ក្រុងប៉េកាំង: តារាភាពយន្ដ​ហុងកុង ស៊ីម៉ុន យេម កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ក្រោយពី​ត្រូវបាន​គេ​ចាក់​មួយ​កាំបិត​ចំពោះ​នៅលើ​វេទិកា​ពេល​ព្រឹត្ដិការណ៍​ផ្សព្វផ្សាយ​មួយ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន​។ នេះ​បើ​យោងតាម​បណ្ដាញ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​។

កាសែត Global Times របស់​រដ្ឋ​បាន​ឲ្យ​ដឹងថា​លោក យេម អាយុ ៦៤ ឆ្នាំ​កំពុង​តែ​ស្ថិត​ក្នុង​សភាព​គ្រោះថ្នាក់​នៅ​ទីក្រុង​ហុងកុង ក្រោយពី​ធ្វើការ​វះកាត់ និង «​មាន​សភាព​ដុនដាប​»​។

តារាភាពយន្ដ​ជើងចាស់​ត្រូវ​បាន​បុរស​ម្នាក់​ចាក់​ដោយ​ប្រើ​កាំបិត​ចិត​ផ្លែឈើ កាលពី​ថ្ងៃ​សៅរ៍ អំឡុងពេល​ព្រឹត្ដិការណ៍​ផ្សព្វផ្សាយ​មួយ​ក្នុង​ទីក្រុង​ហ្សុងសាន​ភាគ​ខាងត្បូង​ខេត្ដ​ហ្គ័ងដុង​ប្រទេស​ចិន​។

វីដេអូឃ្លីប​បង្ហោះ​លើ​វេបសាយ​ក្នុងស្រុក​បាន​បង្ហាញថា ជនសង្ស័យ​បាន​រត់ឡើង​វេទិកា និង​លើក​កាំបិត​ចាក់​លោក យេម​។

ពួកគេ​បាន​បន្ថែម​ដោយ​ដកស្រង់​ការវាយតម្លៃ​សុខភាព​ផ្លូវ​ចិត្ដ​ធ្វើ​ឡើង​ក្រោយ​បញ្ជូន​ទៅកាន់​មន្ទីរឃុំឃាំង​ថា ជនសង្ស័យ​ត្រកូល ឈិន អាយុ ៥៣ ឆ្នាំ​កើត​ជំងឺ​ផ្លូវចិត្ដ​ធ្ងន់ធ្ងរ​។

យោង​តាម​កាសែត​រដ្ឋ​ចិន Daily បាន​បង្ហាញ​ថា​លោក យេម បាន​លុប​ចោលការ​ណាត់ជួប​ទាំងអស់​ក្រោយ​កើត​ឧប្បត្ដិហេតុ​ត្រូវ​ជន​មាន​វិបត្ដិ​ផ្លូវចិត្ដ​ចាក់​នឹង​កាំបិត​។

ក្រុមហ៊ុន​គ្រប់គ្រង​លោក យេម បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​លើ​បណ្ដាញ​សង្គម Weibo ថា​៖ «​យើង​មាន​អារម្មណ៍​តក់ស្លុត​ចំពោះ​ឧប្បត្ដិហេតុ​នោះ​មែនទែន​»​។

តារាភាពយន្ដ​ហុងកុង​បាន​សម្ដែង​ជាង ២០០ ​រឿង​ទាំង​ភាពយន្ដ​ខ្នាត​ធំ និង​កុន​ល្ខោន​រួមទាំង​ការបង្ហាញ​មុខ​ជា​តួអង្គ​មេឧក្រិដ្ឋជន​ក្នុង​ឆ្នាំ​ ២០០៣ នៃ​រឿង «Lara Croft Tomb Raider: The Cradle of Life» ថែម​ទៀតផង​៕ HR