ភ្នំពេញ៖ លើសពីរូបភាពថតគៀកកើយគ្នា និងការបង្អួតកាដូជូនគ្នាទៅវិញទៅមក ផ្អើលអស់មហាជន ពីតារាចម្រៀងរួមទ្រនំហង្សមាសដូចគ្នា នាង ទេព បូព្រឹក្ស និង លោក ងួន ច័ន្ទដេវីត តារាចម្រៀងផលិតកម្មរស្មីហង្សមាស ទេព បូព្រឹក្ស ថារូបភាពនេះកាន់តែបង្ហាញការរុញច្រានឲ្យក្លាយជាគូស្នេហ៍នឹងគ្នាច្បាស់ក្រឡែត។ ខណៈពេលនេះស្រីស្រស់តារាចម្រៀង តែសម្បូរក្បាច់រាំកាចៗរូបនេះក៏សារភាពផងដែរ ពីការបើកជំនួញរួមគ្នាដំបូងក្នុងទុករួមជាង ១០ ម៉ឺនដុល្លារ។
ពីឱកាសបើជំនួញរួមគ្នាជាមួយដៃគូចម្រៀងនេះ ក៏ត្រូវបាន កញ្ញា ទេព បូព្រឹក្ស បង្ហាញឲ្យដឹងថា៖ «តាមគម្រោងការបើកជំនួញថ្មីនាំផលិតផលរក្សាសម្ផស្ស ពីបរទេសមកលក់នៅស្រុកខ្មែរនោះ ដែលចូលហ៊ុនគ្នាជាមួយ បង ដេវីត នេះ និងបើសម្ភោធនៅពាក់កណ្តាលខែកុម្ភៈនេះ តែដោយការរៀបចំហាងមិនទាន់ ក៏ត្រូវពន្យាការសម្ភោធនេះទៅខែ ៣ វិញ»។
ក្នុងជំនឿចិត្តថាមុខរបរថ្មីនឹងជោគជ័យដូចអាជីពចម្រៀង និងថា ពេលនេះទីផ្សារក៏ទទួលការគាំទ្រច្រើនហើយពីអ្នកគាំទ្រកំពុងតែរងចាំផលិតផលទាំងនោះហើយ។
តារាចម្រៀងស្រី និង ជាគូស្នេហ៍តារាចម្រៀងរ៉េបរូបនេះ នាងក៏បានប្រាប់អះអាងទៀតថា៖ «មុខរបរដែលខ្ញុំកំពុងតែរៀបចំនោះជិតបានចេញជារូបរាងហើយ ព្រោះពេលនេះហាងហ្នឹងឌីហ្សាញជិតរួចហើយតើ។ ខ្ញុំមានគម្រោងសម្ភោធហាងហ្នឹងនៅពាក់កណ្ដាលខែកុម្ភៈហ្នឹងដែរ តែរៀបចំមិនទាន់ ទើបឥឡូវត្រូវលើកពេលបន្ដិចសិន ដើម្បីឲ្យមានការរៀបចំស្អាតបាតសិន ទើបយើងដំណើរការ។
តារាចម្រៀងដែលល្បីខាងក្បាច់រាំកាចៗ និងជាកូនស្រីសំណព្វចិត្តមន្ត្រីធ្វើការនៅក្រសួងកិច្ចការនារី កញ្ញា ទេព បូព្រឹក្ស បន្តថា៖ «ខ្ញុំ និងដេវីត បានពិភាក្សាគ្នាច្បាស់លាស់អស់ហើយរឿងរកស៊ីហ្នឹង ពួកយើងសង្ឃឹមថា នឹងជោគជ័យដូចចម្រៀងដែរ គ្រាន់តែដំណាក់កាលដំបូង យើងមិនទាន់ដាក់ជាទុនធំដូច គង់ ច័ន្ទស្រីមុំ ទេគឺរកតាមតូចទៅធំសិន»។
តារាចម្រៀង ទេព បូព្រឹក្ស និង ងួន ចាន់ដេវីត បានដាក់ទុនចូលគ្នារកស៊ីដោយចូលប្រាក់គ្នាជាង ១០ ម៉ឺនដុល្លារបើកហាងលក់ផលិតផលគ្រឿងសម្អាងនាំចូលពីបរទេសដោយទិញកម្មសិទ្ធិផ្ទាល់ពីរោងចក្រតែម្ដង ហើយការប្រឹងរកស៊ីក្រៅសិល្បៈនេះត្រូវបានគេមើលឃើញថា ពួកគេរកលុយចូលគ្នាឲ្យបានច្រើនទើបដឹកដៃគ្នាចូលរោងការ។
ប៉ុន្តែពេលសួរដល់សំនួរនេះ ទេព បូព្រឹក្ស ថា៖ «រឿងនេះយើងមិនទាន់គិតដល់ទេ អ្វីដែលសំខាន់ពេលនេះយើងចង់ឲ្យជំនួញលក់ផលិតផល Cosmetics នាំចូលពីបរទេសដោយទិញ License ផ្ទាល់ពីរោងចក្រនេះដើរសិន ហើយយើងនឹងគិតមួយជំហ៊ានទៀត»៕