ភ្នំពេញ៖ ចាប់​តាំង​ពី​​ក្លាយ​ជា​ប្តី​ប្រពន្ធ​ស្រប​​ច្បាប់​ដោយ​បាន​ក្រាប​ផ្ទឹម​​រោងជ័យ​កាល​ពី​ខែ​​មីនា កន្លង​មក​រំលង​ជាង ​៥ ខែ​នោះ​ តារា​សម្តែង​ស្រី​​រូប​ស្រស់​ អ្នក​​នាង ម៉ាក់ សែនសូនីតា ​និង​សា្វមី​​លោក ប៉ុល វិបូ រឹត​តែ​មាន​ភាព​​សកម្ម​ខ្លាំង​នឹង​​ការ​បើក​អាជីវកម្ម​រកស៊ី​បន្ថែម​នៅ​​​មុន​ពេល​បុត្រ​​ដំបូង​របស់​ពួក​គេ​ចាប់​កំណើត​​។ ខណៈ​មុន​​ពេល​​រៀបការ​ពួក​គេ ​ក៏​ធ្លាប់​​ដាក់​ទុន​រួម​គ្នា​​​​​បើក​​​​​ហាង​​​អាហារ​​​ឈ្មោះ​ «ផែ​សមុទ្រ» ដែល​​ពង្រីក​​សាខា​ច្រើន​ជា​​បន្ត​​បន្ទាប់ នៅ​​ទីក្រុង​ភ្នំពេញ និង​ខេត្ត​កណ្តាល​​ មុន​នឹង​​ឈាន​​​​ដល់​ការ​​ដាក់​ទុន​បេះដូង​បង្កើត​ចំណង​ស្នេហ៍​​នោះ​។

ខណៈ​ពេល​ថ្មីៗ​នេះ ​ស្រាប់​តែ​ផុស​ចេញ​នូវ​ការ​បើក​​អាជីវកម្ម​ទ្រង់ទ្រាយ ​២ ​ផ្សេងៗ​គ្នា ​របស់​ប្តី​ប្រពន្ធ​​អ្នកនាង តូតា និង​លោក ប៉ុល វិបូ​ បាន​បើក​​កសិដ្ឋាន​ចិញ្ចឹម​សត្វ​​គោ មាន់ ទា​ ១ ​កន្លែង ​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​​​បើក​ហាង​លក់​គ្រឿង​​​​អលង្ការ​មួយ​ទៀត​មាន​ឈ្មោះ​ «Tota Jewelry​»​​ មាន​ទីតាំង​នៅ​​ក្បែរ​ផ្សារ​សាំហាន់ សង្កាត់​ទួល​​សង្កែ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​។

នេះ​បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​គណនី​ហ្វេសប៊ុក​របស់​តារា​សម្តែង​​ស្រី​រូប​ស្រស់ មាន​​បបូរ​​មាត់​​សិចស៊ី អ្នក​នាង តូតា បាន​ឲ្យ​ដឹង​ថា៖ «​ការងារ​ថ្មី​ប្តី​ប្រាប់​ថា មក​​​រៀន​មើល​​ឲ្យ​​ហើយ​​​ទៅ ​តិច​ទៀត​អូន​​ឯង​ក៏​ត្រូវ​ជួយ​​ Promote លក់​គោ​ លក់​មាន់​​ឲ្យ​បង​​​ដែរ​ហើយ ឱ​បងប្អូន​អើយ បងប្អូន​ណា​ត្រូវ​ការ​ទិញ​គោ​ ទិញ​មាន់​អី ទាក់ទង​បាន​ចាស មាន​បោះដុំ​ និង​​លក់រាយ ទីតាំង​នៅ​​ខេត្ត​កំពង់​ស្ពឺ ហើយ​​ក៏​មាន​ទទួល​​ទិញ​គោ​​ដែរ​ចាស!» ​និង​សារ​បើក​ហាង​លក់​គ្រឿង​អលង្ការ​ថា៖ «សែន​តិច​តួច​យក​ហេង​យក​ជ័យ ​ថ្ងៃ​ចន្ទ ដើម​ទ្រព្យ ​សូម​ឲ្យ​កូនចៅ​បើក​លក់​ពី​ថ្ងៃ​នេះ​ទៅ ​ហេងហេង លក់​ដូរ​ឲ្យ​ដាច់ៗ​ មាន​ភ្ញៀវ​មាន​ម៉ូយ​ច្រើនៗ​​ ហាង​​លក់​គ្រឿង​អលង្ការ​ ​(Tota Jewelry) ទីតាំង អគារ Sky Tree (ក្បែរ​​ផ្សារ​សាំហាន់)»។

តារា​សម្តែង​​ស្រី​​​មាន​បបូរ​មាត់​សិចស៊ី​ ម៉ាក់ សែនសូនីតា ហៅ​​​ តូតា ក្រោយ​ពី​បាន​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​នឹង​លោក ប៉ុល វិបូ ដែល​អតីត​ជា​​ថៅកែ​ផលិតកម្ម​អង្គរភិចឈ័រ​ និង​​បាន​ដាក់​ទុន​រក​ស៊ី​​រួមគ្នា​ដំបូង​លើ​មុខរបរ​​​​នៃ​អាជីវកម្ម​ក្រោម​​​យីហោ​មួយ​ថា​ «​ផែសមុទ្រ​»​ ដែល​​​ពង្រីក​​សាខា​​បន្តបន្ទាប់​ លក្ខណៈ​លក់ franchise នៅ​មិន​​ទាន់​អស់​ចំហាយ​​​ល្បី​ផង ក៏​ស្រាប់​តែ​​​បន្ត​​ផុលផុស​​​​​​​បើក​​រីសត​​ថ្មី​សន្លាង​មួយ​ឈ្មោះ​ថា «​ផែ​សមុទ្រ​រីសត​» មាន​ទីតាំង​ស្ថិត​នៅ​​​ភូមិ​តាដិប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្ត​​​កំពត ស្ថិត​នៅ​លើ​ទំហំ​ដី​ ៤ ​ហិកតា​ និង ​១ ​កន្លែង​ទៀត​នៅ​​​កំពង់ស្ពឺ​។​

គួរ​​រំឭក​ផង​ដែរ​ថា​ អ្នកនាង តូតា ក៏​មាន​ជំនាញ​លក់​គ្រឿង​មាស​ពេជ្រ រួច​ស្រាប់​ តាំង​ពី​នៅ​វ័យ​ក្មេង​មក​ហើយ​ដែរ ​ព្រោះ​ថា​អ្នក​ម្តាយ​របស់​អ្នក​នាង ក៏​មាន​មុខ​​របរ​រកស៊ី​បែប​នេះ តាំង​ពី​ដើម ហើយ​​នាង​ក៏​តែងតែ​ជួយ​លក់​ដូរ​ម្តាយ ​នៅ​ឯ​ផ្សារ​ផង​ដែរ ​គ្រាន់​តែ​អ្នក​គាំទ្រ​មួយ​ចំនួន​មិន​បាន​ដឹង ​ហេតុ​ដូច្នេះ​​​ការ​បើក​ហាង​លក់​គ្រឿង​​​អលង្ការ​នា​ពេល​​ថ្មីៗ​នេះ គឺ​ថា​មិនមែន​​ជា​រឿង​លំបាក​សម្រាប់​តារា​​ស្រី​រូប​ស្រស់​នេះ​ឡើយ៕​​