ភ្នំពេញៈ តារាសម្ដែងស្រីវ័យ ២៤ ឆ្នាំសម្បុរស្រអែមស្រស់កញ្ញា ជេស៊ីកា ថ្មីៗនេះបានបង្ហោះរូបបែបសិចស៊ីល្វែងលើធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំង ដោយខុសពីទម្លាប់ចាស់របស់តារាសម្តែងស្រីមានរាងល្អិត តូចច្រឡឹង មុខឃ្យូតគួរស្រឡាញ់ ញញឹមស្រស់នៅតាមបណ្តាញសង្គម។
តារាសម្តែងស្រីដែលបានចូលប្រឡូកលើវិថីសិល្បៈតាំងពីឆ្នាំ ២០១៤ តែនាងទើបផុសភាពល្បីប្រមាណជាង ១ ឆ្នាំចុងក្រោយនេះក្រោយពីគេឧស្សាហ៍ឃើញនាងបង្ហោះរូបបែបសិចស៊ីនៅល្វែងលើជារឿយៗមកនោះក៏នាំឲ្យមានការលើកឡើងពីមជ្ឈដ្ឋានអ្នកគាំទ្រថា៖ «ទំនងជាកញ្ញា ជេស៊ីកា ចង់ប្រាប់ថា នឹងបង្ហាញស្ទីលថ្មីលើវិថីសិល្បៈទេដឹង ខណៈជារឿយៗកន្លងមកនាងច្រើនតែបង្ហាញរូបបែបស្លៀកជិតល្វែងលើនោះ?»។
ខណៈតារាសម្ដែងស្រីឆ្នាំរូបនេះកាលពីមុនក៏ធ្លាប់បង្ហោះសម្ញែងរូបសិចស៊ីចំនួន ២-៣ សន្លឹកជាមួយនឹងសម្លៀកបំពាក់ឈុតប៊ីគីនី កាច់រាងបង្អួតសម្រស់ បញ្ចេញដើមទ្រូងនៅមាត់អាងទឹក ខៀវស្រងាត់កណ្តាលហ្វូងមនុស្សជាច្រើនដោយចំហចោលមួយកំណាត់ខ្លួនស្ទើរទាំងស្រុង។
ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ទាំងមានអារម្មណ៍រីករាយសប្បាយចិត្តនៅឡើយនឹងទីផ្សារសម្តែងភាពយន្តរបស់ខ្លួនកំពុងតែមានរាសីឡើងសន្សឹមៗទៅមុខនោះ កញ្ញា ជេស៊ីកា បង្ហើបប្រាប់ថា៖ «អូ!តាមពិតទៅការឧស្សាហ៍ផូស្តរូបភាពបែបសិចស៊ីទាំងនោះ គ្រាន់តែជាការបង្ហោះរូបថតផ្ទាល់ខ្លួនដែលស្រឡាញ់តែប៉ុណ្ណោះ មិនបានចង់មានន័យអ្វី ឬជាសារអ្វីពាក់ព័ន្ធទៅនឹងភាពសិចស៊ីនេះទេ។ សម្រាប់នាងខ្ញុំផ្ទាល់ចូលចិត្តថតរូបបែបនេះសម្រាប់ផ្ទាល់ខ្លួនទេ តែមិនចង់ក្លាយជាតួសម្តែងសិចស៊ីក្នុងខ្សែភាពយន្តនោះឡើយ»។
ជេស៊ីកា ស្រីស្រស់ដែលមានបទពិសោធសម្តែងច្រើនគួរសម មានកុនភាគ ៧ រឿង កុនដុំ ១ រឿង ការថតសម្តែងនៅក្នុង MV បទចម្រៀងរបស់ផលិតកម្មចម្រៀងល្បីទាំង ៣ មានហង្សមាស ថោន និងសាន់ដេ និងថតស្ប៉តនានាជាច្រើនទៀតនោះបានបន្តថា៖ «ការសម្តែងកុននានា នាងខ្ញុំអាចសម្តែងបានទាំងតួកាចឆ្នាស និងតួស្លូត តែចំពោះការសម្តែងជាតួបែបសិចស៊ីវិញនោះ គឺនាងខ្ញុំពិតជាមិនអាចធ្វើបានឡើយ ហើយរឿងនេះក៏ពុំមែនជាចំណូលចិត្តក្នុងក្តីស្រមៃសម្រាប់ការសម្តែងរបស់នាងខ្ញុំផងដែរ»។
ទោះបីជាតារាសម្តែងស្រីរាងតូចច្រឡឹង មុខឃ្យូតគួរឲ្យក្នាញ់កញ្ញា ជេស៊ីកា បានអះអាងផងដែរថា ខ្លួនក៏ធ្លាប់ត្រូវបានក្រុមអ្នកដឹកនាំរឿងនៃផលិតកម្មកុនបានព្រលយជាពាក្យដំបូន្មានសម្រាប់ការសម្តែងនេះផងដែរ។
ជេស៊ីកា បន្ថែមថា៖ «ខ្ញុំផ្ទាល់ថា ខ្លួនឯងសម្តែងសមនឹងតួកាច តែខាងបងដឹកនាំរឿងវិញប្រាប់ថាទឹកមុខខ្ញុំសមនឹងការសម្តែងជាតួស្លូតជាងតួកាចឆ្នាស។ អ៊ីចឹងហើយបានជាពេលសម្តែងកុនម្តងៗ គេតែងតែឲ្យនាងខ្ញុំសម្តែងតែតួស្លូតនោះ»៕