ក្រុង​ប៉េកាំង: ស្រា​ទំពាំងបាយ​ជូរ​មួយ​ដប​តម្លៃ ៣០០ ដុល្លារ​ត្រូវ​បាន​លក់​នៅ​ទឹកដី​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប បាន​ផលិត​ឡើង​ក្នុង​ទីតាំង​មិន​សម​ទំនង​បំផុត គឺ​ឯ​ជើង​ភ្នំ​ហិមពាន្ដ​ប្រទេស​ចិន ជាទី​ដែល​ប្រជា​កសិករ​ចិន​ធ្វើការ​បណ្ដើរ ច្រៀង​ចម្រៀង​ប្រពៃណី​ពេល​ប្រមូល​ផល។

ចម្ការ​ទំពាំងបាយជូរ​ផ្លែ​ពណ៌​ខៀវ​ក្រមៅ ដែលជា​ប្រភព​នៃ ការផលិត​ស្រា​ដ៏​ឆ្ងាញ់​នេះ​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពីទីបេ​ឡើយ។

ចម្ការ​ទំពាំងបាយជូរ Ao Yun ស្ថិតនៅ​ពីក្រោម​ភ្នំ​ពិសិដ្ឋ ម៉ៃ​លី នៅ​កម្ពស់ ២២០០ ម៉ែត្រ​លើ​នីវ៉ូទឹក​សមុទ្រ​ឯ​ភាគ​និរតី​ខេត្ដ​យុនណាន ប្រទេស​ចិន។

ខណៈ​ស្រា​ទំពាំងបាយជូរ​កំពុងមាន​ប្រជាប្រិយ​ភាពខ្លាំង​ក្នុងប្រទេស​ចិន មិន​ច្បាស់​ថា វា​ត្រូវ​បាន​ផលិត​ឡើង​ពី​ណា​ឡើយ តែ​ក្រុមហ៊ុន​យក្ស​នៅ​បារាំង Moet Hennessy បាន​លាត​ត្រដាង​ពី​ទីតាំង​របស់​ខ្លួន​ដោយ​ការ​បង្ហាញ​ទីតាំង​ប្រភព​រុក្ខជាតិ​គ្រឿង​ផ្សំ​ចម្បង​ពី​ប្រទេស​នៅ​អាស៊ី ដែល​អាច​ផលិត​ស្រា​ក្រហម​លំដាប់​ពិភពលោក សឹង​តែ​មិន​គួរ​ឲ្យ​ជឿ។

ក្រុមហ៊ុន​ចំណាយពេល ៤ ឆ្នាំ ស្វែងរក​ទីតាំង​ល្អ​បំផុត​ក្នុងប្រទេស​ដ៏​ធំធេង​នេះ ហើយ​លទ្ធផល Ao Yun មានន័យ​ថា «ហោះ​លើ​ពពក» អាច​ដាក់​លក់​ក្នុង​ឆ្នាំ ២០១៣។

ស្រានៅ Ao Yun ផលិត​តែ ២០០០ កេស ប៉ុណ្ណោះ​។ AFP

លោក​ម៉ា​សេន ឌូ​លូ នាយកគ្រប់គ្រង​អចលនទ្រព្យ Ao Yun បាន​ប្រាប់​ទីភ្នាក់ងារ AFP ខណៈ​លោក​ត្រួត​ពិនិត្យ​ផ្លែ​ទំពាំង​បាយជូរ​ម្ដង​ផ្លែៗ​យ៉ាង​យក​ចិត្ដ​ទុក​ដាក់​នៅ​ចម្ការ​មួយ​របស់​លោក​ថា៖ «ទីតាំង​នេះ​ពិត​ជា​ល្អ​អស្ចារ្យ ដោយ​វា​មាន​ទំហំ​ធំ​ធេង»។

លោក ឌូ​លូ អាយុ ៤៣ ឆ្នាំ បាន​បន្ដថា លោក​មាន​ក្ដី​សុបិន​ស្វែងរក​ដែនដី​មាស​ដាំ​ទំពាំង​បាយ​ជូរ ឬ «terroir» ជា​ភាសា​បច្ចេកទេស​បារាំង​ដែល​អំណោយ​ផល​ទាំង​ដី និង​អាកាស​ធាតុ​ក្នុង​ប្រទេស​ចិន តាំង​ពី​លោក​មក​សិក្សា​នៅ​សាកល​វិទ្យាល័យ។

ក្រុមហ៊ុន​ចង់បង្ហាញ​ថា ស្រា​ទំពាំងបាយជូរ​ល្អ​បំផុត​អាច​ផលិតឡើង​ក្នុង​ប្រទេស​ចិន ជាទី​ដែល​អ្នក​ប្រើប្រាស់​ក្នុង​ស្រុក​ជឿ​ជាក់​លើ​ស្រា​បារាំង​ជាង​ផលិតផល​ក្នុង​ស្រុក។

ស្រា​ទំពាំងបាយជូរ Cabernet Sauvignon និង Cabernet Franc បានធ្វើ​ឲ្យ​អ្នក​និយម​ស្រា​ទំពាំង​បាយជូរ​ស្រឡាំង​កាំង។ យ៉ាង​ណា​មិញ មាន​តែ ចំនួន ២០០០ កេស​ប៉ុណ្ណោះ​ត្រូវ​បាន​ផលិត​ឡើង​ក្នុង ១ ឆ្នាំ និង​លក់​ក្នុង​ប្រទេស​ចិន បណ្ដា​ប្រទេស​នៅ​អាស៊ី សហរដ្ឋ​អាមេរិក ព្រម​ទាំង​អឺរ៉ុប​ផង​ដែរ៕

ចម្ការ​ទំពាំងបាយជូរ​​កម្ពស់ ២២០០ ម៉ែត្រ​ពីនីវ៉ូសមុទ្រ​​​។ AFP