ក្រុងបាងកក: មន្ដ្រី​ម្នាក់​បាន​និយាយ​ពី​សប្ដាហ៍​មុន​ថា ឆក​តូច​ក្នុង​ប្រទេស​ថៃ ដែល​បាន​ក្លាយជា​គោល​ដៅ​ទេសចរណ៍​មិន​គួរ​រំលង ក្រោយ​ពី​ភាពយន្ដ «The Beach» ឆ្នាំ ២០០០ នឹង​ត្រូវ​បិទ​ទ្វារ​លែង​ជួប​ភ្ញៀវ​រយៈពេល ៤ ខែ​ខណៈ​ថៃ​ទប់​ទល់​នឹង​ផល​ប៉ះពាល់​ពី​ចំនួន​ភ្ញៀវទេសចរ​ដ៏​ច្រើន។

សេចក្ដីប្រកាស​បាន​បន្ថែ​ម​លើ​បម្រាម​ហាម​ទូក​ចូល​ចត​លើ​ឆក​ម៉ាយ៉ា កាលពី​ខែ​មុន ដើម្បី​ការពារ​ពី​ផល​ប៉ះ​ពាល់​ដល់​ផ្កាថ្ម។ ភ្ញៀវ​រហូត​ដល់ ៤០០០ នាក់ និង​ទូក​រាប់រយ​គ្រឿង​បាន​សម្រុក​មក​កម្សាន្ដ​លើ​ឆ្នេរ​កោះ ភីភី អម​ដោយ​ភ្នំ​ថ្ម​ច្រូង​ច្រាង និង​ផ្ទៃ​ទឹកថ្លា រៀង​រាល់​ថ្ងៃ ជា​ពិសេស វា​មាន​នៅ​ក្នុង​ឈុត​ឆាក​ភាពយន្ដ​របស់​តារា​ហូលីវូដ​លោក ឡេអូណាដូ ឌីកាព្រីយ៉ូ។

ប៉ុន្ដែ​ឆក​តូច​នេះ​នឹង​លែង​ទទួលភ្ញៀវ​រយៈពេល ៤ ខែ​ចាប់ពី​ខែ​មិថុនា​ដល់​ខែកញ្ញា អំឡុង​រដូវ​មូសុង។ នេះ​បើ​យោង​តាម​នាយក​ការិយាល័យ​ឧទ្យាន​ជាតិ សុងថាម ស៊ុក សាវ៉ាង។

លោក​បាន​ថ្លែងថា៖ «យើង​បានសម្រេច​ឈានដល់​ការបិទ​ឆ្នេរ​ម៉ា​យ៉ា ៤ ខែ​នេះ​គឺ​ដើម្បី​ស្ដារ​ប្រព័ន្ធ​អេកូឡូស៊ី»។

ផ្លូវ​ចូលទៅ​កាន់​ឆ្នេរ​កម្សាន្ត​នោះ​នឹង​បិទ ខណៈ​ទូក​ទេសចរណ៍​នឹងត្រូវ​ហាមឃាត់​ពី​ការ​ដាក់​ភ្ញៀវ​ផង​ដែរ។

តារាហូលីវូដ ឡេេអូណាដូ ឌីកាព្រីយោ នៅ​ឆ្នេរម៉ាយ៉ា​។ AFP

លោក​និយាយថា អំឡុងពេល​បិទ ៤ ខែ​នេះ សាកល​វិទ្យាល័យ​នានា​នឹងធ្វើ​ការ​សិក្សា​ពី​វិធី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ចីរភាព។ ការ​បិទ​ឆ្នេរ​នេះ​គឺជា​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ចុង​ក្រោយ ដើម្បី​ស្រោច​ស្រង់​បរិស្ថាន​ដែល​បង្ក​ឡើង​ដោយ​ឧស្សាហកម្ម​ទេសចរណ៍​ដ៏ធំ​សម្បើម​របស់​ថៃ ជា​សសរស្ដម្ភ​សេដ្ឋកិច្ច​ដ៏​សំខាន់ ដែល​បាន​នាំយក​ភ្ញៀវ ៣៥ លាន​នាក់​មក​លេង​រាជាណា​ចក្រ​មួយ​នេះ​កាល​ពី​ឆ្នាំ​មុន។

ក្រុម​អ្នកជំនាញ និង​មន្ដ្រី​បរិស្ថាន បាន​ព្រមាន​ថា ភ្ញៀវទេសចរ​ច្រើនពេក​បង្ក​ផល​ប៉ះពាល់​ដល់​សម្រស់​ឆ្នេរ​ទាំង​បញ្ហា​សំរាម និង​ប្រព័ន្ធ​អេកូឡូស៊ី​ផង​ដែរ។

ការជក់បារី​ត្រូវបាន​ហាម​នៅលើ​គោលដៅ​ទេសចរណ៍​ឆ្នេរ​ល្បីៗ​ចំនួន ២០ របស់​ប្រទេស ក្នុង​រដូវ​សម្បូរ​ភ្ញៀវ រួច​ហើយ ដោយ​អាជ្ញាធរ​ត្រូវ​ផាក​ពិន័យ ឬ​ដាក់​ទោស​ទណ្ឌ​ដល់​អ្នក​ល្មើស​ច្បាប់​ថ្មី​នេះ​ថែម​ទៀត។

លោក ឡេ​អូ​ណា​ដូ ឌី​កា​ព្រី​យ៉ូ បាន​ដើរតួ​សម្ដែង​ក្នុង​ភាពយន្ដ «The Beach»ក្រោម​ការ​ដឹកនាំ​របស់​ផលិតករ ដាននី ប៊យ ដោយ​ដក​ស្រង់​ចេញពី​រឿង​ប្រលោម​លោក​ទេសចរណ៍​សម្ពាយ​របស់​លោក Alex Garland ដោយ​ប្រើ​ចំណង​ជើង​ដូចគ្នា៕

ផ្ទាំង​ថ្ម​ផុស​ពី​ទឹក​សមុទ្រ​ខៀវ​ថ្លា នៅ​ឆ្នេរ​ម៉ាយ៉ា​។ ឈឹម ស្រីនាង