ភ្នំពេញៈ ទើប​តែ​បាន​ចូលរួម​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​តាមរយៈ​ការស្ម័គ្រចិត្ត​ដើរ​បង្ហាញ​ម៉ូដ​បាន​ស្ម័គ្រចិត្ត​គ្រង​ឈុត​សម្លៀកបំពាក់​បែប​ប្រពៃណី​ជនជាតិ​ភាគតិច​ទំពួន នៅឯ​តំបន់​ភូមិភាគ​ឦសាន​គឺ​ខេត្ត​រតនគិរី​នាឱកាស​ប្រារព្ធ​បើក​ពិធី​រៃអង្គាសប្រាក់​មូលនិធិ​ការអភិរក្ស​សត្វ​ដំរី​ជា​របស់​សមាគម​អភិរក្ស​ដំរី​អៃរាវត្តា​សោះ ថ្មីៗ​នេះ​ក៏​លេច​វត្តមាន​ក្នុង​ការងារ​សង្គម​មួយ​ទៀត​គឺ​ការ​កៀរគរ​មូលនិធិ​ដាំ និង​ថែរក្សា​កូនឈើ ១០ ​ម៉ឺន​ដើម​ជាមួយ​នឹង​ក្រុម​លោក តាន់ គឹមសួរ​។

កញ្ញា ចាន់ គង្គា ស្រាប់​តែ​លេចមុខ​នៅក្នុង​ឈុត​ពាក់​អាវយឺត​ពណ៌​ស​ដែល​រំលេច​ជា​អក្សរ​ភាសា​ខ្មែរ​ថា «​ខ្ញុំ​បាន​ចូលរួម​ព្យាបាល​ដំបៅ​ផែនដី ចុះ​អ្នក​វិញ​?» នៅ​ខាង​ក្រោយ និង​នៅ​ខាង​មុខ​មាន​និមិត្តរូប​ឡូហ្គោ​នៃ​ក្រុម​ខ្លួន​មាន​ឈ្មោះ «​បៃតងវ៉ររៀរស៍​» ឈរ​បញ្ច្រាស​ទិសដៅ​គ្នា​ជាមួយ​នឹង​តារាសម្តែង​ស្រី​មាន​រាង​ខ្ពស់​ដែល​ទើប​តែ​នឹង​ស្ងប់​នូវ​រឿង​អាស្រូវ​ស្នេហា​ត្រីកោណ​នឹង​ថៅកែ​ផលិតកម្ម LD គឺ​កញ្ញា សាឡាត់ ស្រីឡាង បង្ហើរ​សារ​ថា​៖ «​ចូលរួម​ជាមួយ​នឹង​ពួកយើង​បាន​ទេ​? មូលនិធិ​ដាំ​កូនឈើ​»​។

តារាម៉ូដែល​ស្រី​ម្ចាស់​ជយលាភី​នៃ​ការប្រកួត Cambodia's Next Top Model កញ្ញា ចាន់ គង្គា​។ រូបថត ហ្វេសប៊ុក

ការចូលរួម​របស់​តារា​ម៉ូដែល​កំពុង​ស្ថិត​នៅក្នុង​វ័យ​ទើប​តែ ២២ ឆ្នាំ​មាន​កម្ពស់ ១,៦៩ ម៉ែត្រ​រាង​ស្ល៊ីម ស្រលូន សម្បុរ​ស្រអែម​ត្រូវ​ប៉ាន់​ក្រសែភ្នែក​នៃ​អ្នក​បស្ចិមប្រទេស ជាពិសេស​នៅក្នុង​ពិភព​ដើរ​បង្ហាញ​ម៉ូដ​តែ​ម្តង កញ្ញា ចាន់ គង្គា ក៏​មិន​បាន​បង្ហើប​ឲ្យ​ដឹង​ពី​យុទ្ធនាការ​យ៉ាងណា​នោះ​ទេ ខណៈ​នាង​បាន​លើក​ទូរស័ព្ទ​មួយ​ភ្លែត​ថា​៖ «​សុំទោស​ផង​បង​!​ពេល​នេះ​រវល់​ចូល​ប្រជុំ ហើយ​ចាំ​ពេល​ប្រហែល​ជា​កន្លះ​ម៉ោង​ក្រោយ​ទៀត នាង​ខ្ញុំ​នឹង​ទូរស័ព្ទ​ទៅ​បង​វិញ​» ក្រោយ​ពី​ភ្នំពេញ​ប៉ុស្តិ៍​ទំនាក់ទំនង​សួរនាំ​រឿង​ការចូល​ការងារ​ជួយ​សង្គម​បែប​ណា​មក​។

គួរ​បញ្ជាក់​ដែរ​ថា​តារាស្រី​ម៉ូដែល​មាន​សម្បុរ​ស្រអែម​ស្រស់​កញ្ញា ចាន់ គង្គា គឺជា​ម្ចាស់​ជយលាភី​នៃ​ការប្រកួត​បង្ហាញ​ម៉ូដ​ឈ្មោះ​ថា Cambodia''s Next Top Model នា​រដូវកាល​ទី​ ១ កាលពី​ឆ្នាំ ២០១៥ របស់​ទូរទស្សន៍ MyTV ខណៈ​បច្ចុប្បន្ន​នេះ​នាង​កំពុង​តែ​មាន​ឈ្មោះ​ល្បី​ក្នុង​ពិភព​ដើរ​ម៉ូដ និង​​ជា​តារា​សម្តែង​ផ្នែក​ថត​ស្ប៉ត​ពាណិជ្ជកម្ម​នានា​។

សម្រាប់​យុទ្ធនាការ​កៀរគរ​មូលនិធិ​ដាំ និង​ថែរក្សា​កូន​ឈើ ១០ ម៉ឺន​ដើម ជាមួយ​នឹង​ក្រុម​លោក តាន់ គឹមសួរ ក្រោម​រូបភាព​ក្រុម​មួយ​មាន​ឈ្មោះ «​បៃតង​វ៉ររៀរស៍​» នេះ​បើ​តាម​គេហទំព័រ​របស់​ខ្លួន​បាន​ឲ្យ​ដឹងថា បាន​ដំណើរ​ការចាប់​តាំងពី​ថ្ងៃ​ទី​ ៣ ខែ​កក្កដា ឆ្នាំ​ ២០១៩ មក​ដោយ​មាន​គោលដៅ​នៅ​ទូទាំង​ខេត្ត​ក្រុង​នានា​មាន​ប្រមាណ ២៣-២៤ ឯណោះ ហើយ​នឹង​ត្រូវ​បញ្ចប់​យុទ្ធនាការ​របស់​ខ្លួន​នៅ​ត្រឹម​ថ្ងៃទី​ ១៣ ខែ​កក្កដា ឆ្នាំ​ ២០១៩ ខាង​មុខ​នេះ​ដោយ​គេ​ឃើញ​មាន​ការចូលរួម​ពី​ក្រុម​សិល្បករ និង​សិល្បការិនី​ជាច្រើន​រូប សឹង​តែ​គ្រប់​ទម្រង់​ផង​ដែរ​៕