ភ្នំពេញ : ទំនាក់ទំនង​រវាង​បុរស​ម្នាក់ និង​ឆ្លាម​សមុទ្រ កិច្ចការ​សង្គ្រោះ​សត្វ​ភេនឃ្វីន​របស់​មនុស្ស​មួយ​ក្រុម​នៅ​អាហ្វ្រិក​ខាង​ត្បូង ដំណើរ​រឿងរ៉ាវ​ចម្លាក់​បាឡែន​ផ្គុំ​ពី​ប្លាស្ទីក​រាប់​តោន​ ឬ​សម្ព័ន្ធភាព​យ៉ាង​ពិសេស​រវាង​អ្នក​នេសាទ និង​បាឡែន​អូកា​ ត្រូវ​បាន​ចងក្រង​បញ្ចូល​គ្នា​ជា​ភាពយន្ដ​ឯកសារ​មួយ​មាន​រយៈពេល ៩០ នាទី​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​ជុំវិញ​មហាសមុទ្រ​​ដ៏ស្រស់​ស្អាត​​។

វិចិត្រសាល​ពីរ​កន្លែង​នៅ​ក្រុង​ភ្នំពេញ និង​សៀមរាប​នឹង​​រៀបចំ​មហោស្រព​ភាពយន្ដ Siem Reap Ocean in Motion Film Festival ​ដើម្បី​ទាក់ទាញ​ចិត្ដ និង​ផ្សព្វផ្សាយ​ចំណេះដឹង​អំពី​កិច្ចការពារ​មហាសមុទ្រ​តាមរយៈ​ភាពយន្ដ​ខ្នាត​ខ្លី​ស្ដីពី​មហាសាគរ​។

លោក Douglas Woodring ជា​ស្ថាបនិក និង​ជា​នាយក​អង្គការ Ocean Recovery Alliance ដែល​រៀបចំ​ព្រឹត្ដិការណ៍​នេះ​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​តាម​អ៊ីមែល​ថា​៖ «​យើង​មាន​បំណង​ជំរុញ​ទឹក​ចិត្ដ និង​ផ្សព្វផ្សាយ​ចំណេះដឹង​អំពី​កិច្ច​ការពារ​មហាសមុទ្រ​តាមរយៈ​ការ​បញ្ចាំង​ភាពយន្ដ​ខ្នាត​ខ្លី​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល អាថ៌កំបាំង ការ​កម្សាន្ដ​ អារម្មណ៍​រំភើប​ញាប់ញ័រ និង​ការ​អប់រំ​។ មនុស្ស​ជា​ច្រើន​មិន​មាន​ឱកាស​បាន​ឃើញ​មហាសមុទ្រ​នោះ​ទេ​។ ដូច្នេះ​នេះ​ជា​ឱកាស​នាំ​មហាសាគរ​មក​ឲ្យ​ពួកគេ​បាន​ឃើញ​ផ្ទាល់​ភ្នែក​​ដោយ​មិន​ចាំបាច់​ទទឹក​ខ្លួន​»។

លោក​បាន​បន្ដ​ថា​៖ «​យើង​បាន​ដំណើរការ​ព្រឹត្ដិការណ៍​នេះ ៥ ឆ្នាំ​មក​ហើយ​នៅ​ទីក្រុង​ហុងកុង និង​តាម​បណ្ដាល​ប្រទេស​មួយ​ចំនួន​។ ប៉ុន្ដែ​ឆ្នាំ​នេះ​ជា​ឱកាស​ដំបូង​បំផុត​ដែល​យើង​ប្រារឰ​នៅ​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​ជា​លើក​ទី​ពីរ​ដែល​រៀបចំ​ឡើង​នៅ​សប្ដាហ៍​បន្ទាប់​»។

ភាពយន្ដ​ខ្នាត​ខ្លី​លើស​ពី ១២ រឿង​ដែល​ត្រូវ​បាន​ជ្រើសរើស​ជុំវិញ​ពិភពលោក​រួម​ទាំង គំនូរ​ជីវចល​ល្បីល្បាញ​ដែល​ភាគច្រើន​ទទួល​បាន​ពាន​ក្នុង​មហោ​ស្រព​ភាពយន្ដ​នានា ត្រូវ​បាន​ដាក់​បញ្ចាំង​​បញ្ចូល​គ្នា​ជា​ភាពយន្ដ​​ដែល​មាន​រយៈពេល​ ៩០ នាទី​។

ស្ថាបនិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​បាន​លើក​ឡើង​ថា​៖ «​យើង​ចង់​ឲ្យ​អ្នក​ទស្សនា​ទទួល​បាន​បទពិសោធ​គ្រប់​តថភាព​នៃ​សកម្មភាព​នៅ​មហាសមុទ្រ​ តាំងពី​កីឡា សត្វ ការ​ផ្សង​ព្រេង ការ​ស្រាវជ្រាវ ដំណើរ​បែប​វិទ្យា​សាស្ដ្រ និង​អភិរក្ស​»។

លោក​បាន​អះអាង​ពី​ភាព​វិសេស​នៃ​មហោស្រព​ភាពយន្ដ​ខ្លី​ស្ដីពី​មហាសមុទ្រ​នេះ​ថា​ ដោយសារ​មនុស្ស​ភាគច្រើន​អត់​មាន​ឱកាស​បាន​ទស្សនា​ភាពយន្ដ​ខ្នាត​ពី​ផលិតករ​ឯករាជ្យ​ ដោយសារ​វា​មិនមែន​ជា​ភាពយន្ដ​ខ្នាត​វែង និង​មិនមែន​ជា​កម្មវិធី​ទូរទស្សន៍ ពីព្រោះ​វា​មាន​រយៈពេល​ខ្លី ដូច្នេះ​ទើប​ភាពយន្ដ​នេះ​មាន​ភាព​វិសេស​ និង​បាន​បញ្ចូល​តថភាព​គ្រប់​ជ្រុង​ជ្រោយ​នៃ​មហាសមុទ្រ​។

ភាពយន្ដ​ច្របាច់​បញ្ចូល​គ្នា​ទាំង ១២ រឿង​នោះ​រួម​មាន​រឿង «Scarlet’s Tale​» រៀបរាប់​អំពី​ទំនាក់ទំនង​បុរស​ម្នាក់​ជាមួយ​ឆ្លា​យក្ស​ពណ៌​ស ដែល​បាន​ខាំ​ស៊ី​ជើង​របស់​លោក​។ រឿង «​Penguin Protectors» រៀបរាប់​ពី​មនុស្ស​មួយ​ក្រុម​នៅ​អាហ្វ្រិក​ខាង​ត្បូង​ព្យាយាម​សង្គ្រោះ​ភេនឃ្វីន​ពី​ការ​វិនាស​ផុត​ពូជ​។ រឿង «The Making of Skyscraper​» ស្ដីពី​ចម្លាក់​បាឡែន​ផ្គុំ​ពី​ប្លាស្ទីក​រាប់​តោន​ស្ថិត​នៅ​កណ្ដាល​ក្រុង​ប្រូក​នៃ​ប្រទេស​បែលហ្ស៊ិក​។ រឿង «From the Shadows» ស្ដែង​ពី​សម្ព័ន្ធភាព​វិសេស​រវាង​បាឡែន​អូកាអត្លង់ទិក​ខាង​ជើង និង​អ្នក​នេសាទ​ម្នាក់​។

ការ​ដាក់​បញ្ចាំង​ដំបូង​នៅ​រាត្រី​ថ្ងៃទី ៤ ទី ៥ ខែ​ធ្នូ​នឹង​ធ្វើ​ឡើង​នៅ​ META HOUSE ក្នុង​រាជធានី​ភ្នំពេញ​ចាប់​ពី​ម៉ោង​ ៧ យប់​ដោយ​រួម​មាន​ការ​ជជែក​អំពី​បញ្ហា​មហា​សមុទ្រ​រួច​ចោទ​សួរ​ និង​ឆ្លើយ​អំពី​ភាពយន្ដ​នេះ​។ ថ្ងៃទី ៧ ខែ​ធ្នូ នៅ​ Bambu Stage ក្រុង​សៀមរាប ម៉ោង ៨ យប់ និង​នៅ​ថ្ងៃទី ៨ ខែ​ធ្នូ នៅ​ The Village Café ក្រុង​សៀមរាប​ពី​ម៉ោង ៧ យប់​។ ព្រឹត្ដិការណ៍​នេះ​បើក​ទ្វារ​ស្វាគមន៍​ភ្ញៀវ​គ្រប់​រូប​ដោយ​ឥត​គិត​ថ្លៃ​។ ព័ត៌មាន​លម្អិត​សូម​ទាក់ទង​លោក Douglas Woodring តាម​រយៈ​លេខ​ទូរស័ព្ទ 096-746-5922៕