ភ្នំពេញៈ តារាសម្តែង​ស្រី​ដែល​និយម​បញ្ចេញ​ភាពសិចស៊ី​សាច់​សខ្ចី​ព្រម​ទាំង​ចូលចិត្ត​បង្ហើប​បន្លិច​ចេញ​នូវ​ដើមទ្រូង​ដ៏ទ្រលុកទ្រលន់ និង​អតីត​ជា​ស្រី​ស្អាត​ (FreshieGirl) លេខ​ ១ កាលពី​ឆ្នាំ​ ២០១២ ក្នុង​ជំនាន់​ទី​ ១១ កញ្ញា ជា ម៉ារី នឹង​បញ្ចប់​ភាព​នៅ​លីវ​នៅ​ត្រឹម​ថ្ងៃទី​ ៤ ខែ​សីហា ឆ្នាំ​ ២០១៩ ចុង​សប្តាហ៍​នេះ​ហើយ ក្រោយពី​បាន​បង្កាត់ភ្លើង​ស្នេហ៍​ជិត ២ ឆ្នាំ​មក​នោះ​។

ការលាភាព​នៅ​លីវ​របស់​តារាសម្តែង​ស្រីស្រស់ ជា ម៉ារី នា​ថ្ងៃ​ចុង​សប្តាហ៍​នេះ អាច​ជា​ដំណឹង​មួយ​ធ្វើឲ្យ​ប្រុសៗ​ទាំងឡាយ​ដែល​ធ្លាប់​លួច​ស្នេហ៍​នាង​មាន​ការខកចិត្ត​មិនតិច​ឡើយ​ ព្រោះ​ថា​ពេល​នេះ​គឺ​អស់​ឱកាស​ដណ្តើម​យក​បេះដូង​នាង​ទៀត​ហើយ ដោយសារ​តែ​នាង​សម្រេច​ទទួលយក​ក្តីស្រឡាញ់​ពី​បុរស​ជា​អ្នកជំនួញ​ទ្រព្យស្តុក​ម្នាក់​មាន​ឈ្មោះ​លោក វិសាល វ័យ ២៨ ​ឆ្នាំ​។

ស្រីស្អាត​សាច់សខ្ចី​ដែល​រាង​រយាល​ការងារ​សិល្បៈ ដោយសារ​តែ​មាន​មុខ​ជំនួញ​លក់​ផលិតផល​រក្សា​សម្រស់​តាម​អនឡាញ​កញ្ញា ជា ម៉ារី បាន​បង្ហើប​ឲ្យ​ដឹង​ពី​ការកំណត់​វេលា​រៀបការ​របស់​នាង​ថា​៖ «​នេះ​ជា​រឿង​ពិត ខ្ញុំ​នឹង​រៀបការ​នៅ​ថ្ងៃ​អាទិត្យ ទី​ ៤ ខែ​សីហា ក្នុង​ឆ្នាំ​ ២០១៩ ​ហ្នឹង​ហើយ​។ មង្គលការ​ខ្ញុំ​រៀបចំ​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ អគារ L ដែល​គ្រោង​រៀបចំ​ទទួល​ភ្ញៀវ​ចំនួន ៧០ តុ តែ​ខ្ញុំ​ហៅ​អ្នកសិល្បៈ​រួម​អាជីព​តែ​ត្រឹម ១ ទៅ ២ ​នាក់​ទេ ព្រោះ​អត់​ហ៊ាន​ហៅ​ខ្លាចចិត្ត​។ ស្វាមី​ខ្ញុំ​ទើប​តែ​អាយុ ២៨ ទៅ ២៩ ​ឆ្នាំ​ហើយ​គាត់​ជា​អ្នករកស៊ី​ម្នាក់​មិន​ពាក់ព័ន្ធ​ជាមួយ​នឹង​សិល្បៈ​នោះ​ទេ​»​។

កញ្ញា ជា ម៉ារី ក៏បាន​បន្ត​ឲ្យ​ដឹង​ដែរ​ថា​៖ «​ពួកយើង​ទើប​តែ​ស្រឡាញ់​គ្នា​ប្រមាណ​រយៈពេល ១ ​ឆ្នាំ​កន្លះ​តែ​ប៉ុណ្ណោះ ហើយ​មូលហេតុ​ដែល​នាង​ខ្ញុំ​ជ្រើសរើស​យក​គាត់​ជា​ស្វាមី ដោយសារ​តែ​គាត់​ចេះ​យល់ចិត្ត ហើយ​មិន​ដែល​មាន​ភាពរកាំរកូស​គ្នា​ខ្លាំង​ឡើយ ចាប់​តាំងពី​ស្រឡាញ់​គ្នា​មក​»​។

ដោយសារ​មាន​រូប​សម្រស់​ស្រស់ស្អាត​គួបផ្សំ​នឹង​សាច់​សខ្ចី​ដូច​បណ្តូលចេក និង​រាង​តូច​ស្រឡូន កញ្ញា ជា ម៉ារី មិន​ខ្លាច​នឹង​បង្ហាញ​រាង​ក្នុង​ឈុត​​ប៊ីគីនី​នោះ​ទេ ទោះបី​មាន​ការរិះគន់​តិចតួច​ក៏ដោយ​។

យ៉ាងណា​ក្រោយ​រៀបការ​រួច​សម្រាប់​អាជីព​សិល្បៈ​ទំនង​ជា​នាង​មិន​អាច​បន្ត​ពេញ​ទំហឹង​ដូច​នៅពេល​នេះ​ទេ​គឺ​អាច​ទទួល​យក​ការងារ​សិល្បៈ​ណា ដែល​មាន​រយៈពេល​ខ្លីៗ​ដូចជា​ការថត​ស្ប៉ត និង​ថត MV បទចម្រៀង​តែ​ប៉ុណ្ណោះ ខណៈ​ថតកុន​ដែល​ចំណាយពេល​យូរ​ថ្ងៃ​នោះ​ប្រហែល​ជា​នាង​មិន​អាច​ទទួល​ថត​បានឡើយ​ ដោយសារ​តែ​រវល់​ការងារ​រកស៊ី​ជាមួយ​នឹង​ស្វាមី​។

តារាស្រី​វ័យ ២៥ ឆ្នាំ​ជា​អតីត Freshie Girl លេខ​ ១ កាលពី​ឆ្នាំ ២០១២ ធ្លាប់​ថត​សម្តែង​ខារ៉ាអូខេ​ឲ្យ​ផលិតកម្ម​មួយ​ចំនួន និង​កម្មវិធី​​កម្សាន្ត​នានា​ដែរ​ដូចជា​ប្រហុកធីវី ជាដើម ខណៈ​ខ្សែភាពយន្ត​វិញ​សម្តែង​បាន ២ ​រឿង​គឺ​រឿង «​ភពផែន​ដែន​ស្នេហ៍​» និង​រឿង «​ខ្មោច​ទឹកកក​»៕