ក្រុងកំពតៈ ក្រោយ​វិលត្រឡប់​ពី​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​កោះ​សង្សារ ដោយបាន​ឃើញ​គេ​ប្រើ​ឫស្សី​តូចៗ​ធ្វើ​ជា​ទុយោ​បឺត​មក​នោះ ក៏​បាន​នាំ​ឲ្យ​ស្ត្រី​វ័យ ៣២ ​ឆ្នាំ​ជា​អ្នក​ខេត្ត​កំពត ប្រើ​គំនិត​ច្នៃ​បង្កើត​បាន​ជា​ចង្វាក់​សិប្បកម្ម​ផលិត​ទុយោ​ឫស្សី​ព្រេច​ដោយ​ខ្លួនឯង​នៅឯ​សហគមន៍​អេកូ​កំពត​ដែល​ដំណើរ​ការផលិត​ជិត​ ២ ​ឆ្នាំ​មក​ហើយ​នោះ កំពុងតែ​ពេញនិយម​ពី​អ្នក​ប្រើ​នៅក្រៅ​ប្រទេស​ទៀត​ផង​។

អ្នកស្រី គីង សុភីម វ័យ ៣២ ​ឆ្នាំ​ជា​អ្នក​កើត​នៅ​ខេត្ត​កំពត​មាន​ស្វាមី​​ជា​ជនជាតិ​អង់គ្លេស និង​ជា​ម្ចាស់​​ភោជនីយដ្ឋាន «​ដឺស្ទាមបល់អ៊ីន ឬ​ The Stumble Inn Restaurant» ដែល​ប្រើប្រាស់​ទុយោ​ឫស្សី​ព្រេច​ទាំង​ស្រុង​នោះ បាន​បង្ហើប​ពី​ការផលិត​ទុយោ​ឫស្សី​ព្រេច​ថា​៖ «​ទុយោ​ឫស្សី​ព្រេច​នេះ ខាង​នាង​ខ្ញុំ​បាន​ផលិត ដើម្បី​ប្រើប្រាស់​អស់​រយៈពេល ២ ឆ្នាំ​មក​នេះ​នៅឯ​ភោជនីយដ្ឋាន​ខ្ញុំ​ផ្ទាល់ ហើយ​ក៏​បាន​លក់​ឲ្យ​អតិថិជន​បរទេស​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​ផងដែរ​។ នៅ​ស្រុក​ខ្មែរ​យើង​គឺ​មាន​ការពេញនិយម​តែ​ជនបរទេស​ប៉ុណ្ណោះ ដែល​បាន​ប្រើ​វា សម្រាប់​បឺត​ទឹក ឬ​ភេសជ្ជៈ​នានា ព្រោះ​ថា​ពួកគាត់​បាន​យល់​ពី​អត្ថប្រយោជន៍​នៃ​ការប្រើប្រាស់​ទុយោបឺត​ដែល​ផលិត​ពី​ឫស្សី​នេះ​ច្បាស់ និង​មាន​ប្រើ​នៅ​តាម​ភោជនីយដ្ឋាន និង​សណ្ឋាគារ​។ ខណៈ​ខ្មែរ​យើង​វិញ​មិន​និយម​ប្រើ​ទេ ដោយសារ​តែ​មិន​សូវ​បាន​យល់​ពី​អត្ថប្រយោជន៍​របស់​វា ហើយ​វិធី​នេះ​មាន​សុវត្ថិភាព​ជាង​ប្រើ​ទុយោជ័រ​ទៀត​ផង​»​។

ស្ត្រី​ម្ចាស់​ភោជនីយដ្ឋាន និង​ជា​តំណាង​សហគមន៍​អេកូ​កំពត​ដែល​ផលិត​ទុយោ​ឫស្សី​ព្រេច​នេះ​បន្ត​ថា​៖ «​សព្វថ្ងៃនេះ​ភ្ញៀវទេសចរ​បរទេស​ដែល​បាន​មក​កម្សាន្ត​នៅ​ស្រុក​យើង​ពេល​ពួកគាត់​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ក៏​បាន​ជាវ​ទុយោ​ឫស្សី​នេះ​ប្រើ​តាម​ចំនួន​ត្រូវការ​ពួកគាត់​។ ភ្ញៀវ​មាន​ជាតិ​អង់គ្លេស អាមេរិក អាល្លឺម៉ង់ បែលហ្ស៊ិក និង​មកពី​អាហ្វ្រិក​ខាងត្បូង​ជាដើម​»​។

ឫស្សី​ព្រេច ដែល​សហគមន៍​អេកូ​កំពត​ផលិត​ទៅ​ជា​ទុយោបឺត​។ រូប Kampot Eco Straw

ទោះបី​ជា​យ៉ាងណា​ការប្រកប​មុខរបរ​ផលិត​ទុយោ​ឫស្សី​នេះ គ្រាន់តែ​ជា​មុខរបរ​បន្ទាប់បន្សំ​តែប៉ុណ្ណោះ ខណៈ​ការផលិត​ក៏មិនមែន​ងាយស្រួល​នោះ​ឡើយ ដោយ​ចំណាយពេល​យូរ​ទើប​អាច​សម្រេច​ជា​ផលិតផល​អាច​យក​មក​ប្រើប្រាស់​បាន​។

អ្នកស្រី គីង សុភីម បាន​ប្រាប់​ថា​៖ «​ចំពោះ​របៀប​ធ្វើ​វា​វិញ ដំបូង​គឺ​ត្រូវ​កាប់​ឫស្សី​ព្រេច​ចាស់ៗ​ដែល​មាន​តែ​នៅ​តំបន់ភ្នំ​ប៉ុណ្ណោះ​យក​មក​ដាក់​ហាលថ្ងៃ ១ ខែ​រហូត​ឲ្យ​ស្ងួត​ល្អ ទើប​កាត់​ជា​ទុយោ​។ បន្ទាប់មក​ត្រូវ​យក​​ទៅ​ស្ងោរ​នឹង​ទឹក​ក្តៅ​លាយ​ទឹកខ្មេះ​ប្រមាណ ៣០ នាទី និង​យក​ទៅ​ដាក់​ហាលថ្ងៃ​ចំនួន ១ ​ថ្ងៃ​ទៀត ទើប​អាច​យក​មក​ប្រើប្រាស់​វា​បាន​។ ដោយឡែក​ទុយោបឺត​នេះ​ក៏​អាច​យក​មក​ប្រើប្រាស់​សាជាថ្មី​បាន​ដែរ​ដោយ​គ្រាន់តែ​យក​មក​ស្ងោរ​ទឹកខ្មេះ ដើម្បី​រម្ងាប់​មេរោគ​លើក​ទី​ ២ ចំនួន ១៥ នាទី​មក​នោះ​គឺ​ប្រើ​បាន​ហើយ​»​។

ចំពោះ​ការផលិត​ទុយោបឺត​ពី​ឫស្សី​ព្រេច​នេះ យើង​អាច​ធ្វើ​វា​បាន​ចន្លោះ​ក្រោម ឬ​ត្រឹម ១០០ ដើម​តែ​ប៉ុណ្ណោះ​ក្នុង​ ១ ​ថ្ងៃ ខណៈ​ការលក់​វិញ​គឺ​តម្លៃ​គិត​តាម​ចំនួន​ដើម​។

ស្ត្រី​វ័យ ៣២ ​ឆ្នាំ​ជា​តំណាង​សហគមន៍​អេកូ​កំពត​បន្ថែម​ថា​៖ «​ក្នុង​មួយ​ថ្ងៃ​អាច​ផលិត​បាន​ច្រើន​បំផុត ១០០ ដើម ឬ​តិច​ជាង​នេះ​។ យើង​លក់​វា​ជា​ចំនួន​តាម​ដើម​គឺ ១ ដើម​តម្លៃ ២០០០ រៀល តែ​ប្រសិន​មាន​ការកុម្ម៉ង់​ទិញ​ច្រើន​ចាប់ពី​ចំនួន ២០០០ ដើម​ទៅ​យើង​នឹង​លក់​ជូន​ក្នុង​តម្លៃ ១ ដើម​ត្រឹម​តែ ១០០០ រៀល​»​។

ប្រសិន​បើ​មាន​ការចាប់អារម្មណ៍​ចង់​កុម្ម៉ង់​ទិញ​នោះ​អាច​ទាក់ទង​តាម​ទូរស័ព្ទ ០៩៦ ២១៧ ៦៦៥៧ ដើម្បី​ជាវ​ទុយោយ​បឺត​ដ៏ស្រស់ស្អាត​ផលិត​ពី​ឫស្សី​ព្រេច ដែល​ជា​របស់​សហគមន៍​អេកូ​កំពត​៕