ភ្នំពេញៈ បណ្តុំរូបថតស្តីពីខ្សែជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងស្ថានភាពរស់នៅជួបប្រទះនូវគ្រោះធម្មជាតិគឺទឹកជំនន់ របស់សិល្បករថតរូបដ៏ជំនាញ លោក លី មិន ហៅ ឡាម៉ូ នឹងដាក់តាំងបង្ហាញនៅផ្នែកខាងក្នុងនៃវិចិត្រសាលរបស់វិទ្យាស្ថានបារាំង នាថ្ងៃបើកសម្ពោធមហោស្រពរូបថតភ្នំពេញ លើកទី ៩ ឆ្នាំ ២០១៨ នេះ។
ពិព័រណ៍រូបថតសិល្បករខ្មែរ លី មិន មានចំណងជើងថា «ទឹកចិត្ត» នេះចង់ឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងនៃការរស់នៅរបស់ប្រជាជនតំបន់នានា ពេលជួបគ្រោះធម្មជាតិទឹកជំនន់កើតឡើង។
លោក លីមិន ហៅ ឡាម៉ូ បានបញ្ជាក់ពីអត្ថន័យនៃបណ្តុំរូបថតរបស់លោក ដែលត្រូវដាក់តាំងនោះថា៖ ទឹកជំនន់គឺជាប្រធានបទធម្មតាទៅហើយ សម្រាប់អ្នកថតរូបសារព័ត៌មាន ហើយស្ទើរតែជាប្រធានបទទូទៅផងដែរជាញឹកញាប់ត្រូវបានគេមើលឃើញថា ជាស្ថានភាពបែបលក្ខណៈធ្ងន់ធ្ងរ។
លោកបន្តថា «រូបទាំងនេះ ខ្ញុំដំឡើងកាមេរ៉ានៅលើសំយាបផ្ទះរបស់ខ្ញុំ ដែលមើលទៅស្ងៀមស្ងាត់ក្នុងទម្រង់ដូចជាឆាកល្ខោននៃជីវិតប្រចាំថ្ងៃ។ ដោយការប្រើទឹកជាផ្ទាំងខាងក្រោយមានពណ៌ខ្មៅ ប៉ុន្ដែពោរពេញទៅដោយរឿងរ៉ាវជាច្រើន ខ្ញុំបានបង្ហាញឲ្យឃើញសកម្មភាពក្នុងរូបភាពតូចៗមួយចំនួនស្តីពីខ្សែជីវិតយឺតៗ តាមការកើនឡើងនៃខ្សែទឹក»។
សកម្មភាពត្រឡប់មកពីផ្សារ ឬពីសាលាអ្វីគ្រប់យ៉ាងគឺត្រូវការទំហំ និងរាល់ព័ត៌មានលម្អិតៗ ក៏ក្លាយជាសារៈសំខាន់នៃចក្ខុវិស័យមួយបង្ហាញគ្រប់ទិដ្ឋភាពនៃពិភពលោក។
លោក លី មិន ហៅ ឡាម៉ូ កើតនៅឆ្នាំ ១៩៧៧ នៅខេត្ដសៀមរាប ដែលបច្ចុប្បន្នលោកធ្វើការនៅក្នុងរាជធានីភ្នំពេញ ខណៈលោកក៏មិនអាចលះបង់ពេលវេលាទាំងអស់ដើម្បីតែថតរូបនោះទេ ព្រោះគាត់ត្រូវការផ្គត់ផ្គង់ និងទ្រទ្រង់ជីវភាពសង្គមគ្រួសារ។ ប៉ុន្តែទោះជាយ៉ាងណា លោកគឺជាអ្នកស្រឡាញ់វិស័យនេះយ៉ាងខ្លាំង។
លោកបានចំណាយពេលច្រើនពីពេលទំនេរ ដើម្បីឆ្លៀតទៅថតរូបពីធម្មជាតិទេសភាព វិថីនានា ជាពិសេសនៅស្រុកកំណើតរបស់លោក។
អនុប្រធានសមាគមរូបថតភ្នំពេញ លោក សុវណ្ណ ភីឡុង ប្រាប់ភ្នំពេញប៉ុស្តិ៍ត្រួសៗពីការរៀបចំព្រឹត្តិការណ៍មហោស្រពរូបថតភ្នំពេញឆ្នាំនេះ ផងដែរ។
លោកថ្លែងថា៖ «ឆ្នាំនេះយើងនឹងដាក់តាំងបង្ហាញស្នាដៃសិល្បៈរូបថត នៅទីតាំងសាធារណៈចំនួន ៩ កន្លែងនៅទីក្រុងភ្នំពេញ ដោយរាប់ចាប់តាំងពីរបងស្ថានទូតបារាំង របងវិទ្យាស្ថានបារាំងនៅកម្ពុជា មជ្ឈមណ្ឌលបុប្ផាណា មជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ និងរបងវិទ្យាល័យព្រះស៊ីសុវត្ថិជាដើម។ ការសម្ពោធពិធីមហោស្រព រូបថត យើងនឹងធ្វើចំនួន ៣ ថ្ងៃពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែតុលា ខណៈការដាក់តាំងពិព័រណ៍រូបថតរបស់សិល្បករទាំងអស់យើងនឹងដាក់ចាប់ពីថ្ងៃទី ៥ ខែតុលា បន្តដល់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ គឺរយៈពេល ១ ខែឯណោះ»៕