ក្រុងសេអ៊ូល៖ ទីតាំងថតភាពយន្ដឈ្នះពានអូស្ការរបស់កូរ៉េខាងត្បុង «ប៉ារ៉ាស៊ីត» បានបង្កើនអតិថិជនច្រើនសន្ធឹកតាំងពីទទួលពានអូស្ការដោយហាងភីហ្សាបានកើនការលក់របស់ខ្លួនទ្វេដង។
ភាពយន្ដបែបរន្ធត់ព្រឺព្រួចដែលរិះគន់អំពីគម្លាតរវាងអ្នកមាន និងអ្នកក្រ បានឈ្នះពានអូស្ការចំនួន ៤ រួមទាំងរូបភាពល្អដាច់គេ ជាភាពយន្ដមិនមែននិយាយភាសាអង់គ្លេសដំបូង ឈ្នះពានកំពូលតាំងពីពានរង្វាន់ the Academy Awards ផ្ដើមបង្កើតក្នុងឆ្នាំ ១៩២៩។
ពលរដ្ឋកូរ៉េខាងត្បូងមានការរីករាយចំពោះភាពជោគជ័យនេះ ដោយមនុស្សជាច្រើននាំគ្នាទៅចាយលុយតាមគោលដៅថតរឿងនេះផងដែរ។
អ្នកស្រី អឿម ហាងគី អាយុ ៦៥ ឆ្នាំ ម្ចាស់ហាងភីហ្សា Sky Pizza នៅភាគខាងត្បូងក្រុងសេអ៊ូល ជាភោជនីយដ្ឋាន មាន ១០ កៅអី និងសម្រាប់លក់ខ្ចប់ ជាទីដែលក្រុមគ្រួសារ គីម ដ៏ក្រីក្ររៀបចំផែនការចូលជាសមាជិកគ្រួសារ ផាក ដ៏មានទ្រព្យធននិយាយថា៖ «ការលក់បានកើនឡើងទ្វេដង។ ម្សិលមិញម៉ាស៊ីនផលិតភីហ្សាបានខូចដោយសារទទួលការកុម្ម៉ង់ច្រើនពេក»។
អ្នកស្រីថា៖ «ពិតជាវិសេស ក្ដុកក្កួល និងកក់ក្ដៅពេលពួកគេបានឈ្នះពានរង្វាន់នេះ»។
អតិថិជនឈ្មោះ ហ្គូ ជីនឃ្យូ អាយុ ៣៧ ឆ្នាំ បាននិយាយថា ការចូលហាងលក់ភីហ្សានេះធ្វើឲ្យលោកមានមោទនភាពក្នុងនាមជាពលរដ្ឋកូរ៉េខាងត្បូងម្នាក់។ លោកបាននិយាយថា៖ ខ្ញុំធ្លាប់តែចូលហាងភីហ្សាល្បីៗកាលពេលមុន ដូច្នេះ មកហាងធម្មតាដែលស្ថិតក្នុងឈុតឆាកភាពយន្ដល្បីបែបនេះពិតជាអស្ចារ្យមែនទែន»។
រដ្ឋបាលក្រុងសេអ៊ូលពិចារណាយកទីតាំងល្បីៗចំនួន ៤ ដែលរំលេចទិដ្ឋភាពក្នុងភាពយន្ដ «ប៉ារ៉ាស៊ីត» លើទំព័រវេបសាយទេសចរណ៍របស់ខ្លួន។ នៅផ្សារទំនើប Pig Rice Supermarket ភាគខាងលិចក្រុងសេអ៊ូល ជាអ្នកម្ដាយ និងហាងលក់គ្រឿងទេស ជាទីដែលកូនប្រុសត្រកូល គីម ផឹកពេលទទួលបានការបង្រៀនពីកូនស្រីត្រកូល ផាក ម្ចាស់ហាង គីម យុង ស៊ុន និយាយថា៖ «ខ្ញុំពិតជារីករាយ និងអរគុណចំពោះការថតភាពយន្ដអស្ចារ្យនេះ និងធ្វើឲ្យខ្ញុំល្បី»។
ប៉ុន្ដែមិនសុទ្ធតែមនុស្សទាំងអស់មានការសាទរទេ អ្នកស្រី គីម ដែលបើកហាង ៣៥ ឆ្នាំ បន្ថែមថា៖ «ពលរដ្ឋខ្លះមានក្ដីបារម្ភថា តំបន់នេះនឹងមិនត្រូវបានអភិវឌ្ឍ»៕ AFP/HR