កំពង់ឆ្នាំង៖ លោក Hannes Schmid បានជួបកុមារីកម្ពុជាម្នាក់ ដែលត្រូវបានបង្ខំឱ្យដើរសុំទាននៅតាមដងផ្លូវនៃប្រទេសថៃ ក្នុងឆ្នាំ ២០១២។ គ្រានោះ លោកបានសង្គ្រោះនាងដែលជាជនរងគ្រោះពីទឹកអាស៊ីត និងអំពើជួញដូរមនុស្ស ត្រឡប់មកមាតុភូមិវិញ។ នោះជាវេលាដែលបុរសជនជាតិស្វ៊ីសរូបនេះ បានមកដល់កម្ពុជាជាលើកដំបូង។ លោក គឺជាសមាជិកក្រុមប្រឹក្សានៃអង្គការតុកកែញញឹមស្វ៊ីស។
លោក ងន់ សុខលាភ ជានាយកប្រតិបត្ដិអង្គការតុកកែញញឹមកម្ពុជា (SGC) បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «លោក Hannes បានស្គាល់កម្ពុជា និងនាំនាងមកផ្ទះវិញ។ លោកមើលឃើញថា ពលរដ្ឋរស់នៅក្នុងតំបន់មិនរៀបរយ ភាគច្រើនជាជនចំណាកស្រុក ដែលប្រឈមនឹងបញ្ហាជាច្រើន»។
ប៉ុន្មានឆ្នាំក្រោយមក អង្គការតុកកែញញឹមកម្ពុជាក៏ចាប់កំណើត បំណងធ្វើឱ្យប្រសើរឡើងនៃការអប់រំ ដែលប្រកបដោយគុណភាពប្រចាំតំបន់ តាមរយៈការធានាមូលនិធិគ្រប់គ្រាន់រយៈពេលយូរអង្វែង និងលើកស្ទួយជីវភាពពលរដ្ឋសហគមន៍តាមរយៈកសិកម្មគ្មានគីមី និងគម្រោងតូចៗជាច្រើន។
លោក សុខលាភ ជាសហស្ថាបនិកអង្គការតុកកែញញឹមកម្ពុជាបានឱ្យដឹងថា៖ «យើងចាប់ផ្ដើមបង្កើតអង្គការតុកកែញញឹមកម្ពុជា ក្នុងឆ្នាំ ២០១៤ ដែលបច្ចុប្បន្នមានបុគ្គលិកសរុបជាង ២៦០ នាក់»។ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង គម្រោងស្នូលដំបូងរបស់អង្គការគឺ កសិកម្ម។
លោកក៏បានឱ្យដឹងថា៖ «ថ្មីៗនេះ យើងកំពុងតែប្រើប្រាស់ដីប្រមាណពាក់កណ្ដាលនៃដី ១៣០ ហិកតា។ ចំពោះវិស័យកសិកម្ម យើងបានបង្កើតគម្រោងកសិកម្មចិញ្ចឹមមាន់ ចិញ្ចឹមជ្រូក និងត្រី រួមជាមួយគម្រោងកសិកម្មគ្រួសារ (AFP) លើផ្ទៃដីប្រមាណ ៣០ ហិកតា»។
ឆ្នាំ ២០១៥ អង្គការបានបង្កើតផ្ទះស្នាក់ប្រណីតមួយដើម្បីទទួលភ្ញៀវ និងសិស្ស និស្សិត ក៏ដូចជាការទទួលអាហារដែលដាំដុះនៅក្នុងកសិដ្ឋានផ្ទាល់។លោកបាននិយាយអង្គុយលើកៅអីមុខកន្លែងទទួលភ្ញៀវរីសតផ្ទះកសិដ្ឋានថា៖ «យើងមានផ្ទះឈើសរុប ១៧ ខ្នង ស្មើនឹង ៣៤ បន្ទប់ តម្លៃចាប់ពី ៤៥ ដល់ ១៧០ ដុល្លារ»។
គម្រោងសាលារៀនក្នុងភូមិត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥។ SGC អនុវត្ដយុទ្ធសាស្ដ្រតាមរយៈកិច្ចសហការជាមួយ Zurich University of Teacher Education ដើម្បីសម្របសម្រួលកម្មវិធីសិក្សាឱ្យស័ក្ដិសមនឹងបរិបទនៅកម្ពុជា និងធ្វើការជាមួយ ETH ដើម្បីសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធនានា។
លោកបន្តថា៖ «យើងមានសាលារៀនក្នុងភូមិមួយ ដែលបច្ចុប្បន្នមានសិស្សប្រមាណ ៣០០ នាក់។ យើងត្រៀមបើកមជ្ឈមណ្ឌលអប់រំសម្រាប់សិស្សប្រមាណជា ១ ១០០ នាក់ ដែលជាគំរូសម្រាប់ប្រព័ន្ធអប់រំនៅកម្ពុជា»។
តុកកែញញឹមផ្ដល់ក្ដីសង្ឃឹមថ្មី លោក សុខលាភ បានលើកហេតុផលថា តុកកែជាប្រភេទសត្វម្យ៉ាងដែលមានការពុះពារបើទោះបីជាវារងគ្រោះដោយសារការដាច់ម្រាមដាច់ជើង អីក៏អវយវៈរបស់ពួកវាលូតលាស់ឡើងវិញ។
លោកបន្ដថា៖ «យ៉ាងណាមិញចំពោះមនុស្សដែលជួបការលំបាកនៅតែអាចបន្ដក្ដីសង្ឃឹមឡើងវិញ ទោះបីជាជួបបរាជ័យក្នុងឆាកជីវិត។ ចំពោះទស្សនវិស័យរបស់អង្គការវិញវាមានអត្ថន័យ ១ ទៀត គឺផ្សារភ្ជាប់តម្រូវការ (bridging need) រវាងអ្នកមានលើសលុប និងអ្នកខ្វះខាត។ យើងអាចផ្ដល់ស្នាមញញឹមដល់អ្នកទាំងនោះឱ្យមានទឹកចិត្ដក្នុងការកែប្រែជីវភាព»។
បច្ចុប្បន្នប្រជាពលរដ្ឋមកពីតំបន់អនាធិបតេយ្យតំបន់គំនរសំរាម ១២ គ្រួសារ ទទួលបានចំណែកដីកន្លះហិកតាសម្រាប់ការដាំដុះដំណាំកសិកម្មចិញ្ចឹមសត្វ និងផ្ទះមួយខ្នងផងដែរ។
អតីតនិស្សិតច្បាប់វ័យ ៣២ ឆ្នាំរូបនេះ បន្ដថា៖ «ចាប់ផ្ដើមពីផ្ទៃដីដំបូង ៩ ហិកតា ក្នុងស្រុកសាមគ្គីមានជ័យសម្រាប់បែងចែក ១២ ប្លង់ សម្រាប់ ១២ គ្រួសារ បច្ចុប្បន្នអង្គការបានពង្រីកវិសាលភាពដល់ ១៣០ ហិកតា លើវិស័យផ្សេងៗទៀត ដូចជា កសិកម្មបដិសណ្ឋារកិច្ច រោងជាង ជាពិសេសសាលារៀន»។
ការបង្កើតកញ្ចុំគម្រោងដើម្បីធានានិរន្ដរភាព
លោក សុខលាភ និយាយថា ឆ្នាំសិក្សាថ្មីនេះ សាលាសហគមន៍ចាប់ផ្ដើមបង្កើនថ្នាក់ដល់ឆ្នាំទី៤។ ១ ឆ្នាំអង្គការបង្កើន ១ ថ្នាក់តាមលទ្ធភាព។
អង្គការកំពុងតែអភិវឌ្ឍក្នុងវិស័យអប់រំ ដោយប្រមែប្រមូលក្មេងៗតាំងពីតូចនៅអាយុ ៣ ឆ្នាំ។ អង្គការបានចុះអនុស្សរណៈ នៃការយោគយល់ជាមួយក្រសួងអប់រំ ដើម្បីបើកដំណើរការជាលក្ខណៈគម្រោង និងកំពុងរៀបចំចុះបញ្ជីជាសាលារៀនឯកជនអន្ដរជាតិ ដោយប្រើកម្មវិធីសិក្សាអន្ដរជាតិលាយឡំជាមួយកម្មវិធីសិក្សារដ្ឋ។
សហស្ថាបនិកអង្គការវ័យក្មេងរូបនេះ ឱ្យដឹងថា៖ «គោលដៅរបស់យើង យើងកំណត់ឱ្យដល់សាកលវិទ្យាល័យ។» លោកបញ្ជាក់ថា៖ «ទោះបីជាមានជំនួយផ្សេងៗយ៉ាងណាក៏ដោយ ក៏ចុងក្រោយបង្អស់ គឺមានតែការអប់រំដល់ក្មេងៗជំនាន់នោះទេ»។
កិច្ចសហការពីដៃគូនានាអង្គការតុកកែញញឹមទទួលមូលនិធិពីទូទាំងពិភពលោក ដែលភាគច្រើនជាអង្គការផ្សេងៗនៅស្វ៊ីស និងអាល្លឺម៉ង់ រួមទាំងសាកលវិទ្យាល័យ វិទ្យាស្ថានអភិវឌ្ឍន៍នានា។
លោកបញ្ជាក់ថា៖ «យើងមានអ្នកគ្រប់គ្រងជាជនជាតិខ្មែរ ទទួលការបណ្ដុះបណ្ដាលពីអ្នកបង្ហាត់បង្ហាញដែលមកបម្រើការរយៈពេលខ្លីនៅក្នុងប្រទេសយើង»។
អង្គការតុកកែញញឹមកម្ពុជា ស្ថិតក្នុងឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង ចម្ងាយប្រមាណ ៧០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕