ក្រុងហាណូយ៖ ដប​ប្លាស្ទិក និង​កែវ​រាប់ពាន់​ស្ថិត​នៅ​រាយប៉ាយ​ពាសពេញ​ដី​កសិដ្ឋាន​របស់​លោក ត្រាន់ ង៉ុក ថាង ដែល​ដបនីមួយៗ​ជា​ជម្រក​របស់​ត្រី​ពណ៌​ស្រស់​ឆើត និង​ក្លៀវក្លា ដែល​ត្រូវតែ​ចិញ្ចឹម​ដាច់​ដោយ​ឡែក។

លោក ថាង បាន​ចាប់​អាជីព​បង្កាត់​ពូជ​ត្រី​ក្រឹម​ជល់ ឬ​ហៅថា ត្រី​ប្រយុទ្ធ រយៈពេល​ជាង ២០ ឆ្នាំ​នៅ​ប្រទេស​វៀតណាម ហើយ​មុខរបរ​របស់​លោក​នៅតែ​កាក់កប។

ត្រី​ក្រឹម​ទាំងនេះ​ធ្លាប់​មាន​តម្លៃ​ខ្ពស់​ដោយសារ​សមត្ថភាព​ប្រយុទ្ធ​របស់​ពួកវា ជាមួយ​ការលេង​ល្បែងភ្នាល់​ទៅលើ​ភាគី​ត្រី​នីមួយ។ បច្ចុប្បន្ន ពួកវា​ស្ទើរតែ​ប្រែក្លាយ​ជា​ត្រី​តាំង​លម្អ ប៉ុន្តែ​នៅតែ​រក្សា​ទុកដាក់​ដោយឡែក​នៅ​កសិដ្ឋាន​របស់លោក ថាង ដើម្បី​បញ្ចៀស​ការជល់​គ្នា។

ដោយ​ប្រមែប្រមូល​ដប​នៅ​តាម​ស្ថានីយ​រថភ្លើង​ក្នុងស្រុក លោក​បាន​ប្រាប់ AFP ថា៖ «ខ្ញុំ​បាន​សិក្សា​ពី​អត្ដចរិត​ត្រី​ក្រឹម​នីមួយៗ ហើយ​ខ្ញុំ​ដឹងថា ដប​ប្លាស្ទិក​ជា​ជម្រក​ដ៏ល្អ​សម្រាប់​ចិញ្ចឹម​ពួកវា»។

ត្រី​ក្រឹម​ជល់​រាប់សិប​ក្បាល នៅក្នុង​ក្រឡ​ដាច់​ដោយឡែក​ពី​គ្នា​រង់ចាំ​អតិថិជន​ទិញយក​ទៅ​តាំង​លម្អ​ផ្ទះ។AFP

បុរស​វ័យ ៥៤ ឆ្នាំ​រូបនេះ​បាន​និយាយថា៖ «ខ្ញុំ​កាត់​កដប និង​ចោះ​រន្ធ​ ១ ដែល​ងាយស្រួល​ក្នុង​ការផ្លាស់ប្ដូរ​ទឹក។ ត្រី​ទាំងនេះ ត្រូវ​បាន​ផ្ដល់​ចំណី​រក​បាន​ពី​ស្រះជិតៗ​រៀងរាល់ថ្ងៃ។ ការថែទាំ​បែបនេះ វា​ងាយស្រួល​ជាង ហើយ​អាច​បញ្ចៀស​ការជល់​គ្នា​ថែមទៀត»។

ស្ថិត​នៅ​កំពូល​តារាង​នៃ​ពូជ​ត្រី លោក ថាង បាន​ចិញ្ចឹម​ត្រី​ប្រមាណ​ពី ៣ ពាន់ ទៅ ៤ ពាន់​ក្បាល​ក្នុង ១ ឆ្នាំ និង​ការលក់​តម្លៃ​ចន្លោះ​ពី ៣០០ រៀល ទៅ ២ ម៉ឺន​រៀល​ក្នុង ១ ក្បាល។

ម៉ូយ​ប្រចាំ​ម្នាក់ លោក ប៊ុយ ដួនធុង អាយុ ៣៥ ឆ្នាំ តែងតែ​និយម​ទិញ​គ្រប់​ប្រភេទ​ត្រី​ក្រឹម ដូចជា ព្រះចន្ទ ៨ កើត ដាំបូ ឆើតឆាយ និង​កូយ រយៈពេល ៤ ឆ្នាំ​ចុងក្រោយ​នេះ។

លោក​និយាយថា៖ «ពេលនេះ ត្រីក្រឹម​មិន​សម្រាប់​ជល់​ទៀត​ទេ តែ​សម្រាប់​តាំង​លម្អ។ ប្រភេទ​ត្រី​នីមួយៗ​សុទ្ធតែ​ស្រស់ស្អាត​ទៅ​តាម​លក្ខណៈ​ខុសៗ​គ្នា»៕ HR

លោក ថាង បាន​ចិញ្ចឹម​ត្រី​ប្រមាណ​ពី ៣ ពាន់ ទៅ ៤ ពាន់​ក្បាល​ក្នុង ១ ឆ្នាំ ដោយ​ការលក់​មាន​តម្លៃ​ពី ៣០០ រៀល ទៅ ២ ម៉ឺន​រៀល​ក្នុង ១ ក្បាល។ AFP

ប្រភេទ​ត្រី​ក្រឹម​ជល់​នីមួយៗ​សុទ្ធតែ​ស្រស់ស្អាត​ទៅ​តាម​លក្ខណៈ​ខុសៗ​គ្នា។ AFP

ត្រី​ក្រឹម​ទាំងនេះ​ធ្លាប់​មាន​តម្លៃ​ខ្ពស់​ដោយសារ​សមត្ថភាព​ប្រយុទ្ធ​របស់​ពួកវា ក្នុង​ល្បែងភ្នាល់។ AFP