ភ្នំពេញ: សិល្បៈ​គំនូរ​លើ​ជញ្ជាំង​តាម​ចិញ្ចើមផ្លូវ Cambodia Urban Art វិល​មក​ជា​ថ្មី​ក្នុង​ឆ្នាំ​ទី ៤ ជាមួយ​រូប​គំនូរ​សិល្បៈ​ចម្រុះ​ជា​ស្នាដៃ​វិចិត្រករ​មាន​ទេព​កោសល្យ​មក​ពី​ទីជិត​ឆ្ងាយ​នៃ​ប្រទេស នឹង​រំលេច​ឡើង​តាម​ដង​ផ្លូវ​នៅ​ម្ដុំ​បរិវេណ​ព្រះបរម​រាជវាំង និង បឹង​កេងកង។

ព្រឹ​ត្ដិ​ការណ៍​បើកទូលាយ​សម្រាប់​មហាជន​ដែល​កម្មវិធី​ភាគច្រើន​ក្នុង​រយៈពេល ៤ ថ្ងៃ មិន​គិត​ប្រាក់​មួយ​នេះ គឺជា​ការ​ផ្សព្វផ្សាយ​សិល្បៈ​គំនូរ​តាម​ដង​ផ្លូវ និង​ស្វែងរក​យុវជន​មាន​ទេព​កោសល្យ​នៅ​កម្ពុជា​ផង​ដែរ។

Laetitia Troussel ជា​អ្នករៀបចំ​ព្រឹ​ត្ដិ​ការណ៍​រួមជាមួយ​វិចិត្រករ​បារាំង Chifumi បាន​ឲ្យ​ដឹង​ថា៖ «យើង​មាន​បំណង​អភិវឌ្ឍ​សិល្បៈ​គំនូរ​តាម​ដង​ផ្លូវ​នៅ​កម្ពុជា និង​ស្វែងរក​វិចិត្រករ​វ័យ​ក្មេង​មាន​ទេព​កោសល្យ។ យើង​ចង់​ឲ្យ​មហាជន​បាន​ឃើញ​ទម្រង់​សិល្បៈ​ប្រភេទ​នេះ និង​ចែក​រំលែក​គំនិត​ទស្សនៈ​ជាមួយ​វិចិត្រករ​យើង»។

អំឡុង​ពេលនេះ មហាជន​អាច​ចូលរួម​កម្មវិធី​នានា​ជាមួយ​វិចិត្រករ​ជាតិ និង​អន្ដរជាតិ ដូចជា ការ​ប្រគំ​តន្ដ្រី ការ​សម្ដែង​ក្បាច់​រាំ និង​ការ​បង្ហាញ​ស្នាដៃ​គំនូរ​ផ្ទាល់ ព្រម​ទាំង​សិក្ខា​សាលា​បង្រៀន​គូររូប​ដោយ​ឥត​គិត​ថ្លៃ។

Laetitia បាន​បន្ដថា៖ «នៅ​ថ្ងៃ​សៅរ៍ ទី ១៥ យើង​នឹង​រៀបចំ​សិក្ខាសាលា​មួយ​បង្រៀន​គូរ​គំនូរ​នៅ Mansion FCC ឥត​គិត​ថ្លៃ ដោយ​ស្វាគមន៍​អ្នក​ចូល​ចិត្ដ​គំនូរ​ទាំង​ចាស់ និង​ក្មេង»។

គំនូរ​ប្រមាណ ១៥ ផ្ទាំងធំៗ ជា​ស្នាដៃ​របស់​វិចិត្រករ​ចំនួន ១០ រូប​មកពី​កម្ពុជា បារាំង អាហ្សង់ទីន និង​អេស្ប៉ាញ នឹង​បង្ហាញ​រូបរាង​ជា​សាធា​រណៈ​ក្នុង​រាជធានី​ភ្នំពេញ តាមរយៈ​ការ​ស្វែងរក​ទីតាំង​លើ​ផែនទី​របស់​កម្មវិធី​ទូរស័ព្ទ ឬ​ធ្វើ​ដំណើរ​ផ្ទាល់​ជាមួយ​រ៉ឺម៉ក​ទេសចរណ៍​ដែល​រៀបចំ​ឡើង​ដោយ​ក្រុម​ការងារ Cambodia Urban Art នៅ​ថ្ងៃ​អាទិត្យ​ទី ១៦។

វិចិត្រករ​កម្ពុជា​កំពុងតែ​មានឈ្មោះ​បោះ​សំឡេង លោក ដាវី​ដូ ដែល​ចាប់អារម្មណ៍​នឹង​ព្រឹត្ដិការណ៍​គំនូរ​លើ​ចិញ្ចើម​ផ្លូវ​តាំង​ពី​បង្កើត​ដំបូង​ក្នុង​ឆ្នាំ ២០១៥ បាន​និយាយ​ថា ស្នាដៃ​គូររូប​នៅ​តាម​ទី​សាធា​រណៈ នឹង​ទៅ​ដល់​ចក្ខុ​មហាជន​ជាច្រើន​នាក់។

​​រ៉ឺម៉ក​ដែល​បាន​ដឹក​​អ្នកចូលរួម​គយគន់​​គំនូរ​លើ​ជញ្ជាំង​តាម​ដង​ផ្លូវ​​។ សហការី

លោក ដាវី​ដូ បាន​បន្ដថា៖ «ខ្ញុំ​នឹង​បង្ហាញ​គំនូរ​នៅលើ​ជញ្ជាំង​ជា​រូបភាព​សត្វ។ រូប ១ ក្នុង​ចំណោម​នោះ​គឺជា​សត្វ​គោព្រៃ តាម​បែប​ផែន​បង្កប់​អត្ថន័យ។ ខ្ញុំ​ប្រើ​ពណ៌​ស្រមោល​ខៀវ​ជា​គោល។ ដូច្នេះ​គំនូរ ១ ផ្ទាំង​នៅ​លើ​ជញ្ជាំង​នេះ​នឹង​រំលេច​ពណ៌​ខៀវ និង​បង្កប់​អត្ថន័យ​នៅ​ទីនោះ​ស្រាប់»។

វិចិត្រករ​ខ្មែរ​ដែល​ធ្លាប់​បង្ហាញ​ស្នាដៃ​គំនូរ​ខ្លា​រមួលខ្លួន​ជាមួយ​ផ្កាឈូក​ក្នុងព្រៃ​រូបនេះ​បាន​ឲ្យ​ដឹង​ថា ស្នាដៃ​គំនូរ​លោក​នឹង​បង្ហាញ​នៅ​លើ​ជញ្ជាំង​មួយ​នៃ​វិថី ៣៨០ និង​នៅ​ផ្លូវ​លេខ ១៣។

យោងទៅតាម​ការវិភាគ​ព្រឹ​ត្ដិ​ការណ៍ Cambodia Urban Art បានបង្ហាញ​ថា​ថ្ងៃ​ព្រហស្បតិ៍ ទី ១៣ ខែ​ធ្នូ​នឹង​មាន​កម្មវិធី​ត្រៀម​បើក​សម្ពោធ​នៅ Samai Distillery ដោយ​ផ្ដើម​ពី​ការ​ស្វាគមន៍​ភេសជ្ជៈ​ពិសេស​ដែល​រចនា​ឡើង​ដោយ​វិចិត្រករ​ខ្មែរ ការ​គូររូប​ផ្ទាល់​ជួប​ជុំ​វិចិត្រករ និង​ទទួល​ទាន​ស្រា​ក្រឡុក​រួមគ្នា។ នៅ​ថ្ងៃ​បន្ទាប់ ការ​បើក​សម្ពោធ​នៅ Mansion FCC ដែល​មាន​កម្មវិធី​ជាច្រើន រួម​ទាំង​ការ​បង្ហាញ​ស្នាដៃ​គំនូរ​របស់​វិចិត្រករ​ជាតិ និង​អន្ដរជាតិ​ល្បីៗ​ផង​ដែរ។

នៅ​ថ្ងៃ​សៅរ៍ ទី១៥ ខែធ្នូ វា​ជា​វគ្គ​បណ្ដុះបណ្ដាល​សម្រាប់​អ្នក​ដែល​ចង់​សាកល្បង​គូរគំនូរ​ផ្ទាល់​ដៃ។ នៅ​ថ្ងៃ​ចុង​ក្រោយ ក្រុម​អ្នក​រៀបចំ​កម្មវិធី​នឹង​នាំ​លោក​អ្នក​ធ្វើ​ដំណើរ​តាម​រ៉ឺម៉ក​ទៅ​ទស្សនា​គំនូរ​លើ​ជញ្ជាំង​នានា​ក្នុង​ក្រុង​ភ្នំពេញ មុន​នឹង​បញ្ចប់​ដំណើរ​ជាមួយ​ភេសជ្ជៈ​ត្រជាក់ៗ​នៅ​ស្កាយបារ៍។

ព្រឹ​ត្ដិ​ការណ៍​ឆ្នាំនេះ លោក Laetitia Troussel រំពឹងថា នឹងមាន​អ្នក​ចូលរួម​ប្រមាណ ៣០០០ នាក់។ ប៉ុន្ដែ​លោក​អះអាង​ថា សិល្បៈ​គំនូរ​ស្ថិត​នៅ​លើ​ជញ្ជាំង​សាធា​រណៈ​គ្រប់​ទីកន្លែង ដែល​ប្រាកដ​ជា​មាន​អ្នក​ទស្សនា​ជាច្រើន​នាក់។

សម្រាប់​ព័ត៌មាន​លម្អិត​ស្ដីពី​ព្រឹ​ត្ដិការណ៍​សិល្បៈ​គំនូរ​លើ​ជញ្ជាំង​តាម​ចិញ្ចើម​ផ្លូវ ឬ Cambodia Urban Art លើក​ទី ៤ នេះ សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ Cambodia-urbanart៕