ភ្នំពេញ៖ កុនភាគរឿង «អ្នកម៉ាក់វ័យក្មេង» វគ្គ ២ ដែលមានតារាសម្តែងរលកក្រោយ ២ ដួង ជាតួឯក គឺលោក នូ ឧសភា និងកញ្ញា ឈិន មុន្នីនាថ និងកុមារី ម៉ានីកា ក៏ជាតួឯកកូនស្រី មានទេពកោសល្យទាំងនៅជាតារាសម្តែងពន្លកខ្ចី បានធ្វើពិធីក្រុងពាលី កាលពីចុងសប្តាហ៍កន្លងមក ក្រោយពីរឿងកុនភាគវគ្គ ១ បានទទួលនូវការគាំទ្រយ៉ាងច្រើនសន្ធឹកពីទស្សនិកជនមកនោះ។
ប្រធានគ្រប់គ្រងផ្នែកកម្មវិធីនៅទូរទស្សន៍ភីអិនអិន កញ្ញា ទូច បុប្ផា បានឲ្យដឹងចំពោះការសម្រេចចិត្តថតកុនភាគវគ្គនេះដែរថា៖ «ចំពោះរឿងភាគ «អ្នកម៉ាក់វ័យក្មេង» កាលពីវគ្គ ១ គឺយើងផលិតឡើងក្នុងន័យនាំអារម្មណ៍ទស្សនិកជនឲ្យមើលឃើញពីភាពខ្វះចន្លោះនៅក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងកង្វះខាតនៃការផ្តល់ភាពកក់ក្តៅដល់កូនៗ នាសម័យឌីជីថល ហើយយើងក៏ទទួលបានការគាំទ្រ លើសពីការរំពឹងទុកពីទស្សនិកជន ទាំងនៅទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្ត ដែលវីដេអូឃ្លីបភាគជាច្រើននៃរឿងនេះ ទទួលបានអ្នកចូលទៅទស្សនារហូតដល់ជាង ១០ លាន (10 M)។ យើងក៏ទទួលបាននូវសំណូមពរជាច្រើនពីសំណាក់ទស្សនិកជនឲ្យមានរឿងនេះ សម្រាប់វគ្គ ២ ខណៈដូច្នេះហើយទើបក្រុមការងារយើងសម្រេចនិពន្ធរឿង «អ្នកម៉ាក់វ័យក្មេង» វគ្គ ២ ដោយបានធ្វើពិធីក្រុងពាលី នៅពេលនេះ។ ចំពោះសាច់រឿងក្នុងវគ្គ ២ នេះ គឺយើងចង់បង្ហាញពីតម្លៃសុភមង្គលគ្រួសារ តួនាទីភរិយា និងស្វាមី ដែលបានប្រើដំណើរជីវិតរួមគ្នាទៅដល់វ័យចាស់រៀងៗខ្លួន។ ខ្ញុំក៏សូមចិត្តទៅដល់គូស្នេហ៍ ភរិយាស្វាមី ទាំងអស់ឲ្យចូលរួមទស្សនា និងគាំទ្រខ្សែភាពយន្តភាគនេះបានគ្រប់ៗគ្នាផង!»។
កញ្ញា ទូច បុប្ផា បានបន្តថា៖ «កាលពីវគ្គ ១ ទស្សនិកជនប្រហែលជានៅចាំសាច់រឿងខ្លះៗ ពីតួអង្គ លោក នរៈ ដែលជាបុរសពោះម៉ាយ មានកូនស្រីឈ្មោះ នីរ័ត្ន បានរៀបការជាមួយនឹងក្មេងស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ឈ្មោះ លីតា។ ហើយឈានមកដល់វគ្គ ២ នេះ ទស្សនិកជន នឹងបានទស្សនានូវសាច់រឿងបន្តពីជីវិតរស់នៅរបស់តួអង្គទាំង ៣ នេះ ថាតើពួកគេ នឹងជួបរឿងរ៉ាវអ្វីខ្លះជាបន្តទៀត។ ទូរទស្សន៍-ភីអិនអិន ក៏ដូចជាផលិតកម្មអិលឌី សង្ឃឹមជឿជាក់ថា ការនាំយកនូវសាច់រឿងវគ្គ ២ នៃកុនភាគរឿង «អ្នកម៉ាក់វ័យក្មេង» នេះ នឹងទទួលបាននូវការគាំទ្រកាន់តែខ្លាំងជាងវគ្គមុន ហើយស្ថានីយទូរទស្សន៍ នឹងព្យាយាមធ្វើយ៉ាងណា ដើម្បីឲ្យទទួលបានការផលិតខ្សែភាពយន្តនេះ ឲ្យមានគុណភាពខ្ពស់បន្ថែមទៀតផងដែរ»។
កុនភាគរឿង «អ្នកម៉ាក់វ័យក្មេង» កាលពីវគ្គ ១ បានអង្រួនអារម្មណ៍ទស្សនិកជនជាច្រើន ឲ្យជក់ចិត្ត និងស្រឡាញ់រឿងភាគមួយនេះ ជាខ្លាំង ព្រោះមានឈុតឆាកប្លែកៗ ល្អមើល ជាពិសេសនោះគឺមានតួសុទ្ធតែពូកែសម្ដែង។ ខណៈទស្សនិកជនធ្លាប់ដឹងរួចមកហើយថា កុនភាគរឿង «អ្នកម៉ាក់វ័យក្មេង» សម្ដែងដោយតួប្រុសមានរាងខ្ពស់ស្រឡះ រូបសង្ហា លោក នូ ឧសភា និងតួឯកស្រីយុវតីដែលមានរូបសម្ផស្សស្រស់សោភាវ័យ ១៨ ឆ្នាំ កញ្ញា ឈិន មុន្នីនាថ ដែលជាកូនស្រីបង្កើតអតីតតារាចម្រៀងប្រុសលោក ឈិន កុសល ហើយតួឯកជាកូនស្រី គឺកុមារី ម៉ានីតា ក៏នឹងត្រឡប់មកជួបទស្សនិកជនម្ដងទៀតដែរ នៅក្នុងការថតរឿងវគ្គ ២ នេះ។
នាព្រឹកថ្ងៃសុក្រ ទី ១៧ ខែ កក្កដា ឆ្នាំ ២០២០ កន្លងមកនេះ ក្នុងពិធីក្រុងពាលីថតកុនរឿង «អ្នកម៉ាក់់វ័យក្មេង» វគ្គ ២ ក្រៅពីមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសច្រើនកុះករ គេក៏ឃើញមានតារាសម្តែងប្រុសស្រីដែលជាតួឯក និងតារាកិត្តិយសនានាផងដែរក្នុងនោះរួមមានលោក នូ ឧសភា ជាតួឯកប្រុស កញ្ញា ឈិន មុន្នីនាថ គឺជាតួឯកស្រី កុមារី ម៉ានីកា ជាតួឯកកូនស្រី លោក អុំ សុវណ្ណគិរី តារាម៉ូដែលស្រីកញ្ញា ស៊ុយ បូណាវីន តារាសម្តែងល្បុក្កតោ ពេជ្រ ចរណៃ លោក ណារ៉ាឌី លោក សុភ័ក្រ លោក ស៊ីនី អ្នកស្រី សក្ខណា អ្នកស្រី រ៉េត រ៉ូស អ្នកស្រី ឡាញ់ សូនី អ្នកស្រី វ៉ាន់ ថង លោក វុធ ថាណាក់ រួមទាំងមានវត្តមានតារាសម្តែងប្រុសស្រីជាច្រើនរូបទៀត៕