ក្រុង​បាងកក៖ អាង​ទឹក​ឯកជន អាហារ​ឆ្ងាញ់ និង​ការ​វាស់​កម្ដៅ​ ២ ​ដង ​ក្នុង ​១ ថ្ងៃ ទាំង​នេះ​មាន​នៅ​កន្លែង​ចត្ដាឡីស័ក​កម្រិត​ផ្កាយ ៥ ក្នុង​ប្រទេស​ថៃ ដែល​ភ្ញៀវ​ទេសចរ​អាច​សម្រាក​កាយ​បែប​ប្រណីតភាព​​ស្រប​តាម​វិធានការ​ប្រឆាំង​វីរុស​កូរ៉ូណា​ដ៏​តឹងរ៉ឹង​បំផុត​។

ក្រោយ​ហាម​ប្រាម​ភ្ញៀវ​ទេសចរ​ចូល​ប្រទេស​អស់​រយៈពេល ៦ ​ខែ ប្រទេស​ថៃ ​ដែល​ពឹង​អាស្រ័យ​សេដ្ឋកិច្ច​ចម្បង​​លើ​វិស័យ​ទេសចរណ៍ ត្រៀម​បើក​ទ្វារ​ទទួល​ភ្ញៀវ​​ខ្លះ​ៗ​ ដោយ​ចាប់​ផ្ដើម​ពី​​ក្រុង​ភូកេត ដែន​កោះ​ទេសចរណ៍​ពេញ​និយម​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​។

ប៉ុន្ដែ​មុន​ពេល​រីករាយ​នឹង​សម្ផស្ស​ឆ្នេរ​ទេសចរ​ចិន​ និង​ស្កានឌីវ៉ានី ៣០០ ​នាក់ នឹង​ត្រូវ​ធ្វើ​ចត្ដាឡីស័ក​ក្នុង​រយៈពេល ១៤ ​ថ្ងៃ​ រួម​ទាំង​ការ​ធ្វើ​តេស្ដ​រក​វីរុស​កូរ៉ូណា​ចំនួន​ ២ ​លើក​ទៀត​ ដោយ​មាន​ការ​ឃ្លាំមើល​ពី​សំណាក់​ក្រុម​វេជ្ជ​បណ្ឌិត និង​សន្ដិសុខ​។

លោក Jean-Francois ជា​និវត្ដជន​មក​ពី​បារាំង​ រស់នៅ​ប្រទេស​ស៊ុយអែត ដែល​រំពឹង​បាន​គេច​ពី​រដូវ​រងា​នៅ​រាជាណាចក្រ​នោះ បាន​និយាយ​ថា​៖ «​វា​ច្បាស់​ជា​ងាយ​ស្រួល​ហើយ តែ​ខ្ញុំ​បារម្ភ​ថា ខ្ញុំ​ប្រហែល​ជា​អន្ទះសា​ហើយ​មើល​ទៅ​ដោយសារ​តែ​អត់​មាន​សេរីភាព​»។

រីសត​ប្រណីត ៩កន្លែង​នៅ​ខេត្ត​ភូកេត​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​ទទួលភ្ញៀវ​ធ្វើ​ចត្តាឡីស័ក​ក្នុង​ស្ថានភាពដ៏​​ប្រណីត​​។ រូបថត AFP

នៅ​រីសត The Senses Resort នៃ​​ឆក​ Patong Bay នៃ​ដែន​កោះ​ភូកេត វីឡា ១៦ ខ្នង​ ត្រូវ​បាន​រៀបចំ​ជា​​ពិសេស​សម្រាប់​ភ្ញៀវ​ធ្វើ​ចត្តាឡីស័ក​។

វីឡា​ដែល​មាន​ទំហំ ២២០ ​ម៉ែត្រ​ការ៉េ ត្រូវ​បាន​ឌីហ្សាញ​ឡើង​វិញ ដើម្បី​​ងាយ​ស្រួល​ដល់​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ ខណៈ​កាមេរ៉ា​សុវត្ថិភាព​ត្រូវ​បាន​ដំឡើង​នៅ​មាត់​​ច្រក​។

បុគ្គលិក​ក៏​ទទួល​វគ្គ​បណ្ដុះ​បណ្ដាល​នៅ​មន្ទីរ​ពេទ្យ​អំពី​របៀប​ត្រួត​ពិនិត្យ​បង្ការ​​ការ​ឆ្លង និង​ផ្ដល់​សម្ភារ​ការពារ ​ដើម្បី​ផ្ដល់​អាហារ​តាម​បន្ទប់​ផង​ដែរ​។

ម្ចាស់​សណ្ឋាគារ ស៊ូផាឆូក ឡាអុងផេត បាន​និយាយ​ថា​៖ «​យើង​ត្រូវ​ស្វែង​រក​ប្រភព​ចំណូល​ផ្សេង​ៗ ​ដើម្បី​ឧបត្ថម្ភ​បុគ្គលិក​ និង​សេដ្ឋកិច្ច​ក្នុង​ស្រុក​»។

បន្ទប់​ប្រណីត​នៃ​សណ្ឋាគារ​ភូកេត​សម្រាប់​ទទួលភ្ញៀវ​​ធ្វើ​ចត្តាឡីស័ក​។ រូបថត AFP

រីសត​របស់​លោក​ជា​អចលនទ្រព្យ​ប្រណីត ​១ ក្នុង​ចំណោម ៩​ នៅ​ភូកេត​ដោយ​រដ្ឋាភិបាល​បាន​អនុម័ត​ឲ្យ​ប្រើ​ជា​កន្លែង​ចត្ដាឡីស័ក​បែប​ប្រណីត​។

ការ​ស្នាក់​អាស្រ័យ​នៅ​រីសត The Senses ត្រូវ​ចាយ​អស់​ ៥ ៣០០ ​ដុល្លារ ឬ ១៨ ៧០០ ដុល្លារ​ សម្រាប់ ​១ គ្រួសារ។ បើ​គំរូ​ចត្តាឡីស័ក​នៅ​កោះ ភូកេត​ទទួល​ជោគ​ជ័យ​រដ្ឋាភិបាល​នឹង​បន្ដ​ឲ្យ​សណ្ឋាគារ​ដទៃ​ទៀត​អនុវត្ដ​បែប​នេះ​។

ភ្ញៀវ​ដាណឺម៉ាក អាយុ ៥០ ​ឆ្នាំ​ ដែល​គ្រោង​មក​ស្នាក់​នៅ The Senses បាន​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា​៖ «​វា​ជា​ទ្រុង​ស្រោប​មាស​ដ៏​មាន​ប្រសិទ្ធភាព​»៕ AFP/HR