ភ្នំពេញៈ នាពេល​ថ្មីៗ​នេះ​ស្រាប់តែ​លេច​វត្តមាន​តារា​ម៉ូដែល និង​ចម្រៀង​ស្រី​អ្នកនាង សម ម៉ាណា ក្នុង​កម្មវិធី​សិល្បៈ​នានា​ជា​ហូរហែ​ក៏​បាន​បង្ក​ការភ្ញាក់ផ្អើល​សាជាថ្មី ក្រោយពី​បាន​បាត់​មុខ​ជាង ៤ ​ឆ្នាំ​មក​នោះ​។

បើ​តាម​ដឹង​នេះ​គឺ​ការវិលត្រឡប់​មក​រក​ទ្រនំ​សិល្បៈ​វិញ​ជា​លើក​ទី​ ២ របស់​តារា​ម៉ូដែល និង​ចម្រៀង​ស្រី សម ម៉ាណា ផង​ដែរ ខណៈ​ការវិល​ចូល​សិល្បៈ​វិញ​លើក​ដំបូង​នៅ​ចុង​ឆ្នាំ​ ២០១០ បន្ទាប់ពី​បាត់​មុខ​មួយរយៈ​ធំ ហើយ​លេច​ឮថា នាង​បែកបាក់​ស្នេហា​ជាមួយ​ឧកញ៉ា​ម្នាក់ ហើយ​នាង​ក៏​បាន​បើក​ហាង​កែ​សម្ផស្ស និង​អ៊ុតសក់​ទ្រង់ទ្រាយ​ធំ​មួយ​កន្លែង​ដែល​មាន​តម្លៃ​ជិត​ ២០ ​ម៉ឺន​ដុល្លារ នៅ​ទល់​មុខ​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​បាន​បើកសម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ១៦ ខែ​សីហា ឆ្នាំ​ ២០១១ នោះ​។

ការចេញ​មុខ​សាជាថ្មី​នេះ​គឺ​អ្នកនាង​លេច​វត្តមាន​ក្នុង​ក្រុម​សិល្បករ​ជាមួយ​នឹង​លោក យ៉ែម សំអូន ដែល​មាន​ឈ្មោះថា Dara Entertainment និង​បាន​កើត​នូវ​ការសង្ស័យ​ទៀត​ដែរ​ថា តើ​ហេតុអ្វី​បាន​ជា​អ្នកនាង សម ម៉ាណា វិល​មក​រក​ឆ្នាំងបាយ​ចាស់​ទៀត​ហើយ?

ថ្លែង​ក្នុង​ជំនួប​ផ្ទាល់​នៃ​កម្មវិធី​សម្ពោធ​ផលិតផល​អេឡិចត្រូនិក​នៃ​បច្ចេកវិទ្យា​ចុងក្រោយ និង​សម្ភារ​សំណង់​មាន​គុណភាព​ខ្ពស់​ធ្វើ​នៅ​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​ ៥ មីនា ឆ្នាំ​ ២០១៩ កន្លង​មក​អតីត​ជា​តារាចម្រៀង​ស្រី​នៅ​ក្រុម​រៃមាស អ្នកនាង​ សម ម៉ាណា ក៏​ប្រាប់​ពី​ហេតុផល​វិល​វិញ​នេះ​ដែរ​ថា​៖ «​ចាស​!​តាមពិត​ទៅ​ការវិល​មក​រក​សិល្បៈ​វិញ​លើក​នេះ​ក៏​ព្រោះ​តែ​មាន​ការនឹករឭក​ដល់​បងប្អូន​ និង​ដោយសារ​ស្រប​ពេល​ដែល​ខ្លួន​ខ្ញុំ​ក៏​ចង់​មក​បម្រើ​វិស័យ​សិល្បៈ​តាម​ចំណូលចិត្ត​វិញ​ផង​ដែរ​។

ម្យ៉ាងវិញ​ទៀត​នៅពេល​បាន​ជួប​នឹង​បង យ៉ែម សំអូន គាត់​សួរនាំ​រឿង​នេះ​ក៏​សម្រេច​ចិត្ត​ចូល​មក​វិញ និង​ចូលរួម​ជាមួយ​ក្រុម​គាត់​តែ​ម្តង​ទៅ​។

តារាស្រី​ស្រស់​អ្នកនាង សម ម៉ាណា បាន​បន្ត​ថា​៖ «​ការវិល​មក​កាន់​វិថី​សិល្បៈ​វិញ​លើក​នេះ នាង​ខ្ញុំ​នឹង​វិល​មក​ប្រឡូក​គ្រប់​ទម្រង់​សិល្បៈ​តែម្តង​ដូច​ដែល​ខ្លួន​ធ្លាប់​បាន​ចាប់ពី​មុន​អ៊ីចឹង តែ​អ្វី​ដែល​អាច​ឲ្យ​ខ្ញុំ​ប្រឡូក​ច្រើន​នោះ​គឺ​ការបង្ហាញ​ម៉ូដ ក៏​ព្រោះ​ថា​នាង​ខ្ញុំ​បាន​វិវត្ត​ខ្លួន​ចេញ​ពី​ពិភព​បង្ហាញ​ម៉ូដ​នេះ​ផង​ដែរ​»​។

តារាម៉ូដែល និង​សម្ដែង សម ម៉ាណា បាន​រសាត់​ខ្លួន​ពី​ការងារ​សិល្បៈ​គ្រប់​ទម្រង់​រហូត​ដល់​ស្ងាត់ឈឹង​កាលពី​អំឡុង​ឆ្នាំ​ ២០១៤​។ ការចាកចេញ​នាពេល​នោះ​សាមី​ខ្លួន​មិន​បាន​បញ្ចេញ​ឲ្យ​ដឹងថា មកពី​ហេតុអ្វី​នោះ​ទេ​។ ប៉ុន្តែ​នៅពេល​នេះ​នាង​ប្រាប់​ថា​នាង​បាន​ចាកចេញ នៅពេល​នោះ​ក៏ដោយសារ​តែ​នាង​មាន​មុខរបរ​រកស៊ី​ព្រម​ទាំង​មាន​ការងារ​ផ្ទាល់ខ្លួន​ផង​នោះ​ក៏​សម្រេចចិត្ត​ដកឃ្លា​ចេញ​ពី​សិល្បៈ​សិន​ទៅ​។

តែ​សម្រាប់​មុខ​ជំនួញ​ដ៏ធំ​មួយ​កន្លែង​មុន​នោះ​ក៏​ត្រូវ​គេ​ឃើញ​បាន​បិទ​អាជីវកម្ម​ដែរ ហើយ​ផ្ទះ​មួយ​ជុង​ក៏​ត្រូវ​ប្រកាស​លក់​ជា​ហេតុ​នាំ​ឲ្យ​មាន​ការនិយាយ​បែប​ជា​ការសន្និដ្ឋាន​ផងដែរ​ថា តារា​រូប​នេះ​ប្រហែល​ជា​នឹង​ត្រូវ​ជំពាក់​បំណុល​គេ​មិន​តិច​ទេ​ក្នុង​រយៈពេល​ជិត​មួយ​ឆ្នាំ​នៃ​ដំណើរការ​ហាង​កែសម្ផស្ស​របស់​នាង​នោះ​៕