ភ្នំពេញៈ ខណៈចំណងស្នេហ៍ពាក់កណ្តាលអាពាហ៍ពិពាហ៍ កូនស្រីសំណព្វចិត្តរបស់លោកតាវ៉ិចទ័រ ជាមួយកូនប្រុស ថៅកែក្រុមល្ខោន ភី សុគន្ធី បានដល់ផ្លូវបំបែកធ្វើឲ្យកក្រើកពិភពសិល្បៈកាលពីចុងឆ្នាំ ២០១៧ នោះ ក៏ស្រាប់តែលេចព័ត៌មានថ្មីថា តារាកំប្លែងស្រីវ័យក្មេងកញ្ញា វ៉ាន់ នីឡា កំពុងតែរកឃើញម្ចាស់បេះដូងថ្មី បង្កការភ្ញាក់ផ្អើលដល់មហាជនសាថ្មីម្តងទៀតតាមបណ្តាញសង្គម។
ក្រោយពីផ្តាច់ចំណងស្នេហ៍នៅត្រឹមពិធីភ្ជាប់ពាក្យរំលងបានជិត ១ ឆ្នាំមក ក៏ស្រាប់តែថ្មីៗនេះ មានដំណឹងលេចឮឡើងថា កញ្ញា វ៉ាន់ នីឡា កូនស្រីអ្នកផលិតកម្មវិធីកម្សាន្តនៅទូរទស្សន៍ស៊ីធីអិន លោកសុវណ្ណឬទ្ធី បានជួបម្ចាស់ចិត្តថ្មី កំពុងថ្នាក់ថ្នមបេះដូង ដោយរំលេចចេញជារូបថតស្និទ្ធស្នាលបង្ហាញមុខមាត់ពិត ជាច្រើនសន្លឹកទៀតផង។
មើលទៅដំណឹងថ្មីនេះមិនត្រឹមតែធ្វើឲ្យឪពុកកញ្ញា វ៉ាន់ នីឡា មិនសូវសប្បាយចិត្តទេ ថែមទាំងទទូចចង់ដឹង និងឃើញបណ្តាញសារព័ត៌មាន អនឡាញ ដែលចុះផ្សាយរឿងកូនស្រីរបស់លោក ដោយភាពងឿងឆ្ងល់ផងដែរ។
លោក សុវណ្ណឬទ្ធី ហៅតាវ៉ិចទ័រ ដែលជាអ្នកគ្រប់គ្រងកម្មវិធីសប្បាយកម្សាន្តនៃក្រុមហ៊ុន CBS មានដូចជាប៉ុស្តិ៍ទូរទស្សន៍ CTN ប៉ុស្តិ៍ទូរទស្សន៍ MyTV និងប៉ុស្តិ៍ទូរទស្សន៍ CNC បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «រឿងនេះខ្ញុំកំពុងតាមដានរកប្រភព និងចង់មើលឃើញឲ្យច្បាស់ដែរថា តើបុរសដែលគេថា ជាគូស្នេហ៍កូនស្រីខ្ញុំនោះជាអ្នកណា ព្រោះបើតាមរយៈរូបថតនោះគឺកូនស្រីខ្ញុំបានថតរូបជាមួយបងប្អូនប្រុសជាសាច់ញាតិខ្ញុំច្រើនដែរ»។
តា វ៉ិចទ័រ បន្តថា៖ «និយាយឲ្យពិតត្រង់ទៅ សម្រាប់ខ្ញុំមិនមែនជាមនុស្ស ដែលចូលចិត្តទៅបំបិទសិទ្ធិសេរីភាពកូននោះឡើយ ហើយនាពេលនេះគាត់ [កូនស្រី នីឡា] ក៏មានវ័យធំអាចគិតគូររឿងផ្ទាល់ខ្លួនគាត់ផងដែរ មិនអាចទៅតាមគាត់គ្រប់ពេលវេលា ២៤ ម៉ោងនោះឡើយ»។ «គ្រាន់តែខ្ញុំតែងរំឭកប្រាប់គាត់ថា ចូរកូនធ្វើអ្វីកុំឲ្យប្រាសចាកពីគន្លងប្រពៃណីជាតិខ្លួន និងត្រូវគិតពីកិត្តិយសឪពុក ដែលជាអ្នកបង្កើតកម្មវិធីអប់រំគេម្នាក់ផង! ចំពោះរឿងជីវិតគូរបស់គាត់ ខ្ញុំក៏មិនជំទាស់បំណងគាត់ទេ! ហើយរឿងគេថា គាត់មានអ្នកថ្មីនេះ ក៏ខ្ញុំមិនអាចជម្រាបបានដែរថា វាពិត ឬយ៉ាងណាព្រោះអីខ្ញុំក៏អត់ទាន់ដឹងថា បុរសនោះជាអ្នកណានៅឡើយដែរ»។
គួរបញ្ជាក់ថា កូនស្រីអ្នកផលិតកម្មវិធីល្បីនៃទូរទស្សន៍ CTN កញ្ញា នីឡា នាពេលមានវ័យ ១៩ ឆ្នាំបានភ្ជាប់ពាក្យជាមួយនឹងលោកផន រង្សី មានវ័យ ២៥ ឆ្នាំ កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៦ កន្លងមក ប៉ុន្តែគួរឲ្យស្ដាយចំណងស្នេហ៍របស់ ពួកគេត្រូវបានបញ្ចប់ទៅវិញនៅចុងឆ្នាំ ២០១៧ ៕