ភ្នំពេញ : មីសាច់គោឡានចូវ ចម្លាក់ឃ្លោក ប្រាសាទខ្សាច់ ទេសភាពតំបន់ខ្ពង់រាប ចំណុចប្រសព្វរវាងទន្លេយ៉ាងសេ និងអាងទន្លេលឿង ក៏ដូចជា គំនូរបុរាណថាំង ខា សុទ្ធតែបានចូលរួមលើកស្ទួយមុខមាត់នៃតំបន់ឧស្សាហកម្មបៃតងរបស់ចិន។
សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) និងមន្ទីរព័ត៌មានខេត្ដកានស៊ុ ប្រទេសចិន បានប្រារឰកម្មវិធីពិព័រណ៍រូបថតចំនួន ៨០ ផ្ទាំងក្រោមប្រធានបទ «ការអញ្ជើញតាមវិថីសូត្រ» ជាការផ្លាស់ប្ដូរវប្បធម៌ប្រជាប្រិយ និងអ្នកស្រុកកានស៊ុ ប្រទេសចិននៅកម្ពុជា។
លោក លីវ ស៊ាវគ័ង សហប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានឱ្យដឹងថា៖ «នេះជាលើកដំបូងហើយដែលសមាគមបានសហការជាមួយមន្ទីរព័ត៌មានខេត្ដកានស៊ុ និងប្រព័ន្ធផ្សព្វផ្សាយចិនដើម្បីរៀបចំព្រឹត្ដិការណ៍ពិព័រណ៍រូបថត បំណងផ្លាស់ប្ដូរវប្បធម៌របស់អ្នករស់នៅកានស៊ុនៃប្រទេសចិន មកក្នុងប្រទេសកម្ពុជា»។
កានស៊ុ ជាខេត្ដភាគពាយ័ព្យប្រទេសចិន ប្រមូលផ្ដុំដោយធនធានធម្មជាតិ សម្បត្ដិវប្បធម៌ប្រវត្ដិសាស្ដ្រ និងសណ្ឋានដីប្លែកៗជាច្រើន ហើយត្រូវបានស្គាល់ជាផ្នែកមាសនៃជំនួញសូត្រ ខណៈវិថីសូត្រជាជំនួញពាណិជ្ជកម្មសូត្រពីអាស៊ីទៅតំបន់អឺរ៉ុប លាតសន្ធឹងចម្ងាយ ១ ៦០០ គីឡូម៉ែត្រ។
លោក ស៊ាវគ័ង បានបន្ដថា៖ «យើងក៏ចង់បង្ហាញពីសក្ដានុពលទេសចរណ៍នៃតំបន់កានស៊ុ និងការអភិវឌ្ឍឧស្សាហកម្មបៃតងនៅតំបន់ស្វយ័តកានណាន់ ភាគខាងត្បូងខេត្ដកានស៊ុ។ កានស៊ុ រាងដាច់ស្រយាល ហើយសណ្ឋានដីភាគច្រើនជាខ្សាច់។ សរុបមក វាជាតំបន់ក្រីក្រតាំងពីដូនតាមក»។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតំបន់ស្វយ័តកានណាន ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍបៃតង ពង្រីកវិសាលភាពឧស្សាហកម្មជំរុញការធ្វើសមាហរណកម្មវប្បធម៌ និងទេសចរណ៍ ខិតខំពុះពារជម្នះភាពក្រីក្រ និងលុបបំបាត់ភាពក្រីក្រជាដើម។
លោកបានបន្ថែមថា៖ «ក្នុងបំណងអភិវឌ្ឍតំបន់ក្រីក្រ រដ្ឋាភិបាលចិនបានធ្វើការវិនិយោគជាច្រើន ដើម្បីកែប្រែជីវភាពប្រជាជន។ ជាលទ្ធផល មកទល់នឹងពេលនេះ ប្រជាជនក្នុងតំបន់បានរួចផុតពីបន្ទាត់នៃភាពក្រីក្រ»។
ការតាំងពិព័រណ៍រូបថតលើកនេះរួមមានរូបថត ៨០ ផ្ទាំង និងផ្ទាំងគំនូរថាំង ខា ដែលជារូបគំនូរបត់បុរាណមួយចំនួនផងដែរ។ ពិព័រណ៍រូបថតនេះ មាន ២ ផ្នែក។ ទី ១ វាជាការឆ្លុះបញ្ចាំងពីបរិស្ថានធម្មជាតិ និងវប្បធម៌ និងទំនៀមទម្លាប់របស់ប្រជាជនចិនខេត្ដកានស៊ុ។
ផ្នែកទី ២ បានបង្ហាញពីប្រសិទ្ធភាពនៃការកាត់បន្ថយភាពក្រីក្រក្នុងតំបន់ស្វយ័ត កានណាន ជាទីវប្បធម៌ចំណាស់របស់ជនជាតិភាគតិចទីបេ និងរបៀបនៃការផ្លាស់ប្ដូរអន្ដរកម្មរវាងជនជាតិភាគតិចនីមួយៗក្នុងខេត្ដនេះ។
ថ្លែងបើកពិព័រណ៍តាមរយៈវីដេអូអនឡាញ លោកស្រី រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ភឿង សកុណា បានឲ្យដឹងថា៖ «តាមរយៈពិព័រណ៍នេះ ជាពិសេស រូបគំនូរ ថាំង ខា ដែលភាគីចិនមានបំណងបើកទូលាយឱ្យទស្សនិកជននៅក្រៅប្រទេស ជាពិសេស ប្រជាជនកម្ពុជាស្វែងយល់ពីវប្បធម៌ និងទំនៀមទម្លាប់របស់ជនជាតិភាគតិចនៅឯភាគពាយ័ព្យប្រទេសចិន ដែលជាផ្នែកមួយសម្រាប់ការកសាងស្ពានផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសចិន និងប្រទេសកម្ពុជា»។
តាមរយៈអរិយធម៌ដ៏ត្រចះត្រចង់នៃប្រវត្ដិសាស្ដ្រដ៏យូរលង់របស់ប្រទេសទាំង ២ ដែលបានរួមចំណែកយ៉ាងសំខាន់នៅក្នុងដំណើរអភិវឌ្ឍន៍ឥតឈប់ឈរនៃអរិយធម៌មនុស្សជាតិ អង្គរវត្ដ និងប្រាសាទបុរាណចិន Dunhuang Mogao ត្រូវបានចាត់ទុកជាសិល្បៈកម្រិតកំពូលសម្រាប់កិច្ចការទំនាក់ទំនង និងសិក្សាពីគ្នា។
លោក Wang Wen Tian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានថ្លែងក្នុងវីដេអូអនឡាញនាថ្ងៃបើកសម្ពោធថា៖ «កាលពីឆ្នាំមុន វីដេអូឯកសារដែលមានចំណងជើងថា ការសន្ទនារវាងប្រាសាទ Mogao និងប្រាសាទអង្គរវត្ដបានចាក់ផ្សាយយ៉ាងជោគជ័យ»។
លោកបានបន្ដថា៖ «វាបានបង្ហាញពីការសន្ទនានៃអរិយធម៌ដែលមានគម្លាតសែនឆ្ងាយ និងមានប្រវត្ដិសាស្ដ្រយូរអង្វែង។ យើងអាចពិនិត្យមើលការរួមបញ្ចូលគ្នារវាងប្រវត្ដិសាស្ដ្រនៃអរិយធម៌ចិន និងអរិយធម៌ខ្មែរពីកម្រិតកម្ពស់ថ្មី ចូលរួមជំរុញយ៉ាងសកម្មសម្រាប់អរិយធម៌អាស៊ី ជាពិសេសនោះគឺការសិក្សាពីទំនាក់ទំនងនៃអរិយធម៌ចិន និងកម្ពុជា»។
ក្រៅពីទេសភាពល្អប្រណីត ល្បីល្បាញគ្មាន ២ នោះ កានស៊ុ ក៏មានម្ហូបអាហារឆ្ងាញ់ៗជាច្រើន ជាពិសេស មីសាច់គោឡានចូវដែលត្រូវបានចាត់ទុកជាអាហារហូបអត់ដឹងឆ្អែត។
លោក ស៊ាវគ័ង បានឱ្យដឹងថា៖ «យើងសង្ឃឹមថា តាមរយៈការរៀបចំពិព័រណ៍រូបថត យើងជំរុញឲ្យមានសហប្រតិបត្ដិការរវាងពលរដ្ឋកម្ពុជា និងអ្នករស់នៅកានស៊ុ ប្រទេសចិនកាន់តែខិតជិតគ្នា និងកាន់តែស្វែងយល់ពីគ្នា។
លោកបាននិយាយថា ដោយគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល សមាគមស្វាគមន៍ពលរដ្ឋកម្ពុជាអញ្ជើញមកទស្សនាពិព័រណ៍រូបភាពនៅទីនេះ។
លោកក៏បានលើកឡើងថា៖ «តំណាងឲ្យភាគីខាងកានស៊ុ យើងខ្ញុំសុំអញ្ជើញភ្ញៀវទេសចរកម្ពុជាទៅកម្សាន្ដលេងនៅក្នុងខេត្ដកានស៊ុ នៃប្រទេសចិនផងដែរ»។
ពិព័រណ៍រូបថត ការអញ្ជើញតាមវិថីសូត្រ» រៀបចំឡើងនៅអគារសមាគមសម្ព័ន្ធខ្មែរចិន ឯជាន់ផ្ទាល់ដី ស្ថិតក្នុងបុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែធ្នូ ខាងមុខនេះ៕