ភ្នំពេញៈ នៅ​ក្នុង​ពេល​អន្តរកាល​ ​ដែល​​កំពុង​តែ​មាន​វិបត្តិ​កូវីដ ​១៩ នេះ ​ក្រៅ​ពី​កម្មវិធី​ក្លិប​ភាពយន្ត និង​​ភាពយន្ត​រៀងរាល់​ថ្ងៃ​សៅរ៍ នោះ មជ្ឈមណ្ឌល​បុប្ជាណា ក៏​បាន​រៀបចំ​​នូវ​ការ​បញ្ចាំង​​ភាពយន្ត​​កម្ពុជា និង​​បរទេស ដែល​​ទាក់ទង​​​នឹង​​ព្រឹត្តិការណ៍​ពិសេសៗ​ដូចជា​ ដំណើរ​ទស្សនកិច្ច​របស់​សមិទ្ធករ​ភាពយន្ត​មក​ពី​បរទេស ឬ​រដូវកាល​នៃ​​មហោស្រព​នានា។

សម្រាប់​ល្ងាច​ថ្ងៃ​សុក្រ​ទី ​១៥ ខែ ​ឧសភា ឆ្នាំ ​២០២០ នេះ ក៏​មាន​​​ការ​​ចាក់​បញ្ចាំង​ភាពយន្ត​តាម​​​អនឡាញ​ ដែល​អម​ដោយ​​​សំណួរ​​ចម្លើយ ឬ​កិច្ច​​ពិភាក្សា​ ដើម្បី​ឲ្យ​ទស្សនិកជន​អាច​ចែក​​រំលែក​​មតិយោបល់​របស់​ពួក​គេ ក៏​​ដូច​ជា​​ការ​យល់​ឃើញ​​បន្ថែម​លើ​​ខ្សែ​ភាពយន្ត​កំពូល​​ទាំង ​៥ (Top5) នៃ​មហោស្រព​​ភាពយន្ត​​ខ្នាត​ខ្លី​ចតុ​មុខ​ឆ្នាំ ​២០១៩ ឡើង​វិញ ក្រោយ​ពី​​​​​ទស្សនា​រួច​​ ជា​ពិសេស​សម្រាប់​ដែល​ពុំទាន់​​បាន​ទស្សនាភាព​យន្ត​កំពូល​​ទាំង ៥ នោះ។

លោក​អ្នក​អាច​ទស្សនា​ការ​បញ្ចាំង​​​តាម​អនឡាញ ពិសេស​អំពី​ភាពយន្ត​កំពូល​ទាំង ៥ និង​ជួប​សមិទ្ធករ​​ភាពយន្ត​​ផង​​​ដែរ​ក្នុង​កិច្ច​ពិភាក្សា​ Online នឹង​ចាប់​ផ្ដើម ក្រោយ​ពី​បញ្ចាំង​ភាពយន្ត​ទាំង​នោះ​ចប់​ហើយ។

តាម​សេចក្តី​ជូន​ដំណឹង​ពី​គេហទំព័រ​បុប្ផាណា និង​​ក្រុម​ភាពយន្ត​ឈូក​រ័ត្ន​ ដែល​​សហការ​​​​គ្នា​​​​​បង្ហើប​ថា៖ «​ទស្សនិកជន អាច​រីករាយ​សួរ​សំណួរ ​ទៅ​កាន់​សមិទ្ធករ​ ភាពយន្ត​របស់​យើង​បាន​នា​អំឡុង​កិច្ច​ពិភាក្សា ដែល​​ផ្សាយផ្ទាល់​នៅ​​លើ​ទំព័រ Facebook របស់​មជ្ឈមណ្ឌល​​បុប្ផាណា​នៅ​ថ្ងៃ​សុក្រ ទី ១៥ ខែ​ ​ឧសភា ឆ្នាំ ២០២០ នេះ ចាប់​​ពី​ម៉ោង ៥ ល្ងាច​ទៅ។​

ចំពោះ​ភាពយន្ត​ខ្នាត​ខ្លី​​កំពូល​ទាំង​ ​៥ (Top5) ដែល​​​ជាប់​ជម្រើស​​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​​ភាពយន្ត​ខ្នាត​ខ្លី​ចតុមុខ​ឆ្នាំ ​២០១៩ នោះ​​​មាន​​ដូច​ជា​រឿង «អ្នក​លាបថ្នាំ»​ ដឹកនាំ​ដោយ​​លោក ស៊ិន ចន្ថា រឿង «ផ្ទះ​បាយ» ដឹកនាំ​ដោយ​លោក ឯក សាម៉ឺឌី រឿង «ខ្សែទ្រ» ដឹកនាំ​ដោយ​លោក វង្ស បញ្ញាវ័ន្ត រឿង «ព្រោះ​បង​ស្រឡាញ់​អូន​ជាង» ដឹកនាំ​ដោយ​កញ្ញា ចាន់ ស៊ីណេត និង​រឿង ​«របាំ» ដឹក​នាំ​​ដោយ​លោក សេង ធី។

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​ចតុមុខ​បាន​បោះ​ជំហាន​ទៅ​មុខ​ប្រកប​ដោយ​ក្តី​សង្ឃឹម និង​​មោទនភាព​ជាក់​ស្តែង​នៅ​ក្នុង​ឆ្នាំ ​២០១៩ មាន​ស្នាដៃ​ភាពយន្ត​ដែល​ត្រូវ​ដាក់​បញ្ចាំង​​ចំនួន ៥៣ ស្នាដៃ ដោយ​ក្នុង​នោះ​មាន ១២ ស្នាដៃ ជា​ភាពយន្ត​របស់​យុវផលិតករ​វ័យ​ក្មេង​​កម្ពុជា​យើង។

នេះ​គឺ​ជា​ជោគជ័យ​ថ្មី​មួយ​ទៀត​សម្រាប់​មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​ចតុមុខ ​ដែល​មាន​ផលិតករ​ភាពយន្ត​ជា​ជន​បរទេស​ជា​ច្រើន ក៏​បាន​ចាប់​​អារម្មណ៍​ និង​បាន​​​​បញ្ជូន​ស្នាដៃ​ភាពយន្ត​របស់​ពួក​គេ​ ដាក់​ចូលរួម​នៅ​ក្នុង​​​មហោស្រព​នេះ ហើយ​ការ​ចូលរួម​​ ​គឺ​ជា​កាលានុវត្តភាព​ថ្មី​មួយ​ទៀត សម្រាប់​យុវ​ផលិតករ​ភាពយន្ត​កម្ពុជា ​ដើម្បី​សិក្សា​រៀន​សូត្រ​ពី​គំរូ​ល្អៗ​​ក្នុង​ការ​អភិវឌ្ឍ​ស្នាដៃ​ភាពយន្ត​របស់​ខ្លួន​ផង​ដែរ​ ទៅ​ថ្ងៃ​​អនាគត។

សម្រាប់​មហោស្រព​ភាពយន្ដ​​​ខ្លី​ចតុមុខ ​គឺ​ជា​កម្មវិធី​មួយ​បាន​រៀបចំ​ឡើង សម្រាប់​ក្រុម​យុវជន និង​យុវនារី​ខ្មែរ ដែល​មាន​​​ក្តី​ស្រឡាញ់​​លើ​វិស័យ​ភាពយន្ដ និង​អាច​មាន​ឱកាស​បញ្ចេញ​ស្នាដៃ និង​ទទួល​ដឹង​ពី​ព័ត៌មាន​ឲ្យ​កាន់​តែ​ច្រើន ហើយ​ជា​ស្ពាន​​ត​ភ្ជាប់​យុវជន​នារី​ខ្មែរ ឲ្យ​​ឈាន​ទៅ​ស្វែង​យល់​អំពី​វិស័យ​​ភាពយន្ដ​ខ្មែរ ដែល​មាន​គោល​បំណង​ពង្រឹង និង​ពង្រីក​វិស័យ​ភាពយន្ត​​នេះ​ ឲ្យ​កាន់​តែ​រីក​​ចម្រើន​នា​ថ្ងៃ​អនាគត៕