ក្រុងញូវដែលី: នាយករដ្ឋមន្ដ្រី​ឥណ្ឌា ណារ៉េន ដ្រា ម៉ូឌី បាន​ឡើង​កញ្ចក់​ទូរទស្សន៍​ក្នុងស្រុក​ដ៏កម្រ​កាលពី​ថ្ងៃ​ចន្ទ ដោយ​ជជែក​អំពី​ជីវិត​របស់​លោក និង​បរិស្ថាន និង​រួមទាំង​ការហិត​លាមក​ដំរី​ថែម​ទៀត​ជាមួយ​អ្នក​ផ្សងព្រេង​អង់គ្លេស Bear Grylls​។

កម្មវិធី «Man Vs. Wild» របស់​ទូរទស្សន៍ Discovery Channel បានឃើញ​លោក ម៉ូឌី បានបង្ហាញ​មុខ​យ៉ាង​ពិសេស​ក្នុងនាម​ជា​អ្នកការពារ​ធម្មជាតិ ដោយ​បាន​រៀបរាប់​ដំណើររឿង​ជីវិត​ប្រាប់​ពិធីករ​ផ្នែក​ដំណើរ​ផ្សងព្រេង​របស់​ទូរទស្សន៍​អង់គ្លេស​ក្នុង​តំបន់​ធម្មជាតិ​ឥណ្ឌា​។

លោក ម៉ូឌី បាន​និយាយ​ពេល​អ្នក​ទាំង​ ២ ​ជិះទូក​ឆ្លងទន្លេ​ដ៏ត្រជាក់​ថា​៖ «​គ្រប់​រុក្ខជាតិ​ទាំងអស់​គឺជា​ផ្កា​។ យើង​មើលឃើញ​អាទិទេព​ក្នុង​ដើមឈើ​នីមួយៗ​»​។

លោក​និយាយ​ភាសា​ឥណ្ឌា​ដែល​លោក Grylls ទំនង​ជា​យល់ថា​៖ «​វា​ជា​កិច្ចការ​ទទួលខុសត្រូវ​របស់​មនុស្ស​ក្នុង​ការអភិរក្ស​បរិស្ថាន​។ បញ្ហា​ធំ​បំផុត​គឺជា​ជិវិត​របស់​យើង​។ យើង​បាន​បំពាន​ធម្មជាតិ​ដើម្បី​តែ​ភាព​រីករាយ​របស់​យើង​»​។

លោក ម៉ូឌី ដែល​បាន​ជាប់​ឆ្នោត​ជាថ្មី​កាលពី​ឆ្នាំ​ក៏​បាន​ប្រាប់​លោក Grylls អំពី​ឆាកជីវិត​តស៊ូ​ក្នុង​នាម​ជា​កូន​អ្នកលក់​ទឹកតែ និង​ដំណើរ​ដ៏សែន​ឯកោ​ទៅកាន់​ភ្នំ​ហិមពាន្ដ​កាលពី​រូបលោក​នៅ​ជា​យុវវ័យ​។

ជា​មេដឹកនាំ និង​តារា​លើ​បណ្ដាញ​សង្គម​លោក ម៉ូឌី ដែលមាន​អ្នកគាំទ្រ​លើ Twitter ៤៩ លាន​នាក់​តែងតែ​បាន​លើកតម្កើង​ខ្លួន​ជា​វរជន​ការពារ​ប្រទេស និង​ប្រជាជន​របស់​លោក​។

លោកនាយក​រដ្ឋមន្ដ្រី ម៉ូឌី អាយុ ៦៨ ឆ្នាំ ធ្លាប់​បាន​ផ្សព្វផ្សាយ​វីដេអូ​ខ្លួនឯង​ហាត់​យោគៈ និង​នៅ​ចុង​យុទ្ធនា​ការរក​សំឡេងឆ្នោត​ឆ្នាំនេះ​លោក​បង្ហាញខ្លួន​លើ​កញ្ចក់​ទូរទស្សន៍​កំពុង​ធ្វើ​សមាធិ​ក្នុង​ល្អាង​ពិសិដ្ឋ​ដាច់ស្រយាល​មួយ​៕ HR