ប៉េតាលីង ចាយ៉ា៖ នៅពេលដែលការបិទទីក្រុងបានបង្ខំឲ្យពលរដ្ឋម៉ាឡេស៊ីជាច្រើនសម្ងំនៅផ្ទះ សូម្បីតែតូបលក់ទុរេនដ៏កាក់កប ក៏ត្រូវងាកមកផ្សាយក្លិនតាមអនឡាញដែរ។
ទុរេនដែលត្រូវបានដាំតាមតំបន់ត្រូពិកនៅអាស៊ីអាគ្នេយ៍ ត្រូវបានអ្នកនិយមញ៉ាំវាដាក់រហស្សនាមថា «ស្ដេចផ្លែឈើ» ដោយសារតែសាច់ពណ៌មាសរសជាតិដូចក្រែមទឹកដោះគោផ្អែមឆ្ងាញ់។
ផ្ទុយទៅវិញ អ្នកដែលមិនចូលចិត្តផ្លែឈើបន្លានេះ តែងតែត្អូញពីក្លិនដ៏ឆួលរបស់វា ដោយអ្នកខ្លះប្រដូចវាទៅនឹងក្លិនម្ហូបរលួយ ក្លិនក្អួត ឬក្លិនស្រោមជើងស្អុយ រហូតមានការហាមប្រាមយកទុរេនចូលក្នុងបណ្ដាសណ្ឋាគារ និងយានដឹកជញ្ជូនសាធារណៈទៀតផង។
នៅប្រទេសម៉ាឡេស៊ី ឲ្យតែដល់រដូវទុរេន តូបលក់ដែលធ្លាប់តែតម្រៀបព្រោងព្រោងតាមផ្លូវ ឥឡូវប្រែខ្លួនក្លាយជាអាជីវកម្មអនឡាញស្ទើរតែគ្រប់គ្នា។
ម៉ូតូ និងរថយន្តដឹកជញ្ជូនទុរេនវេចខ្ចប់ទៅដល់មុខផ្ទះអតិថិជន ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនដូចជា Dulai Fruits Enterprise។
អ្នកគ្រប់គ្រងក្រុមហ៊ុនលោក អេរីក ចាន បានឲ្យដឹងថា ការលក់ទុរេនកកអនឡាញធ្លាប់តែមិនសូវជោគជ័យ ព្រោះតែពលរដ្ឋម៉ាឡេស៊ីនិយមផ្លែឈើស្រស់ច្រើនជាង។
ប៉ុន្តែអំឡុងពេលវិបត្តិកូវីដ ក្រុមហ៊ុនរបស់លោកបានផ្គត់ផ្គង់តម្រូវការដ៏ខ្ពស់ ដោយលោកថា៖ «យើងមានការកុម្ម៉ង់រាប់រយដងជារៀងរាល់ថ្ងៃ»។
នៅប្រទេសម៉ាឡេស៊ី ទុរេនមានតម្លៃលើសពី ៦០ រីងហ្គីត (ប្រមាណ ១៤ ដុល្លារ) ក្នុង ១ គីឡូក្រាម ហើយក្នុងចំណោមទុរេន ១៣៧ ប្រភេទ ពូជល្បីៗត្រូវបានចុះបញ្ជីមាន ពូជ មូសាង ឃីង ពូជបន្លាខ្មៅ និងពូជបង្គាក្រហម។
ក្រុមហ៊ុន Top Fruits បានលក់ទុរេនវេចខ្ចប់រួចជាស្រេចតាមបណ្ដាញហ្វេសប៊ុក ដោយ ១ កញ្ចប់ ទម្ងន់ ៣ ខាំ។ អំឡុងពេលបិទប្រទេសពាក់កណ្ដាលខែមីនា ក្នុង ១ ថ្ងៃក្រុមហ៊ុននេះបានធ្វើការដឹកជញ្ជូនយ៉ាងហោច ៨០ ដង។
អ្នកគ្រប់គ្រងក្រុមហ៊ុន Tan Sue Sian បាននិយាយថា អតិថិជនចាប់ផ្ដើមឃើញពីអត្ថប្រយោជន៍នៃការកុម្ម៉ង់ទុរេនដឹកដល់ផ្ទះ។
លោកនិយាយថា៖ «យើងអត់ចាំបាច់ខ្វល់ថាទុរេនធ្វើឲ្យធុំក្លិនឡានរបស់យើងទេ។ មានគេខ្ចប់ដឹកដល់ផ្ទះស្រាប់ៗ ពិតជាងាយស្រួលណាស់»។
អ្នកនិពន្ធ Lindsay Gasik ដែលបានសរសេរសៀវភៅជាច្រើនអំពីផល្លានុផល បានលើកឡើងថា ទោះជាចប់វិបត្តិកូវីដ ក៏អ្នកនិយមទុរេននឹងនៅតែបន្តទិញទុរេនអនឡាញ។
អ្នកនាងបានលើកឡើងថា៖ «ចាប់ពីពេលនេះទៅ ការលក់ទុរេនអនឡាញមានតែកើនឡើង»៕ AFP