ក្រុងសៅប៉ូឡូ: ក្រុម​រដ្ឋអាជ្ញា បាន​ឲ្យ​ដឹង​កាលពី​សប្ដាហ៍​មុន​ថា ទារិកា​ទើប​ប្រសូត​ក្នុង​ប្រទេស​ប្រេស៊ីល​បាន​រួច​ផុត​គ្រោះ​ថ្នាក់​ដល់​ជីវិត​ក្រោយ​ពី​ក្រុម​គ្រួសារ​បាន​កប់​ទាំង​រស់​រយៈពេល ៧ម៉ោង។

គិលានុបដ្ឋាក​យិ​កា​ម្នា​ក់បាន​ជូនដំណឹង​ដល់​អាជ្ញាធរ​ពី​ការ​ប្រទះ​ឃើញ​ទារិកា​រូបនេះ​ត្រូវបាន​កប់​ក្រោយ​ពី​ប្រសូត​មិន​យូរ​ប៉ុន្មាន ក្នុង​ឧទ្យាន​ជាតិ​ស៊ីងហ្គូ ក្នុង​រដ្ឋ​ម៉ាតូ ហ្រ្គូសសូ ដែល​ជា​តំបន់​របស់​ប្រជាជន​កុល​សម្ព័ន្ធ​ប្រេស៊ីល​ជាច្រើន។

ប៉ូលិស បាន​បញ្ចេញ​វីដេអូ​ឃ្លី​ប​មួយ​បង្ហាញ​រូបភាព​ក្រុមមន្ដ្រី​ជីក​ខ្សាច់​ក្នុង​រណ្ដៅ​រាក់​នាពេល​រាត្រី រួច​ទាញ​ទារិកា​អាក្រាត​ដោយ​ជាប់​ទាំង​ទង​សុក​នៅ​ជាប់​ខ្លួន​នៅ​ឡើយ។

រដ្ឋអាជ្ញា ប៉ូ​ឡូ រ៉ូ​បែ​តូ ដូ​ប្រា​ដូ បាន​និយាយថា ជី​ទូត​របស់​ទារិកា​កម្សត់​នេះ ដែលជា​សមាជិក​កុលសម្ព័ន្ធ កាម៉ាយូរ៉ា ត្រូវ​បាន​ឃុំ​ខ្លួន។

លោក ដូ​ប្រា​ដូ បាន​និយាយថា៖ «ទោះបីជា​ស្ថិតនៅក្នុង​ដី​រហូត ៧ ម៉ោង ព័ត៌មាន​ដែល​យើង​ទទួល​បាន​គឺ​ថា ទារិកា​នេះ​មាន​សុខភាព​ល្អ​ធម្មតា»។

ទារិកា​ត្រូវបាន​នាំយក​ទៅកាន់​ក្រុង Cuiaba រដ្ឋ ម៉ា​តូ ហ្រ្គូសសូ ដើម្បី​ថែទាំ​ក្នុង​កែវ។ ប៉ូលិស​រដ្ឋ​បាន​និយាយ​ថា៖ «ដោយសារ​ឪពុក​បដិសេធ​មិន​ទទួល​ស្គាល់​ទារិកា​អភ័ព្វ និង​ម្ដាយ​អាយុ​ទើប ១៥ ឆ្នាំ រឿង​នេះ​មាន​មន្ទិល​សង្ស័យ​ជាច្រើន ដែល​ពួកគេ​ព្យាយាម​សម្លាប់​ទារក»៕