ភ្នំពេញ៖ ក្រោយ​ពី​បាន​ផ្តាច់​និស្ស័យ​​​ស្នេហ៍​​ពី​អតីត​​​គូស្នេហ៍​ជាប់​ខ្សែ​សាច់​ថ្លៃ​​ឧកញ៉ា ​ទ្រី ភាព អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​មក​​នេះ​​ តារា​សម្តែង​ស្រី​​​សិចស៊ី សាច់​សខ្ចី​ដូច​បណ្តូល​ចេក​កញ្ញា ពេជ្រ អាវីហ្សា ស្រាប់​តែ​បង្ហើប​ថា នាង​ចង់​មាន​ម្ចាស់​បេះដូង​ថ្មី​ ដែល​​មាន​ស្នេហ៍​ស្មោះ មិន​ប្រាថ្នា​ជា​អ្នក​មាន​ទ្រព្យ​ស្តុកស្តម្ភ​នោះ​​ឡើយ។​

បើ​តាម​មើល​ទៅ​ទំនង​ជា​​ស្រីស្រស់​រូប​នេះ មាន​​ភាព​រអាចិត្ត​ និង​ខ្លាច​ជួប​នឹង​រឿង​ស្នេហា​​ដូច​មុន ដែល​ប៉ះ​ចំ​អ្នក​មាន​ទ្រព្យ​ស្តុក​ តែ​ត្រូវ​រង​​របួស​​លើ​រាង​កាយ​យ៉ាង​ដំណំ​ ព្រោះ​អតីត​​គូស្នេហ៍​ប្រើ​អំពើ​ហិង្សា និង​​ចែក​ផ្លូវ​គ្នា​ទាំង​ចម្រូង​​ចម្រាស។​

ដោយសារ​ស្នេហា​ជាមួយ​អ្នក​មាន​​ មិន​សម​បំណង​នេះ​ហើយ​​ ទើប​ស្រី​ស្រស់ ​អាវីហ្សា ​​​​​វ័យ​ ២៩ ឆ្នាំ ខណៈ​ពេល​នេះ ​ក៏​លេច​ឮ​មាន​​បុរស​​​ថ្មី​តាម​ស្រឡាញ់​ដែរ ទាំង​នៅ​ក្នុង​ស្រុក ​និង​ក្រៅ​ស្រុក​​ ប៉ុន្តែ​​​នៅ​មិន​ទាន់​ច្បាស់​លាស់ ១០០% ទើប​នាង​មិន​ទាន់​អាច​បញ្ចេញ​ឈ្មោះ​ និង​មុខ​ពិត​ ដោយ​គ្រាន់​​តែ​​បង្ហើប​​​ពី​ការ​តាំង​ចិត្ត​ថា៖ «ខ្ញុំ​​នឹង​មិន​ប៉ង​ចង់​បាន​សង្សារ​ជា​កូន​អ្នក​មាន ឬ​អ្នក​ធំ​ទៀត​ទេ ​ដែល​សំខាន់​ឲ្យ​​តែ​ជា​បុរស​ស្រឡាញ់​ ហើយ​មាន​​ភាព​​​ច្បាស់​លាស់​​ជាមួយ​​ខ្ញុំ​។ ចំណែក​​រឿង​រៀប​ការ​វិញ ក៏​មិន​​ទាន់​​អាច​កំណត់​បាន​​ថា ពេល​ណា​នឹង​​អាច​តែង​ខ្លួន​ជា​កូន​​ក្រមុំ​មែន​ទែន​ដូច​គេ​បាន​ឡើយ»។​​

តារា​ស្រី​សិចស៊ី​រូប​នេះ ក៏​​​បន្លឺ​ថែម​ទៀត​​ថា៖ «ពេល​នេះ​ គ្មាន​អ្នក​ណា​គេ​ឲ្យ​លុយ​កាក់​ចិញ្ចឹម​ខ្ញុំ​​ទេ​ ព្រោះ​​ខ្លួន​ទីពឹង​​ខ្លួន​។ ​​ខ្ញុំ​​​ក៏​មិន​ត្រូវ​ការ​​​នូវ​សេចក្តី​ស្នេហា​ក្លែងក្លាយ​ដែរ​ ដោយសារ​​​​ធ្លាប់​​ជួប​​ស្នេហា​មិន​សម​​ប្រកប​កាល​​ពី​មុន​​នោះ​អី អ៊ីចឹង​​ចង់​បាន​អ្នក​ណា​ដែល​ស្រឡាញ់​ពិត​​ប្រាកដ​​ ហើយ​​​ច្បាស់​លាស់​ជាមួយ​គ្នា​ មិនមែន​​ជា​ស្នេហា​​លេង​​សើច​នោះ​ទេ»។

ដោយ​ឡែក​អាជីព​​​សិល្បៈ​វិញ​ទៀត​​សោត​ ក៏​ធ្លាប់​រង​ការ​ព្រមាន​ពី​សមាគម​​សិល្បៈ​​ និង​​ខាង​ក្រសួង​វប្បធម៌​ដែរ ក៏​ព្រោះ​​​តែ​នាង​​ហ៊ាន​​​សម្តែង​បញ្ចេញ​​​ភាព​សិចស៊ី​ខ្លាំង​ និង​មាន​ថត​​ឈុត​ស្រើបស្រាល​​​ជាមួយ​​តួ​ប្រុស​ ​ដែល​ជះ​​ឥទ្ធិពល​ប៉ះពាល់​ដល់​តម្លៃ​​វប្បធម៌​ជាតិ តែ​ក្រោយ​មក​​ក៏​​តាំង​ចិត្ត​ខ្ពស់​ មិន​​​ថត​​សម្តែង​​សិចស៊ី​ជ្រុល​ដូច​​លើក​​មុន​ទៀត​​​ឡើយ​។

ថ្មីៗ​នេះ​​តារា​សម្ដែង​សិចស៊ី ពេជ្រ អាវីហ្សា​ ​និង​​តារា​មួយ​ចំនួន​ទៀត ​សុទ្ធ​តែ​​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដូច​គ្នា អំឡុង​ពេល​ដែល​មាន​ជំងឺ​កូវីដ ១៩ ព្រោះ​ម្នាក់ៗ​សម្ងំ​នៅ​តែ​ផ្ទះ​រៀងៗ​ខ្លួន​ មិន​ហ៊ាន​ចេញ​ក្រៅ ទោះបី​មាន​ការងារ​ថត​កុន ឬ​សម្តែង​ MV ក៏​ត្រូវ​ផ្អាក​ដែរ ​ព្រោះ​តែ​ខ្លាច​រអែង​នឹង​ការ​ឆ្លង​មេរោគ​ដ៏​កាច​សាហាវ​នេះ​។ ​

ដូច្នេះ​ហើយ​ទើប​កញ្ញា ពេជ្រ អាវីហ្សា ចេញ​វាចា​ថា​៖ «​អត់​មាន​ប្រាក់​​ចំណូល​​អំពី​សិល្បៈ​ទេ​បង​អើយ!​ មួយ​រយៈ​នេះ​នៅ​តែ​​​​​ផ្ទះ​ហ្នឹង។​ កាល​មុន​​ផ្ទុះ​​កូវីដ ១៩ ហ្នឹង ក៏​មាន​​​​គេ​ហៅ​​ថត​កុន​ថត MV ដែរ តែ​ដោយសារ​ខ្ញុំ​ឈឺ​ ទើប​​ព្យាបាល​ជា ​នា​​ពេល​ថ្មីៗ​ហ្នឹង​ហើយ​ អ៊ីចឹង​ក៏​មិន​​បាន​ថត​សម្ដែង​​ដូច​គេ។ ​ឥឡូវ​រឿង​​​​លុយ​គឺ​វា​ពិបាក​បន្ដិច​​​​​ហើយ​​ទាំង​ខ្ញុំ ទាំង​គេ​ រក​លុយ​មិន​សូវ​បាន​ដូច​ជា​កាល​មុន​ទេ ​ចាប់​តាំង​ពី​មាន​ជំងឺ​កូវីដ ​​១៩ ​ហ្នឹង​មក​៕​