ភ្នំពេញៈ ស្ងាត់ៗក៏ស្រាប់តែលេចចេញខ្សែវីដេអូមួយបកស្រាយចម្រៀងមួយបទមានចំណងជើងថា «បេះដូងគ្រូ» ដោយតារាសម្តែង និងពិធីការិនី រាងស្រលូន កញ្ញា ណាក់ ស្រីណា បង្កការភ្ញាក់ផ្អើលដល់មជ្ឈដ្ឋានមហាជន ហើយក៏បានរំលេចនូវដំណឹងថា នាងចង់ដើរតាមគន្លងបងស្រីជាតារាចម្រៀងល្បីនៅទ្រនំ ហង្សមាស សុគន្ធ នីសា។
ក្រៅពីចុច Likes និងចូល Comments ជាហូរហែកោតសរសើរពីសំនៀងនៃទឹកដមបកស្រាយបទចម្រៀងរបស់កញ្ញា ណាក់ ស្រីណា នោះ ក៏មានអ្នកជជីកសួររកហេតុផលចង់ដឹងការពិតផងដែរ។ អ្នកងឿងឆ្ងល់ក៏បានលាន់មាត់ថា៖ «អីយា!ស្រីណាកំពុងតែអភិវឌ្ឍជំនាញសិល្បៈខ្លួនដើម្បីពង្រីកទីផ្សារសិល្បៈមែនខណៈមានអាជីពជាតារាសម្តែងផង និងពិធីការិនីទូរទស្សន៍ទៅហើយនោះ ឬមួយក៏កញ្ញា ចង់ដើរតាមគន្លងសាច់ញាតិដែលជាតារាចម្រៀងល្បីនៅទ្រនំ ហង្សមាសគឺអ្នកនាង សុគន្ធ នីសា?»។
ផ្ទុយពីការស្មានខាងលើនោះ តារាសម្តែងស្រីដែលឧស្សាហ៍លេចមុខនៅក្នុង MV ហង្សមាស ជាពិសេស MV បទរបស់ សុគន្ធ នីសា គឺកញ្ញា ណាក់ ស្រីណា បានបកស្រាយលាយឡំនឹងសំណើចតិចៗថា៖ «អូ!តាមពិតទៅ ការបកស្រាយបទចម្រៀងនោះ គឺខ្ញុំគ្រាន់តែច្រៀងសម្រាប់ឱកាសចូលរួមថ្ងៃរំឭកគុណគ្រូប៉ុណ្ណោះ ហើយបទនោះដែរ ខ្ញុំថតតាំងពីឆ្នាំមុនមកម្ល៉េះ។
តារាសម្តែងស្រីដែលបានហក់ចូលតៅក្នុងវិស័យសិល្បៈប្រមាណ ៧-៨ ឆ្នាំ និងជាពិធីការិនីទូរទស្សន៍អាស៊ីអាគ្នេយ៍ ដ៏ស្រស់ស្អាត រាងស្រលូន កញ្ញាណាក់ ស្រីណា បន្តថា៖ «ទោះបីជាការច្រៀង ក៏ជាចំណូលចិត្តរបស់ខ្ញុំមួយទៀតមែនក្តី តែការអភិវឌ្ឍខ្លួនឯងឲ្យទៅជាតារាចម្រៀងនោះក៏ត្រូវមើល សមត្ថភាពខ្លួនឯងថា ទៅរួច ឬមិនរួចផងដែរ។ ជាការពិតនាងខ្ញុំក៏ចង់ក្លាយជាតារាចម្រៀងដែរ ប្រសិនបើអាចទៅរួចនោះ តែមិនអាចទេ!»។
ដោយសារធ្លាប់បានឮនឹងត្រចៀកចំពោះពាក្យមហាជនតែងនិយាយថា នាងជាប្អូនស្រីរបស់តារាចម្រៀងកំពូល នៅទ្រនំហង្សមាស តាមរយៈវត្តមានស្ទើរគ្រប់ MV បទចម្រៀងរបស់អ្នកនាង សុគន្ធ នីសា ។
កញ្ញា ណាក់ ស្រីណា ជាបុប្ផារូបស្រស់សោភា ដែលមានស្រុកកំណើត មកពីតំបន់ភូមិឃុំផ្អាវ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានប្រឡូកចូលវិស័យសិល្បៈដំបូងនៅឆ្នាំ ២០១០ និងបានចាប់អាជីពជាអ្នកសិល្បៈជាប់លាប់នៅឆ្នាំ ២០១១ រូបនេះ ក៏បញ្ជាក់ដែរថា៖ «តាមពិតទៅ ខ្ញុំ និងបង សុគន្ធ នីសា មិនបានជាប់សាច់ឈាមជាបងប្អូននោះឡើយ គឺគ្រាន់តែយើងរាប់អានគ្នាមើលទៅដូចជាបងប្អូនបង្កើត។ អ៊ីចឹងហើយ! បានបងប្អូនខ្លះម៉ៃថាយើងជាប់សាច់ឈាមនឹងគ្នា»៕