុន​ចិន​គឺ​រឿង «ការពារ​ជ​នឧក្រិដ្ឋ ឬ Jailbreak» ក៏​លេច​ចេញ​ជា​ព័ត៌មាន​តាមរយៈ​គេហទំព័រ​របស់ Legend Cinemas បង្ហោះ​សារ​ថា៖ «មាន​ប្រភព​ដំណឹង​មួយ​បាន​ឲ្យ​ដឹង​ថា តារា​សម្តែង​លោក អ៊ូ តារា ត្រូវ​បាន​ក្រុមហ៊ុន​រឿង​នៅ​ហូលីវូដ ទាក់​ទង​ក្នុងការ​សម្តែង​ជា​តួអង្គ​មួយ​ក្នុង​រឿង Jurassic Cambodia ដែល​ជា​វគ្គ ៣ ចេញ​នៅ​ឆ្នាំ ២០២១ ក្រោយ​ពី​រឿង Jurassic World វគ្គ​អាណាចក្រ​ដួលរលំ ដែល​រៀប​នឹង​ចាក់​បញ្ចាំង​នៅ​ខែ​មិថុនា​ខាង​មុខ​នេះ។ រីឯ​ទីតាំង​នៃ​ការ​ថត គឺមាន​ការ​កំណត់​គោលដៅ​នៅ​ខេត្ត​មណ្ឌលគិរី ឧទ្យាន​ជាតិ​គិរីរម្យ និង​ខេត្ត​កោះកុង​ផង​ដែរ។ ចាំ​មើល​ថា តើ​តួ​គាត់​ជា​តួ​សំខាន់​យ៉ាង​ណា​នៅ​វគ្គ​បន្ទាប់​នេះ?»។

ខុស​បំណង​ឲ្យ​ស្រឡះ​តែម្តង​ទៅនឹង​ដំណឹង​ខាងលើ​នោះ ដោយសារ​តែ​តារា​សម្តែង​ប្រុស​រូប​នេះ បាន​បក​ស្រាយ​ប្រាប់​វិញ​ថា៖ «អូ​!តាម​ពិត ខ្ញុំ​ជឿថា​ ខាង​បង​ប្រាកដ​ជា ចាញ់​បោក​គេ​នឹង​ព័ត៌មាន​មួយ​ដែល​គេ​ហៅ April Fools'' Day នោះ​ហើយ​មើល​ទៅ!​ព្រោះ​ថា​ នេះ​ជា​វប្បធម៌​របស់​បណ្តា​បស្ចិម​ប្រទេស និង​អាមេរិក ដែល​គេ​និយម​លេង​នៅ​ថ្ងៃ​ទី ១ ខែ មេសា ដើម្បី​ជាការ​កម្សាន្ត​លេង​ជាមួយ​នឹង​ព័ត៌មាន​បែប​មិន​ពិត ឬ​ជា​ការ​ពញ្ញាក់​អារម្មណ៍​បែប​ណា​មួយ​នោះ។ តាម​ពិត ខ្ញុំ​មិន​បាន​ថត​រឿង Jurassic Cambodia នោះ​ឡើយ»។

កាលដើមឡើយ​សូម្បីតែ​ខ្លួនឯង​ក៏មាន​ការងឿងឆ្ងល់​ដែរ​ចំពោះ​ការ​លើក​ឡើង​ថា៖ «កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ខ្ញុំ​ត្រូវបាន​ខាង​រោង​កុន សុំ​ការ​អនុញ្ញាត​សុំ​ប្រើប្រាស់​រូបថត​សម្រាប់​ការ​ផ្សព្វផ្សាយ ហើយ​ខ្ញុំ​ក៏បាន​យល់​ព្រម​ជាមួយ​គេ​ភ្លាមៗ​ដែរ។ តែ​នៅ​ថ្ងៃ​ទី ១ ខែ​មេសា កន្លង​មក​នេះ ខ្ញុំ​ក៏​ភ្ញាក់​ខ្លួន​ផង​ដែរ​ជាមួយ​នឹង​ដំណឹង​ដូច​ខាង​បង​បាន​ឃើញ​នោះ ហើយ​ក៏​ឃើញ​ព័ត៌មាន​ថ្ងៃ April Fools'' Day នេះ​តែ​ម្តង»។

តារា​សម្តែង​ប្រុស​វ័យ ២៨ ឆ្នាំ រូបនេះ ក៏បាន​ប្រាប់​ពី​ដំណឹង​ថតកុន​បែប​វាយតប់​ទី ២ ដែរ​ថា៖ «ឥឡូវ​នេះ ខ្ញុំ​កំពុង​តែ​ត្រៀម​ថត​បញ្ចប់​រឿង​ទី ២ គឺ​រឿង «THE PREY» ក្រោម​ការ​ដឹកនាំ​សម្តែង​របស់​ផលិតករ​លោក Jimmy Henderson ក្នុង​ផលិតកម្ម​ថ្មី​មួយ​ទៀត​ឈ្មោះ​ថា Altered Vision Films បន្ទាប់​ពី​រឿង «ការពារ​ជន​ឧក្រិដ្ឋ ឬ JAILBREAK» របស់​ផលិតកម្ម​កងចក្រ​ភីចឈ័រ។

រឿង «THE PREY» កំពុងតែ​ចាប់ផ្តើម​ថត​ក្នុងអំឡុង​ខែមីនា ឆ្នាំ ២០១៨ នេះ ក៏បាន​កំណត់​ជ្រើស​រើស​យក​ទីតាំង​ថត​រួច​ទៅ​ហើយ​ដែរ គឺ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កោះកុង ខណៈ​គម្រោង​ចាក់​បញ្ចាំង​វិញ​ទំនង​នៅ​ចុង​ឆ្នាំ ២០១៨ ឬ​ដើម​ឆ្នាំ ២០១៩៕