ភ្នំពេញ: ដោយ​ស្គាល់​ជា «អា​រ៉ូ​វ៉ា​ណា អាស៊ី» ត្រី​នាគ ត្រូវបាន​ចាត់​ទុក​ជា​និមិត្ត​រូប​លាភ​សំណាង និង​សេចក្ដី​ចម្រុង​ចម្រើន​ចំពោះ​ពលរដ្ឋ​អាស៊ី ដោយសារ​រូប​សម្បត្ដិ​ដ៏​ស្រស់​ឆើត​ឆាយ​នៃ​ស្រកា​ក្រាស់​ធំៗ និង​ព្រុយ​ចង្កា​ភ្លោះ ២ ស្រដៀង​នឹង​នាគរាជ​ចិន។ លើស​ពី​នេះ​ជំនឿ​ហុងស៊ុយ បាន​បង្កើន​ប្រជាប្រិយ​ភាព​ត្រី​ជា​ប្រភេទ​សត្វ​ចិញ្ចឹម​ប្រណីត។

លោក អ៊ៅ ណន ហៅ​គ្រូ ម៉ុង ដែល​ផ្ទះ​ស្ថិតនៅ​ទល់មុខ​ចំ​ខ្លោងទ្វារ​ខាងកើត​វត្ត​ព្រះពុទ្ធ​ឃោ​សា​ចារ្យ ហៅ​វត្ត​ចិន​ដំ​ដែក​បាន​ប្រាប់​ពី​ជំនឿ​ចិញ្ចឹម​ត្រី​នាគ​ថា៖ «ចិញ្ចឹម​យ៉ាង​ម៉េច កុំ​ឲ្យ​ត្រី​ហ្នឹង​ងាប់។ បើ​វា​ងាប់ ប្រាកដ​ជា​ដាក់ [រាសី] ខ្លាំង​ណាស់។ បើ​សិន​ជា​ត្រី​ងាប់ យើង​មាន​បញ្ហា​ចំពោះ​សុខភាព រឿងរ៉ាវ​ពី​តូច​ទៅ​ជា​ធំ។ បើ​រស់​យើង​សុខ​សប្បាយ រក​ស៊ី​មាន​បាន អ្នក​តូច​អ្នក​ធំ​រាប់​អាន»។

លោក​អះអាងថា៖ «ត្រី​នាគ​នេះ​គេ​គិត​ទៀតថា វា​ត្រូវ​នៅ​ទិស​ណា។ សំខាន់ រៀបចំ​ទុក​ដាក់​យ៉ាង​ដូច​ម្ដេច​ឲ្យ​វា​ស្ថិត​នៅ​ខាង​ស្ដាំ​ដៃ ពេល​ដើរ​ចូល​ផ្ទះ។ ចំពោះ​អ្នក​ចង់​ចិញ្ចឹម​ត្រី​នៅ​ខាង​ឆ្វេង​ដៃ វា​មាន​រឿងរ៉ាវ​ឥត​ឈប់​ឈរ និង​អាច​ធ្វើ​ឲ្យ​ត្រី​ងាប់​ទៀត ធ្លាក់​បុណ្យ​ធ្លាក់​ស័ក្ដិ»។

ដោយ​មិន​នឹកគិត​ដល់​ហុង-ស៊ុយ​ឬ​សិរី​មង្គល តែ​ជា​ចំណង់​ចំណូល​ចិ​ត្ដ​ចិញ្ចឹម​ត្រី​នាគ​ដូចគ្នា​ពលរដ្ឋ​ខ្មែរ​មួយ​ក្រុម​ធំ​ចង​ក្រង​ជា​ក្រុម​ស្រឡាញ់​ត្រី​នាគ ក្នុង​បំណង ដើម្បី​ចែក​រំលែក​ចំណេះដឹង​អំពី​វិធីសាស្ត្រ​ក្នុង​ការ​ចិញ្ចឹម ថែទាំ និង​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​គ្នា។

ជាមួយ​សមាជិក ៤៤៦៨ នាក់ ដែល​ក្នុងនោះ មាន​អ្នក​ចិញ្ចឹម​ត្រី​នាគ​ពី ៣០០ ទៅ ៤០០ នាក់​នោះ លោក ណា សុ​ពេជ្រ ជា​ស្ថាបនិក​ម្នាក់​នៃ​ក្រុម​អ្នក​ស្រឡាញ់​ត្រី​នាគ Cambodia Arowana Group បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៨ បាន​និយាយ​ថា៖ «មូល​ហេតុ​យើង​បង្កើត​ក្រុម​នេះ ដោយសារ​យើង​ចង់​ស្គាល់ និង​ចង​ក្រង​មិត្ដភក្ដិ​ដែល​មាន​ចំណូល​ចិត្ដ​ស្រឡាញ់​ត្រី​នាគ​ដូចគ្នា។ មួយ​ទៀត យើង​បាន​ចែក​រំលែក​គ្នា​ពី​ចំណេះដឹង​របស់​សមាជិក​ម្នាក់ៗ ជា​ពិសេស ចែក​រំលែក​នូវ​រូបភាព​ត្រី​នាគ​សំណព្វ​ចិត្ដ​របស់​ខ្លួន​ឲ្យ​សមាជិក​បាន​ឃើញ»។

ត្រីនាគ​មាន​តម្លៃ​ទៅតាមទំហំ ប្រភេទ និង​ពណ៌របស់វា​​។ AFP

ទោះបីជា​ការចិញ្ចឹម​ត្រី​នាគ ចេញពី​ក្ដី​ស្រឡាញ់ និង​ដើម្បី​លម្អ​យ៉ាងណា​ក៏ដោយ ក៏​លោក​សារភាព​ថា សមាជិក​ក្រុម​ខ្លះ​ទៀត​ក៏បាន​លក់​បន្ដ​ដែរ ដោយសារ​តែ​ចង់​ផ្លាស់ប្ដូរ ពូជ​ត្រី​កាន់​តែ​ល្អ​ជាង​មុន។

ជាក់ស្ដែង លោក​បាន​ចិញ្ចឹម​ត្រី​នាគ​ចំនួន ២ ក្បាល ប្រវែង​ប្រមាណ ១,៥ តឹក ទិញ​តម្លៃ ១០ ដុល្លារ ក្នុង​មួយ​ក្បាល រហូត​ដល់​ត្រី​មាន​ទម្ងន់ ២,៥ គីឡូក្រាម ប្រវែង​ជាង ៤ តឹក លើ​រយៈពេល​ជាង ២ ឆ្នាំ និង​សម្រេច​ចិត្ដ​លក់​ឲ្យ​មិត្ដភក្ដិ​ក្នុង​ក្រុម​ដែល​មាន​បំណង​ចង់​ចិញ្ចឹម​បន្ដ​ក្នុង​តម្លៃ ៨០០ ដុល្លារ។

លោក សុ​ពេជ្រ ប្រាប់ថា៖ «ងាយស្រួល​ចិញ្ចឹម​ទេ ដោយ​វា​ទាមទារ​ទឹកស្អាត ឬ​ទឹក​ម៉ាស៊ីន​បន្ថែម​ថ្នាំ​រក្សា​គុណភាព​ទឹក​បន្ដិច ឬ​ឧស្សាហ៍​ផ្លាស់​ប្ដូរ​មួយ​សប្ដាហ៍ ២ ដង។ អុកស៊ីហ្ស៊ែន និង​ម៉ូទ័រ​បូម​ផ្លាស់ប្ដូរ​ទឹក​ត្រូវ​ដំណើរ​ការ​ជាប់ ២៤ ម៉ោង​ពេញ។ ចំពោះ​ចំណី​ភាគ​ច្រើន ត្រី​នាគ​ស៊ី​បង្គា​ស្រស់​មួយថ្ងៃ ២ ទៅ ៣ ដង ដោយ​ប្រើ​បង្គា​ពី ១ ទៅ ២ គ្រាប់»។

លោក ណា សុ​ពេជ្រ បាន​បន្ថែមថា ដើម្បី​រំលេច​ពណ៌​ស្រស់ស្អាត វា​កើត​ពី​កត្ដា​ពូជត្រី និង​ការ​ចិញ្ចឹម​ក្នុង​បរិស្ថាន​ជុំវិញ។ ចំពោះ​ប្រភេទ​ត្រី​នាគ​កំពូល​បំផុត​គេ​ហៅ Platinum ដែល​មាន​រូបរាង​ពណ៌​ស​ទឹកកក ឬ​ទឹក​ដោះគោ​ទាំង​អស់​មាន​តម្លៃ​រាប់ម៉ឺន​ដុល្លារ​ឯណោះ៕

កូន​ត្រីនាគ​ ១ ​ក្បាល​មានតម្លៃ ១០ ដុល្លារ​​​។ ហ្វេសប៊ុក