ក្រុងបាងកក: ទាំង​ព្រុយ កន្ទុយ​រំលេច​ពណ៌​ស្រស់​ឆើតឆាយ​គួរ​ឲ្យ​ទាក់ទាញ ត្រី​ក្រឹម​សៀម​កាលពី​សប្ដាហ៍​កន្លង​ទៅ​ត្រូវ​បាន​ដាក់​ងារ​ជា​សត្វ​ទឹក​តំណាង​ជាតិ​ប្រចាំ​ប្រទេស​ថៃ​។

ដោយ​ស្គាល់​ជា​ត្រី​ក្រឹម​ជល​នៅ​ភាគ​ខាងលិច​ប្រទេស មច្ឆា​លេង​សម្រស់​នេះ​ទទួល​បាន​ប្រជាប្រិយភាព​ជា​ត្រី​តាំង​លម្អ​ចំពោះ​រូបឆោម និង​កន្ទុយ​វែង​អន្លាយ​របស់​វា​។

រដ្ឋាភិបាល​ថៃ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ការណ៍​មួយ​ថា គណៈរដ្ឋមន្ដ្រី​បាន​អនុម័ត​សំណើ​ដាក់​បញ្ចូល​ត្រី​ក្រឹម​សៀម​ជា​ជល​សត្វ​តំណាង​ជាតិ ដោយ​យោង​តាម​ប្រវត្ដិ និង​ទំនាក់ទំនង​ប្រពៃណី​។

ដំណឹង​នេះ​បាន​ធ្វើឲ្យ​កើត​អារម្មណ៍​នឹក​អាឡោះអាល័យ​ដល់​មនុស្ស​ជំនាន់​មុន​រស់នៅ​ក្នុង​ប្រទេស​ថៃ​ដែល​បាន​ប្ដូរ​ឈ្មោះ​សៀម​ក្នុង​ឆ្នាំ​ ១៩៣៩​។ ពួកគេ​បាន​នឹកឃើញ​ដល់​ពេល​លក់ដូរ​ត្រី​ក្រឹម និង​ចាំ​បញ្ជល់​គ្នា​កាលពី​កុមារភាព​។

លោក សក្កដា ស៊ីហាផាត់ អ្នក​ថែទាំ​នៅ​វិចិត្រសាល​ត្រី​ក្រឹម​សៀម​ក្នុង​ខេត្ដ​សាមុត ប្រាកាន បាន​ឲ្យ​ដឹង​ថា​៖ «​ពលរដ្ឋ​ថៃ​ភាគច្រើន​ពេល​ក្មេង​នៅ​តំបន់​ជនបទ​នាំ​គ្នា​ចាប់​ត្រី​ក្រឹម​តាម​បឹង​ត្រពាំង​»​។

វិចិត្រសាល​នេះ​ត្រូវ​ធ្វើ​ដំណើរ​ប្រមាណ ១៥ ​នាទី​ពី​ក្រុង​បាងកក​តាម​ទូក​ដោយ​ឆ្លងកាត់​ទន្លេ​ចៅ​ប្រាយ៉ា​ត្រូវ​បាន​ជឿថា​ជា​ជម្រក​មច្ឆា​លេង​សម្រស់​ទាំងនេះ​។ ប៉ុន្ដែ​ផ្លូវទឹក​ប្រទេស​ថៃ​បាន​ផ្លាស់ប្ដូរ​ទៅ​តាម​កាល​វេលា​ដោយ​មាន​ការអភិវឌ្ឍ​ផ្នែក​កសិកម្ម និង​ពាណិជ្ជកម្ម​រំខាន​ដល់​ការបង្ក​កំណើត​ត្រី​។

លោក​បាន​បន្ដ​ថា​៖ «​ឥឡូវ​ទាល់តែ​ទៅ​រក​នៅតាម​តំបន់​ដី​សើម​ពី​បរម​បុរាណ​ទើប​ឃើញ​ត្រី​ក្រឹម​។ ពួកវា​លែង​សម្បូរ​ដូច​មុន​ហើយ​»៕ HR