ភ្នំពេញ: ថ្មីៗនេះ​ភាព​រំជើបរំជួល​លាយ​នឹង​ការ​សោក​ស្តាយ​របស់​មហា​ជន​ខ្មែរ ដែល​និយម​គាំទ្រ​វិស្ស័យ​សិល្បៈ​កំប្លែង ខណៈ​មាន​ការ​​ផ្សព្វផ្សាយ​បង្ហាញ​ពី​សម្ដី នាយ គ្រឿន ដែល​ជា​អ្នក​កំប្លែង​ក្នុង​ក្រុម​នាយ ពែកមី ក្រោម​ការ​គ្រប់គ្រង​របស់​ផលិតករ​កម្មវិធី​កម្សាន្ត​លោក សុវណ្ណ ឫទ្ធី ហៅ​លោកតា វ៉ិចទ័រ ពោល​ថា ក្រុម​កំប្លែង​របស់​លោក​អាច​នឹង​ត្រូវ​រំសាយ​នោះ។

តប​នឹង​ប្រតិកម្ម​មហាជន​ពីស​ម្ដី​នាយ គ្រឿន ពោល​ពី​ការបិទ​ក្រុម​កំប្លែង​នេះ លោកតា វ៉ិចទ័រ​កាល​ពី​រសៀល​ថ្ងៃ​ទី ២០ មីនា សារភាព​ថា មិន​ទាន់​បាន​ពិនិត្យ​សម្ដី នាយ គ្រឿន​និយាយ​ទេ តែ​លោក​ថា៖ «តួនាទី​និយាយ​ពាក្យ​បែប​នេះ​មាន​តែ​ខ្ញុំ​ទេ​ដែល​អាច​និយាយ​បាន»។

បង្ហាញ​ពី​ការព្រួយបារម្ភ​លើ​សិល្បៈ​ជំនាញ​ខ្លួន កំពុង​ទាញ​បាន​ប្រជាប្រិយភាព​ពី​អ្នកគាំទ្រ​នោះ តារា​កំប្លែង នាយ គ្រឿន បាន​និយាយ​ប្រាប់​សារ​ព័ត៌មាន​ថា៖ «ប្រសិន​បើ​គ្មាន​វិធាន​ការ នោះ​ទេ ក្រុម​កំប្លែង​ទាំង​មូល​អាច​នឹង​លែង​ទទួល​ការ​គាំទ្រ​ពី​ទស្សនិកជន»។

ក្នុងនោះ​នាយ គ្រឿន បានបង្ហាញ​ការវាយតម្លៃ​ទៀតថា បើ​ធៀប​នឹង​ភាព​ល្បី​នាពេល​កន្លង​ទៅ ពេល​បច្ចុប្បន្ន​ក្រុម​កំប្លែង​ស៊ីធីអិន​របស់​លោក បាន​ធ្លាក់​ចុះ​ប្រជា​ប្រិយភាព​ប្រមាណ ៣០ ភាគរយ។

ក្រៅតែពី​ការធ្លាក់ចុះ​ការ​កំប្លែង​លើ​កញ្ចក់​ទូរទស្សន៍ សូម្បីតែ​ឱកាស​ចេញ​ទៅ​សម្ដែង​ខាងក្រៅ ក៏​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ។

ដោយសារ​មើលឃើញ​ពី​បញ្ហា​ធ្លាក់ចុះ​ខ្លាំង​ដូច្នេះហើយ​ទើប​នាយ គ្រឿន និង​ក្រុម​កំប្លែង​ទាំង​មូល កំពុង​ជួបជុំ​គ្នា​រិះរក​គំនិត​ថ្មីៗ ប្លែកៗ​ថែម​ទៀត ដើម្បី​ជួយ​ទាញ​ប្រជា​ប្រិយ​ភាព​ត្រឡប់​មក​វិញ។

តារា​កំប្លែង​រូបនេះ ជឿជាក់ថា ប្រសិនបើ​ក្រុម​កំប្លែង​ទាំងអស់​នាំគ្នា​យក​ចិត្ត​ទុក​ដាក់​ស្វែងរក​គំនិត​ថ្មីៗ​មក​បញ្ចូល​គ្នា​ឲ្យ​បាន​ច្រើន នោះ​អ្វីៗ​នឹង​អាច​ត្រឡប់​មក​ដូច​ដើម។

នាយ​បាន​មើលឃើញ​បែបនេះ ព្រោះតែ​សមាជិក​ក្នុង​ក្រុម​កំប្លែងម្នាក់ៗ ហាក់​មិនសូវ​យក​ចិត្ត​ទុក​ដាក់ លើ​ការ​កំប្លែង​ច្រើន​ដូច​មុន​ទេ ពោល​គឺ​ខិតខំ​តែ​ការងារ​ក្រៅ​រៀងៗ​ខ្លួន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ក្រុម​ទាំង​មូល។

តប​នឹង​ការបង្ហាញ​ពី​ការព្រួយបារម្ភ​របស់​កូនក្រុម ដែល​មិនបាន​ឆ្លង​យោល​បល់​ពី​មេ​កើយ​នោះ ផលិតករ​កម្មវិធី​កម្សាន្ត លោកតា វ៉ិចទ័រ កាល​ពី​ថ្ងៃ​ទី ២០ ខែ​មីនា នៅ​តែ​អះអាង​ថា លោក​នៅ​មិន​ទាន់​បាន​ដឹង​ពី​ព័ត៌មាន​លម្អិត ដែល​នាយ គ្រឿន និយាយ ហើយ​កំពុង​ត្រូវ​បាន​ចែក​ចាយ​ផ្សព្វផ្សាយ​នោះ​ទេ។

យ៉ាងណាមិញ លោក​ក៏​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ខ្ញុំ​រវល់​ការងារ​មិនទាន់បាន​អាន​អត្ថបទ​នោះ​សោះ ថា​ន័យ​នេះ នាយ គ្រឿន គាត់​ចង់​បង្ហាញ​ពី​អ្វី​ឲ្យ​ច្បាស់​លាស់ តែបើ​ជា​ការ​បារម្ភ​របស់​គាត់​មែន នោះ​ក៏​ជា​រឿង​ល្អ​ដែរ ដែល​គាត់​ចេះ​បារម្ភ»។

បន្ថែម​ពី​នោះ​ផលិតករ​កម្មវិធី​កម្សាន្ត​រូបនេះ​បាន​លើក​ឡើង​ថា៖ «តាម​ដែល​ខ្ញុំ​មើល​ការងារ​ក្រុម​កំប្លែង​សព្វថ្ងៃ​នៅ​ដំណើរ​ការល្អ ទាំង​ពួក​គាត់​ម្នាក់ៗ​ក្រៅ​ពី​កំប្លែង​ក្នុង​ស្ថានីយ​ទូរទស្សន៍ ពួកគាត់​ក៏មាន​ការងារ​ច្រើន ជា​ពិសេស​គឺ​ការងារ​ថត​ភាពយន្ត ហើយ​ការងារ​នេះ​ក៏​អាច​បង្ហាញ​ថា ប្រជា​ប្រិយ​ភាព​ពី​ក្រុម​កំប្លែង​មាន​ការ​កើន​ឡើង​ដែរ»។

លោកតា វ៉ិ​ច​ទ័​រ ក៏បាន​បញ្ជាក់​ក្នុង​សារ​ខ្លី​មកវិញ​ទៀតថា៖ «តែ​យ៉ាងណា ការ​និយាយ​របស់​នាយ គ្រឿន នោះ​វា​ខុស ទាំង​ការងារ​នេះ​ខ្ញុំ​ជា​មេ​គេ​ជា​អ្នក​និយាយ​បង្ហាញ​ការ​វាយ​តម្លៃ​បែប​នេះ​ថា ក្រុម​ធ្លាក់​ប្រជា​ប្រិយភាព​ថា ឡើង​ឬ​ចុះ»។

យ៉ាងណា លោក​បាន​លើក​ឡើង​ដែរ​ថា៖ «ប៉ុន្តែ​គាត់​ក៏​អាចជា​គំនិតល្អ​វិញ​ដែរ ដែល នាយ គ្រឿន គាត់​បង្ហាញ​ពី​អារម្មណ៍​ស្មោះ បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​សម្រាប់​ក្រុម​ទាំងមូល ហើយ​រឿង​នេះ​យើង​នឹង​ពិនិត្យ​ឡើង​វិញ​ដែរ​ថា យ៉ាង​ម៉េច​ត​ទៅ​ទៀត?»៕