ក្រុង​ហូជីមិញ៖ សិល្បៈ​ខ្មែរ​នៅ​តំបន់​ភាគ​ខាង​ត្បូង​វៀតណាម បាន​ឆ្លង​កាត់​ដំណាក់កាល​​ជា​ច្រើន​ ទោះ​ជា​​អត្តសញ្ញាណ​វប្បធម៌​​​នេះ​នៅ​រក្សា​បាន​នៅ​ឡើយ។ តែ​ជាមួយ​លំហូរ​តន្ត្រី​សម័យ​ និង​វប្បធម៌​ទំនើប ទម្រង់​សិល្បៈ​​តន្ត្រី​​ជនជាតិ​ដើម​ខ្មែរ នៅ​ភាគ​ខាង​ត្បូង​វៀតណាម កំពុង​ប្រឈម​នឹង​បញ្ហា​បាត់បង់​​ប្រជាប្រិយភាព។

តន្ត្រី​ប្រជាប្រិយ​ខ្មែរ​តែងតែ​ត្រូវ​បាន គាំទ្រ​ដោយ​ពលរដ្ឋ​ក្នុង​ស្រុក ដោយសារ​​អត្ថន័យ​​បង្កប់​ក្នុង​ទម្រង់​សិល្បៈ​នេះ​ទាក់ទិន​នឹង​ជីវិត​ប្រចាំ​ថ្ងៃ សកម្មភាព​សហគមន៍ និង​តម្រូវ​តាម​​ឱកាស​បុណ្យ​ទាន​នានា។

ទម្រង់​សិល្បៈ​ដ៏​​សម្បូរ​បែប​​រួម​មាន​ ភ្លេង​មហោរី ភ្លេង​ការ ស្គរ​ឆៃយ៉ាំ ចម្រៀង​អាយ៉ៃ និង​បទ​បំពេ​កូន​ជា​ដើម។ អ្នក​និពន្ធ ថាច់ មុនី មក​ពី​ខេត្ត​ត្រាវិញ បាន​ឲ្យដឹង​ថា ទម្រង់​សិល្បៈ​​ចម្រៀង​ចាប៉ី ផ្ដល់​ទាំង​ការ​កម្សាន្ត សំណើច និង​សារ​​រៀបរាប់​សាច់​រឿង​​យ៉ាង​ជក់​ចិត្ត​ជូន​ទស្សនិកជន។

យោង​តាម​អ្នក​និពន្ធ​រូប​នេះ ការ​សម្ដែង​ចម្រៀង​ចាប៉ី ត្រូវ​បាន​ចុះ​ក្នុង​​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី ដោយ​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​វៀតណាម។

លោក​ក៏​បាន​សង្កត់​ពី​សារៈសំខាន់​នៃ​ការ​អភិរក្ស​ទម្រង់​សិល្បៈ​អាយ៉ៃ​ឆ្លើយឆ្លង​ ដែល​តែងតែ​ត្រូវ​បាន​លើក​យក​មក​សម្ដែង​នៅ​សហគមន៍​ខ្មែរ​​ក្នុង​រដូវកាល​បុណ្យ​ចូល​ឆ្នាំ​វៀតណាម។

ការ​សម្ដែង​របាំ​​ខ្មែរ ភាគច្រើនត្រូវបានធ្វើឡើង​នៅ​តាម​វត្តអារាម និង​អំឡុងពេលចូលឆ្នាំ​​។ រូបថត VNS

លោក សុន ង៉ូក​ហ័ង នាយករង​នៃ​សាលា​វប្បធម៌ និង​សិល្បៈ​ខេត្ត​​សុខត្រាង បាន​ឲ្យ​ដឹង​ថា៖ «សហគមន៍​ដើម​កំណើត​ខ្មែរ​នៅ​ភាគ​ខាង​ត្បូង​វៀតណាម​ បាន​ទទួល​កេរ​ដំណែល​វប្បធម៌​ដ៏​មិន​អាច​កាត់​ថ្លៃ​បាន​ពី​បុព្វបុរស​របស់​ពួក​គេ»។

លោក​​លើក​ឡើង​ទៀត​ថា៖ «ក្នុង​ប្រវត្តិសាស្ត្រ​កន្លង​មក ឧបករណ៍​តន្ត្រី​ខ្មែរ​បាន​នាំ​សារ​វិជ្ជមាន និង​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​ឆ្លុះ​បញ្ចាំង​​​ជីវភាព​ប្រចាំ​ថ្ងៃ​​របស់​សហគមន៍​ដើម​កំណើត​ខ្មែរ ដែល​ធ្វើ​ឲ្យ​វិស័យ​តន្ត្រី​ចម្រុះ​​វប្បធម៌​នៅ​វៀតណាម​កាន់​តែ​សម្បូរ​បែប»។

ទន្ទឹម​នឹង​នោះ សិល្បករ ថាច់ ម៉ូលី មក​ពី​មហោស្រព Cao Van Lau បាន​សម្ដែង​ការ​គិត​គូរ​ថា ទម្រង់ សិល្បៈ​​ប្រជាប្រិយ​ខ្មែរ​ដ៏​សំខាន់​នៅ​ភាគ​ខាង​ត្បូង ពិត​ជា​ត្រូវ​ការ​គោល​នយោបាយ​ថ្មី​ក្នុង​ការ​អភិរក្ស។

លោក​បារម្ភ​ពី​ចំនួន​ធ្លាក់​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​​នៃ​អ្នក​ចេះ​ទម្រង់​សិល្បៈ​ទាំង​​នេះ​ ខណៈ​ក្មេង​ជំនាន់​ក្រោយ​ក៏​ពុំ​សូវ​ចាប់​អារម្មណ៍​នឹង​រៀន​ទម្រង់​សិល្បៈ​ខ្មែរ​​ពី​បុរាណ។

លោក ប៊ុយ កុងបា នៃ​​នាយកដ្ឋាន​វប្បធម៌ និង​ព័ត៌មាន​ខេត្ត​កៀនយ៉ាង បាន​និយាយ​ថា លោក​​ជួប​ប្រទះ​​បញ្ហា​ដោយសារ​ថវិកា​មាន​កំណត់ កង្វះ​សកម្មភាព​សហការ​ពី​សិល្បករ និង​​បញ្ហា​ឧបករណ៍​តន្ត្រី​មិន​គ្រប់គ្រាន់។

បណ្ដា​វត្ត​អារាម​ខ្មែរ​ ក្នុង​ខេត្ត​កៀនយ៉ា នៅ​តែ​ប្រឈម​​បញ្ហា​កង្វះ​​ឧបករណ៍​តន្ត្រី​។ ទន្ទឹម​នឹង​នោះ​​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​​ជំនាញ​សិល្បៈ​នេះ​ក៏​មិន​សូវ​ផុស​ផុល។

លោក ​ផាម ធីតូធី មក​ពី​សាកល​វិទ្យាល័យ​ត្រាវិញ ដែល​ជា​វិទ្យាស្ថាន​​​មាន​បង្រៀន​ឧបករណ៍​តន្ត្រី​ខ្មែរ បាន​ឲ្យ​ដឹង​ថា នៅ​ចន្លោះ​ឆ្នាំ ២០១២ និង​ ២០១៩ សាលា​ទទួល​បាន​​សិស្ស​តែ ​២៩ នាក់​ប៉ុណ្ណោះ៕ VNS