សៀមរាប: ស្នាដៃ​ស្ថាបត្យកម្ម​របស់​លោក វណ្ណ មូលីវណ្ណ ដែល​ស្គាល់​ថា «​ស្ថាបត្យកម្ម​ខ្មែរ​សម័យថ្មី​» ត្រូវ​បាន​តាំង​បង្ហាញ​ជា​សាធារណៈ​នៅ​សណ្ឋាគារ Treeline ក្នុង​ទីក្រុង​សៀមរាប ដើម្បី​រំឭក​ដល់​ស្ថាបត្យករ​ឆ្នើម​លោក វណ្ណ មូលីវណ្ណ តាមរយៈ​ស្នាដៃ​ច្នៃប្រឌិត​ឆ្លុះបញ្ចាំង​ពី​ស្ថាបត្យកម្ម​អេកូឡូស៊ី​ទំនើប​។

លោក កាំង ហុក ម្ចាស់​សណ្ឋាគារ Treeline ដែល​រៀបចំ​ពិព័រណ៍​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​ចង់​រំឭក​ដល់​ស្នាដៃ​របស់​លោក វណ្ណ មូលីវណ្ណ ជា​និមិត្តរូប​ដ៏អស្ចារ្យ​បំផុត​របស់​កម្ពុជា​។ វា​ជា​កិត្តិយស និង​ការដឹងគុណ​ដ៏ធំធេង​របស់​យើង​ដោយ​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ពិព័រណ៍ «​ការរៀនសូត្រ​ពី​អតីតកាល​» នេះ​។

លោក ហុក អាយុ ៣៦ ​ឆ្នាំ​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន Hok Kang Architects (HKA) បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០០៩ និង​ហាង​កាហ្វេ Brown Cafe ជាច្រើន​សាខា​ទៀត​មាន​បំណង​ប្រើ​ពិព័រណ៍​នេះ​ជា​មូលដ្ឋាន​នៃ​ការសិក្សា​របស់​ស្ថាបត្យករ​ខ្មែរ​ជំនាន់​ក្រោយ​។

កីឡដ្ឋាន​ជាតិ​អូឡាំពិក​គម្រោង​អគារ​មាត់​ទន្លេ​បាសាក់ វិទ្យាស្ថាន​ភាសាបរទេស​ផ្ទះ​បូរី​ ១០០ ​ខ្នង ​សាល​ពិព័រណ៍ មហោស្រព​ជាតិ​ព្រះសុរាម្រិត រោងចក្រ SKD វិមាន​រដ្ឋ​ចំការមន និង​គំរូ​ជញ្ជាំង​ស្លាបព្រិល ចំណោម​ស្នាដៃ ២៩ ទៀត​បង្ហាញ​ក្នុង​ផែនទី​ទីក្រុង​ភ្នំពេញ​របស់​លោក វណ្ណ មូលីវណ្ណ​។

លោក កាំង ហុក (​ម្ចាស់​សណ្ឋាគារ Treeline និង​ជា​អ្នករៀបចំ​ពិព័រណ៍ រៀន​ពី​អតីតកាល​)​។ រូបថត សហការី

ពិព័រណ៍ «​រៀន​ពី​អតីតកាល​៖ គម្រោង​ស្ថាបត្យកម្ម វណ្ណ មូលីវណ្ណ​» បង្ហាញ​គំរូ​អគារ​តំណាង ៨ ជាមួយ​គំរូ​ជញ្ជាំង​ស្លាបព្រិល​ព្រមទាំង​រូបថត គំនូរ​ប្លង់ នៅ​វិចិត្រសាល​លំហ​នៃ​សណ្ឋាគារ Treeline ចាប់ពី​ថ្ងៃទី​ ៧ ខែ​មេសា ដល់​ថ្ងៃ ៣០ ខែ​មិថុនា ឆ្នាំ​ ២០១៩​។

ប្រធានបទ​ស្ដីពី​បច្ចេកទេស​នៃ​ការសាងសង់​ផ្ដោត​លើ «​ស្ថាបត្យកម្ម​អេកូឡូស៊ី​ខ្មែរ​ដ៏​ពិតប្រាកដ​» និង​ការប្រើប្រាស់​សម្ភារ​បែប​ទាន់សម័យ​។ អគារ​របស់​លោក​សម្រប​ទៅ​តាម​បរិស្ថាន​យ៉ាង​ល្អប្រសើរ​ជាមួយ​ការប្រើប្រាស់​ទឹក ពន្លឺ និង​ខ្យល់​ចេញ​ចូល​បែប​ធម្មជាតិ​។ ទាំងនេះ​ទាក់ទាញ​ស្ថាបត្យករ​ជំនាន់​ក្រោយ​ឲ្យ​ច្នៃ​បង្កើត​ស្ថាបត្យកម្ម​បែប​សហសម័យ​ដើម្បី​បំពេញ​តម្រូវការ​ស្រប​តាម​ស្ថានភាព អាកាសធាតុ និង​វប្បធម៌​។

លោក វណ្ណ មូលីវណ្ណ ប្រសូត​ក្នុង​ឆ្នាំ​ ១៩២៦ និង​រស់នៅ​ក្នុង​ខេត្ដ​កំពត​។ លោក​ទទួល​អាហារូបករណ៍​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​នៅ​សាលា​វិចិត្រ​សិល្បៈ (École Nationale Supérieure des Beaux Arts) ក្នុង​ទីក្រុង​ប៉ារីស​។ ក្រោយ​បញ្ចប់​ការសិក្សា​ឆ្នាំ​ ១៩៥១ លោក​បាន​បង្កើត​ប្រវត្ដិសាស្ត្រ​ក្នុង​នាម​ជា​ស្ថាបត្យករ​ដែល​ត្រូវ​បាន​ផ្ដល់​រហស្សនាម​ថា «​បុរស​ដែល​កសាង​កម្ពុជា​»​។

កូនស្រី​លោក វណ្ណ មូលីវណ្ណ និង​លោក ភិន សិរីបញ្ញា នាយក The Vann Molyvann Project​។ សហការី

លោក កាំង ហុក បន្ដ​ថា​៖ «​ពេល​ភ្ញៀវ​ដើរ​ទស្សនា​គំរូ​ស្នាដៃ​ទាំងនេះ​ពួកគេ​ហាក់បី​ដូចជា​កំពុង​វិលត្រឡប់​ទៅ​កាន់​សង្គមរាស្ដ្រនិយម ខណៈ​កេរដំណែល​ស្នាដៃ​របស់​លោក​នៅ​តែ​បន្ដ​រស់រវើក​។ នេះ​ជា​វេលា​ចុងក្រោយ​ដែល​មហាជន​បាន​ឃើញ​ស្នាដៃ​លោក មុន​ពេល​វា​ត្រូវ​បាន​យក​ទៅ​រៀបចំ​នៅ​សារមន្ទីរ M+ ក្រុង​ហុងកុង​»​។

ផ្ដោត​លើ​ទស្សនៈ​គិតគូរ​ដល់​ស្ថានភាព វប្បធម៌ ប្រពៃណី និង​សម្បូរ​កេរដំណែល​បេតិកភណ្ឌ​ដែល​លោក​បាន​ប្រាប់​ទស្សនាវដ្ដី​មុន​ពេល​បញ្ចប់​ការសិក្សា​ឆ្នាំ​ ២០០៩ ស្ដីពី​ស្ថាបត្យកម្ម និង​សហគ្រាស​ពី​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន លោក កាំង ហុក មិន​ត្រឹម​តែ​ជា​ម្ចាស់ តែ​ក៏​ជា​អ្នក​ឌីហ្សាញ និង​សាងសង់​សណ្ឋាគារ Treeline ដែល​រំលេច​ទៅ​ដោយ​ស្នាដៃ​សិល្បៈ​បុរាណ​ខ្មែរ​ផងដែរ​។

លោក ហុក បន្ដ​ថា​៖ «​សណ្ឋាគារ​នេះ​ជា​ទីជំនួប​រវាង​អ្នកសិល្បៈ និង​ឌីហ្សាញ​ដែល​អាច​រៀបចំ​ស្នាដៃ​ដ៏មាន​ទេពកោសល្យ​របស់​ពួកគេ​»​។

យោងតាម ម៉ឹង មេតា ជា​បណ្ណារក្ស​សិល្បៈ​បាន​និយាយ​ថា​ភ្ញៀវ​ដែល​មក​ទស្សនា​ពិព័រណ៍ Treeline នេះ​ត្រូវ​បាន​ស្នើឲ្យ​ដើរ​ទស្សនា​គំរូ​ស្ថាបត្យកម្ម គំនូរ រូបថត ផ្ទាំង​ព័ត៌មាន និង​ផែនទី​នានា ខណៈ​ពិព័រណ៍​ក្រុង​សៀមរាប​នេះ​ឧទ្ទិស​ដល់​ស្ថាបត្យករ​ជើងចាស់​លោក វណ្ណ មូលីវណ្ណ ដែល​បាន​ចែកឋាន​ក្នុង​ក្រុង​សៀមរាប​កាលពី​ថ្ងៃ​ទី ២៨ ខែ​កញ្ញា ឆ្នាំ​ ២០១៧​។

គំរូ​ស្លាបព្រិល​ដែល​រចនា​ឡើង​សម្រាប់​ឲ្យ​ខ្យល់​ធម្មជាតិ​ចេញ​ចូល​ត្រូវ​បាន​ផលិត​ចម្លង​សម្រាប់​ភ្ញៀវ​ទស្សនា​។ រូបថត សហការី

លោក ឈិន ឈនវិសុទ្ធ ជា​បុគ្គលិក និង​ជា​មគ្គុទេសក៍​វិចិត្រសាល​លំហ Treeline ឲ្យ​ដឹង​ថា​ការបើក​សម្ពោធ​ប៉ុន្មាន​ថ្ងៃ​នេះ​លោក​សម្គាល់​ឃើញ​មាន​ទាំង​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​។

លោក​និយាយ​ថា​៖ «​ភ្ញៀវ​ជាតិ​ភាគច្រើន​ពួកគាត់​គឺជា​អ្នកសិល្បៈ និង​និស្សិត​រៀន​ផ្នែក​ស្ថាបត្យកម្ម​»​។

ពិព័រណ៍ «​រៀន​ពី​អតីតកាល​៖ គម្រោង​វណ្ណ មូលីវណ្ណ​» បន្ដ​ស្វាគមន៍​មហាជន​ចាប់ពី​ថ្ងៃទី​ ៧ ខែ​មេសា ដល់​ថ្ងៃ​ទី​ ៣០ ខែ​មិថុនា ឆ្នាំ​ ២០១៩ នៅ​វិចិត្រសាល​លំហ​នៃ​សណ្ឋាគារ Treeline លើ​វិថី​អាចារ្យ​ស្វា ភូមិ​វត្ដបូរ​។ សម្រាប់​ព័ត៌មាន​បន្ថែម​ចូរ​ទៅ​កាន់​សណ្ឋាគារ​ Treeline ០៦៣ ៩៦១ ២៣៤៕