ភ្នំពេញៈ មហាជនមួយចំនួនប្រហែលនៅចាំវត្តមានបេក្ខនារីជាស្ត្រីបរទេសម្នាក់បានចូលប្រកួតប្រជែងនៅក្នុងវិធីប្រឡងសមត្ថភាពលំដាប់ពិភពលោករបស់ទូរទស្សន៍ហង្សមាស Cambodia Got''s Talent រដូវកាលទី ២ គឺកញ្ញា លីនដា តែពុំទាន់ដឹងពីប្រវត្តិថាយ៉ាងណាឡើយ ដោយការពិតនាងគឺអ្នករបាំក្បាលពោះ និងជាគ្រូបង្រៀនរបាំនេះផងដែរនៅក្នុងរាជធានី-ភ្នំពេញ។
មិនត្រឹមតែកញ្ញា លីនដា គឺជាសិល្បការិនីបានសម្តែង និងកំពុងតែឆក់បានឱកាសថតកូនភាគខ្មែរមួយចំនួនទៀតផងដូចជារឿង «ពន្លកស្នេហ៍រីកលើដីកម្ពុជា» ជាផលិតកម្មខ្មែរ-ចិន ដែលដើរតួជាមួយនឹងតារាសម្តែងស្រីខ្មែរកញ្ញា ផាន់ ផាត់ណា និងតួឯកប្រុសជាតារាចិននោះ។
កញ្ញា លីនដា ដែលមានឈ្មោះពិតថា លីនដា អាសាអាប់ដាលា (Linda Asha Abdalla) គឺជាអ្នករបាំក្បាលពោះកូនកាត់អេហ្ស៊ីប-ឆែកបានមករស់នៅក្នុងប្រទេសកម្ពុជារយៈពេល ៧ ឆ្នាំហើយ និងបានរៀនភាសាខ្មែរនៅវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដោយមានសមត្ថភាពអាចសរសេរ អាន និងចេះនិយាយប្រហាក់ប្រហែលនឹងម្ចាស់ស្រុក និងក្រៅពីនេះកញ្ញាក៏ចេះនិយាយភាសាចិនបានទៀតផងដែរ។ ពេលបច្ចុប្បន្នកញ្ញា លីនដា ជាសិល្បការិនីរបាំក្បាលពោះផង និងជាគ្រូបង្ហាត់របាំនេះផង ថែមទាំងជាតារាសម្តែងស្រីឲ្យផលិតកម្មខ្មែរ -ចិនទៀតផង។
កញ្ញា លីនដា ក៏បានរៀបរាប់ពីប្រវត្តិនៃរបាំក្បាលពោះថា៖ «របាំនេះមានប្រភពមកពីប្រទេសអាស៊ីកណ្ដាលខាងកើត និងកើតឡើងប្រហែល ៥ ០០០ ឆ្នាំហើយ។ ខណៈវាត្រូវគេហៅថា «របាំក្បាលពោះ»។ សព្វថ្ងៃនេះវាគឺជារំលាយចូលគ្នានូវការរាំបែបបុរាណមកពីប្រទេសអេហ្ស៊ីប ស៊ីរី តួកគី អារ៉ាប៊ីសាអ៊ូឌីត អាហ្វ្រិកខាងជើង និងក្បាច់រាំមកពីខាងអាស៊ីកណ្ដាលភាគខាងកើត។ របាំនេះត្រូវការចំណាយពេលច្រើនឆ្នាំក្នុងការក្លាយខ្លួនជាអ្នករបាំជំនាញបាន និងត្រូវខិតខំប្រឹងប្រែងរៀនសូត្រដូចគ្នាទៅនឹងរបាំបាឡេ ឬ របាំដទៃទៀតដែរ»។
កញ្ញា លីនដា បន្តថា៖ «ចំពោះអត្ថប្រយោជន៍នៃរបាំក្បាលពោះមានដូចជា សម្រួលសរសៃឈាមជាតិខ្លាញ់ធ្វើឲ្យមានសុខភាពល្អសម្រួលនូវអារម្មណ៍តានតឹង និងល្អចំពោះស្ត្រីមុនមានផ្ទៃពោះ វាងាយស្រួលក្នុងការសម្រាលកូនទៀតផង។ របាំរាំនេះវាស័ក្តិសមសម្រាប់មនុស្សគ្រប់រូប និងគ្រប់វ័យ។
កញ្ញាក៏បានឲ្យដឹងថា របាំក្បាលពោះមានវត្តមាននៅគ្រប់កម្មវិធីធំៗដូចជា ពិធីជប់លៀងប្រចាំឆ្នាំ ពិធីសម្ពោធហាង ឬក្រុមហ៊ុន ពិធីរៀបការ និងពិធីច្រើនទៀត៕