ភ្នំពេញ: ក្នុងចំណងស្នេហ៍ដ៏ផ្អែមល្ហែមជាង ២ ឆ្នាំ ជាមួយបុរសជនជាតិអាមេរិកជាអ្នកជំនួញអចលនទ្រព្យល្បីមួយរូបនៅកម្ពុជា ដោយក្លាហានបណ្ដើរគ្នាត្រសងចូលកម្មវិធីតូចធំដូចប្ដីប្រពន្ធហើយនោះក្ដី ប៉ុន្តែតារាសម្ដែង និងម៉ូដែលរាងស្រលូន កញ្ញា ទឹម រដ្ឋា នៅពេលមានការជជីកពីវេលាបញ្ចប់ឈ្មោះជាគូស្នេហ៍ ទៅជាប្តីប្រពន្ធបំពេញក្រឹត្យប្រពៃណីនោះ នាងហាក់នៅមិនប្រាកដពីចម្លើយនេះដដែល។
តារាសម្ដែង និងម៉ូដែលចាយរាងសិចស៊ី កញ្ញា ទឹម រដ្ឋា បុប្ផាស្វាក់ស្នេហ៍កន្លង់បរទេស ដែលកំពុងភប់ប្រសព្វស្នេហាជាមួយបុរសជនជាតិអាមេរិកនោះ នាងបាននិយាយលើកហេតុផលថា៖ «ខ្ញុំត្រូវការពេលវេលាបន្តទៀតដើម្បីស្វែងយល់ចិត្តគ្នាឲ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តចូលរោងការ»។
កញ្ញា ទឹម រដ្ឋា ដែលគេដឹងគ្រប់គ្នាថា បានសាងជីវិតស្នេហាយ៉ាងផ្អែមល្ហែមជាមួយសង្សារជាជនជាតិអាមេរិកម្នាក់នេះ មានរយៈពេលជាង ២ ឆ្នាំ ហើយ ទាំងឧស្សាហ៍បណ្តើរគ្នាដោយបើចំហ បង្ហាញពីការយល់ចិត្តថ្លើមគ្នា ធ្វើឲ្យអ្នកសិល្បៈរួមអាជីពខ្លះច្រណែននាងផងដែរ។
តែយ៉ាងណាជុំវិញរូបភាពបង្ហាញពីជីវិតស្នេហាដ៏សុខសាន្តនេះ ក៏ត្រូវស្រីស្រស់ ទឹម រដ្ឋា បន្ទរនឹងពាក្យមិនទាន់ចង់ធ្វើកូនក្រមុំនោះ ដោយនាងបានលើកហេតុផលទៀតថា៖ «ហេតុផលនេះ ខ្ញុំពិតជាត្រូវការមើលចិត្តគ្នាឲ្យបានល្អិតល្អន់ ដោយមិនកំណត់ ប៉ុន្មានឆ្នាំទៀតឡើយ»។
គួររំឭកថា តារាសម្ដែង និងម៉ូដែល កញ្ញា ទឹម រដ្ឋា ដែលជាបុប្ផាចាយសម្រស់លើវិថីសិល្បៈ ចូលវ័យខ្ទង់ ៣០ ឆ្នាំនេះ នាងក៏ធ្លាប់ខកស្នេហ៍កន្លង់បរទេសចំនួន ២ លើកមកហើយ ដោយស្នេហ៍ទី ១ ប៉ះចំបុរសប៉ាគីស្ថាន និងស្នេហ៍ទី ២ ប៉ះបុរសប្រេស៊ីល ក្រោមហេតុផលភ្លើងប្រចណ្ឌ។
ដោយឡែកសម្រាប់ស្នេហាបុរសជាតិបរទេសទី ៣ នេះ ក៏មានមហាជនជាច្រើន បានបង្ហាញការជឿជាក់ថា៖ «បើមិនច្បាស់លាស់ទេ គឺនឹងមិនបណ្ដើរគ្នាឡើយ ព្រោះថាខ្លាចបែកបាក់គ្នានាំឲ្យខ្មាសគេ ដូចនេះគេជឿថា ទឹម រដ្ឋា នឹងដឹកដៃសង្សារថ្មីចូលរោងការ នាពេលខាងមុខនេះជាមិនខានគ្រាន់តែនាងមិនទាន់ប្រាប់ថ្ងៃពិតប្រាកដតែប៉ុណ្ណោះ»។
អ្នកសិល្បៈរួមអាជីពក៏បានព្រលយថា៖ «រដ្ឋា ស្វាក់តែបុរសបរទេស មើលមិនឃើញបុរសខ្មែរឡើយ តែ រដ្ឋា ថា ស្នេហាសំខាន់នៅលើនិស្ស័យមិនអាចកំណត់បានថា ជាបុរសខ្មែរ ឬបរទេសទើបធ្វើជាគូស្នេហ៍ទេ»។
ប្រភពអ្នករួមអាជីពនោះក៏បានបង្ហើរទៀតថា៖ «តារាមួយចំនួនច្រណែននឹងរដ្ឋា យ៉ាងខ្លាំងថា ពិតជាពូកែរកបានសង្សារសមគ្នា ហើយសង្សារអាមេរិកនោះក៏ជាសុភាពបុរសស្លូតបូត និងចេះគោរពស្រឡាញ់ ដោយស្គាល់ពីកិច្ចការនាងជាអ្នកសិល្បៈថែមទៀត»។
ក្នុងការលើកឡើងនេះ កញ្ញា ទឹម រដ្ឋា ក៏បានបកស្រាយផងដែរថា៖ «មិនដឹងជាថាយ៉ាងណាដែរ សម្រាប់ខ្ញុំបុរសៗខ្មែរ ដែលជាជាតិសាសន៍ឯង ខ្ញុំពិតជាមិនមានបំណងស្នេហាជាមួយមែន ហើយការស្នេហា នឹងជនជាតិបរទេសនេះក៏ជានិស្ស័យរបស់ខ្ញុំដែរ បើទោះជាមុនៗនេះខ្ញុំក៏ធ្លាប់ខកស្នេហ៍នឹងសង្សារបរទេស ១ លើកជា ២ លើកហើយក្តី»៕