ភ្នំពេញ: ជាអ្នករស់នៅក្នុងតំបន់សំណង់អនាធិបតេយ្យបឹងកក់ គ្រូបង្វឹកបាល់ទាត់វ័យក្មេងបង្កើតគម្រោងមនុស្សធម៌ Play To Progress បំណងនាំយកកីឡាបាល់ទាត់ កីឡាផ្សេងៗ និងសកម្មភាពកម្សាន្ដសប្បាយដើម្បីផ្សព្វផ្សាយចំណេះដឹងសង្គមដល់កុមារក្នុងសហគមន៍ក្រីក្រ។
Play To Progress គឺជាគំនិតផ្ដួចផ្ដើមរបស់យុវជនវ័យ ២៣ ឆ្នាំដែលធំធាត់ជាមួយចំណេះដឹងតិចតួចក៏ដូចជាទស្សនវិស័យស្ដួចស្ដើងក្នុងសហគមន៍ក្រីក្របំផុតនៃរាជធានីភ្នំពេញ។ ដោយមានក្ដីស្រឡាញ់បាល់ទាត់ និងការគាំទ្រពីអង្គការនានាយុវជន ទិត្យ សុវណ្ណារ៉ា ទទួលបានវិញ្ញាបនបត្រគ្រូបង្គោលកម្រិត C ពីសហព័ន្ធបាល់ទាត់អាស៊ី (AFC) ហើយលោកតបស្នងនឹងជំនួយដោយការផ្ទេរចំណេះដឹងដល់កុមារក្នុងសហគមន៍ក្រីក្រទូទាំងប្រទេស។
ទោះបីគម្រោងនេះទើបបង្កើតឡើង ១ ឆ្នាំពីប្រាក់ក្នុងហោប៉ៅដ៏តិចតួចស្ដួចស្ដើងក្ដីក៏ពេលនេះបេសកកម្មរបស់លោកបានទៅដល់ ៨ ខេត្ដមុនពេលដំណើរការរៃអង្គាសប្រាក់ និងស្នើសុំចុះបញ្ជីជាអង្គការក្រៅរដ្ឋាភិបាលជាផ្លូវការ។
លោក សុវណ្ណារ៉ា បាននិយាយថា៖ «បច្ចុប្បន្នខ្ញុំធ្វើការជាមួយសហគមន៍នានាចំនួន ៨ ខេត្ដ-ក្រុង រួមមានខេត្ដកំពង់ស្ពឺ កំពត តាកែវ ស្វាយរៀង កណ្ដាល បន្ទាយមានជ័យ សៀមរាប និងភ្នំពេញ ហើយខេត្ដខ្លះ ខ្ញុំធ្វើដំណើរទៅលើសពីម្ដង ។ ខ្ញុំគ្រោងចុះទៅកាន់សហគមន៍បានចំនួន ១២ ខេត្ដទើបចាប់ផ្ដើមបន្ដនីតិវិធីសុំចុះបញ្ជីអង្គការ»។
លោកបន្ដថា៖ «ខ្ញុំធ្វើដំណើរទៅកាន់កំពង់ស្ពឺច្រើនលើកជាងគេ ពីព្រោះវាមិនសូវឆ្ងាយពីផ្ទះ។ ខ្ញុំអាចជិះម៉ូតូផ្ទាល់ខ្លួន ហើយបើធ្វើដំណើរផ្លូវឆ្ងាយ ខ្ញុំត្រូវជិះរថយន្ដឈ្នួល និងជួលរ៉ឺម៉ក ប្រសិនបើមានជំនួយសម្ភារសិក្សាផ្សេងៗជូនសិស្សតាមសហគមន៍»។
ដំណើរបង្កើតគម្រោង Play To Progress ចាប់ផ្ដើមពីខែមីនាឆ្នាំ ២០១២ ពេលយុវជន សុវណ្ណារ៉ា អាយុ ១៧ ឆ្នាំធ្វើការជាមួយបុរសធ្វើសកម្មភាពមនុស្សធម៌ Sean Landau ជាអ្នកបង្ហាត់បង្រៀនបាល់ទាត់លើវាលខ្សាច់នៃតំបន់បឹងកក់។ វាផ្ដើមកកើតឡើងពីការជួយកុមារក្នុងសហគមន៍បឹងកក់ដែលពួកគេទទួលបានការបណ្ដុះបណ្ដាល សម្ភារ និងទីធ្លាសម្រាប់ហ្វឹកហាត់។
យុវជនរូបនេះបាននិយាយថា៖ «ខ្ញុំស្រឡាញ់បាល់ទាត់តាំងពីតូច ។ ខ្ញុំមិនចង់រៀនទេ និងស្ទើរតែបោះបង់ការសិក្សានៅថ្នាក់ទី ៥ ទៅហើយ។ ខ្ញុំបានស្គាល់អង្គការមួយ ហើយខ្ញុំលេងបាល់នៅទីនោះ។ តែពួកគេមានលក្ខខណ្ឌថា បើខ្ញុំមិនចូលរៀន ខ្ញុំមិនអាចចូលលេងបាល់បានទេ។ ដូច្នេះបង្ខំចិត្ដ ខ្ញុំត្រូវរៀនបន្ដទៀត»។
យុវជនដែលធំធាត់ក្នុងអតីតតំបន់អនាធិបតេយ្យបឹងកក់រូបនេះ បានរំឭកពីប្រវត្ដិផ្ទាល់ខ្លួនថា៖ «ឪពុកម្ដាយខ្ញុំបានលែងលះគ្នាតាំងពីខ្ញុំអាយុ ១១ ឆ្នាំ និងក្រោយពីខ្ញុំចាប់ផ្ដើមលេងបាល់បានតែ ១ ខែ។ ម្ដាយខ្ញុំជាជាងកាត់ដេរ ហើយឪពុកជាមន្ដ្រីប៉ូលិសម្នាក់ ។ ពួកគាត់មិនឲ្យខ្ញុំលេងបាល់ទេ ពីព្រោះវាគ្មានប្រយោជន៍អ្វីឡើយហើយគាត់បង្ខំខ្ញុំឲ្យចេញដើររើសអេតចាយយកប្រាក់មកជួយគ្រួសារ។ ដោយស្រឡាញ់បាល់ពេក ខ្ញុំត្រូវឆ្លៀតដើររើសអេតចាយពេលយប់ និងពេលថ្ងៃទៅហាត់បាល់»។
កម្មវិធីសំខាន់បំផុតដែលបានចូលរួមនោះគឺជាមួយ Coaches Across Continents (CAC) ជាអង្គការសកលដែលប្រើបាល់ទាត់ជាឧបករណ៍អប់រំអំពីបញ្ហាសង្គម ដូចជា ការរស់នៅ ការរើសអើង ជំងឺហ៊ីវ និងផលលំបាកក្នុងសង្គមជាច្រើនទៀត។
លោក សុវណ្ណារ៉ា បានលើកឡើងថា៖ «ខ្ញុំប្រើគ្រប់វិធីសាស្ដ្រដើម្បីបញ្ជ្រាបចំណេះដឹងអប់រំអំឡុងពេលលេងកីឡាជាមួយកុមារនៅក្នុងសហគមន៍ក្រីក្រ។ មុនពេលចុះដល់សហគមន៍ ខ្ញុំបានស្រាវជ្រាវពីប្រធានបទ និងបញ្ហាជាក់ស្ដែងនៅនឹងកន្លែងដើម្បីលើកយកមកពិភាក្សា និងស្វែងរកដំណោះស្រាយជាមួយពួកគាត់»។
លោកនិយាយថាដំណើរខ្លះលោកមានសម្ភារសិក្សាចែកឲ្យកុមារទាំងនោះដើម្បីជាគ្រឿងលើកទឹកចិត្ដ តែក៏មានដំណើរខ្លះទៀតមិនមានអ្វីជាទ្រនាប់ដៃដែរ។ ក្រោយពីធ្វើការជាមួយ CAC ៣ ឆ្នាំ យុវជនរូបនេះទទួលបាននូវបទពិសោធ និងចំណេះដឹងជាច្រើនស្ដីពីការប្រើកីឡាជួយសង្គម រហូតឈានដល់ការបង្កើតគម្រោង Play To Progress។
គួរបញ្ជាក់ថាលោក ទិត្យ សុវណ្ណារ៉ា គឺជាបេក្ខជនកម្ពុជាទី ១ ស្ថិតក្នុងចំណោមបេក្ខភាព ៤០០ នាក់មកពី ៣៣ ប្រទេសដែលត្រូវបានជ្រើសរើសឲ្យប្រកួតក្នុងកម្មវិធីបុគ្គលជួយសង្គមតាមរយៈកីឡានៃមូលនិធិ Beyond Sport Foundation លើកទី ១០ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
សម្រាប់ព័ត៌មានលម្អិតពី Play To Progress និងជួយគាំទ្រដល់យុវជន ទិត្យ សុវណ្ណារ៉ា លើកិច្ចការមនុស្សធម៌សង្គម លោកអ្នកអាចចូលមើលវេបសាយ (www.playtoprogress.org) ឬទំព័រហ្វេសប៊ុក (@playtoprogress)៕