ភ្នំពេញ៖ ក្រោយ​ពី​ការ​ផ្អាក​ពី​សិល្បៈ​អស់​មួយ​រយៈ​​ប្រមាណ ​២-៣ ឆ្នាំ ដោយសារ​ពពោះ​​បុត្រ​ដំបូង​​​ជា​ចំណង​​​ស្នេហ៍​នឹង​ស្វាមី​ជន​បរទេស​ បាន​ធ្វើ​​ឲ្យ​ឡើង​គីឡូ​បាត់បង់​រូប​ឆោម​​ ខណៈ​តួឯក​​ស្រី ​ដែល​ល្បី​ក្នុង​​រឿង ​«​ជីវិត​​នាង​រក្សា» អ្នកនាង​ ទេព សម្ផស្ស បង្ហើប​​ពី​គម្រោង​ចង់​ចូល​ប្រឡូក​​សិល្បៈ​វិញ​ ក្រោយ​ពី​​សម្រក​​គីឡូ​សម្រេច​ឲ្យ​មាន​រូប​រាង​ដូច​ដើម​​មក​វិញ​នោះ​​។

តារា​​សម្តែង​ស្រី​រូប​នេះ បាន​ចាប់​ផ្តើម​ចូល​សិល្បៈ​​តាំង​ពី​ឆ្នាំ ២០០៩​ តាមរយៈ​ការ​ដើរ​បង្ហាញ​​ម៉ូដ​ និង​ថត​រូប​ដាក់​ក្នុង​​ទស្សនា​វដ្តី ដោយ​បាន​​​អភិវឌ្ឍ​ខ្លួន​មក​ជា​តារា​សម្តែង​ល្បី​នៅ​ក្នុង​ឆ្នាំ ​២០១៥ បន្ទាប់​ពី​បាន​ថត​បញ្ចប់​កុន​ដំបូង​ មាន​ន័យ​ដូចគ្នា​​​នឹង​ជីវិត​ផ្ទាល់​ខ្លួន​ មុន​​ចូល​សម្តែង​កុន​រឿង ​«ជីវិត​នាង​រក្សា»​ ផង​ដែរ​។

តារា​សម្តែង​ស្រី​ស្រូប​បាន​ភាព​ល្បី​ក្នុង​វិថី​សិល្បៈ​ឆ្នាំ ​២០១៥ និង​បាន​បាត់​មុខ​ពី​សិល្បៈ​ បន្ទាប់​ពី​មាន​ផ្ទៃ​ពោះ​ជាមួយ​គូស្នេហ៍​ជនជាតិ​ហ្វីលីពីន​ ក្នុង​អំឡុង​ឆ្នាំ ​២០១៦ បាន​​ថ្លែង​មក​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ ​«​ខ្ញុំ​ជោគជ័យ​ខ្លាំង​ក្នុង​សិល្បៈ​ក្នុង​​ឆ្នាំ ២០១៥ ហើយ​នៅ​ឆ្នាំ ​២០១៦ ខ្ញុំ​ក៏​បាន​ទទួល​ការងារ​ថ្មី​ដែរ ទាំង​មិន​ដឹង​ថា​ខ្លួន​កំពុង​មាន​ផ្ទៃ​ពោះ​ នា​ពេល​​ដែល​ដឹង​ថា ​មាន​ផ្ទៃ​ពោះ​​ខ្ញុំ​ក៏​បាន​បញ្ចប់​កុងត្រា​ជាមួយ​ផលិតកម្ម​វិញ​ ហើយ​ក៏​បាន​ផ្អាក​ចាប់​​តាំង​ពី​ពេល​នោះ​មក​»។

តារា​សម្តែង​ស្រី ដែល​បង្ហើប​ចង់​វិល​រក​វិថី​សិល្បៈវិញ​ ​ក្រោយ​ពី​បាត់​មុខ​ប្រមាណ២-៣ ឆ្នាំ អ្នកនាង ទេព សម្ផស្ស​។ ភ្នំពេញ ប៉ុសិ៍្ត

តារា​សម្តែង​ស្រី​ល្បី​​មួយ​ប្រាវ ក៏​បាត់​​មុខ​មួយរយៈ​វិញ​អ្នកនាង ​ ទេព​ សម្ផស្ស ដែល​មាន​​ឈ្មោះ​ពិត​ថា​ ទេព ស្រីភ័ស ​​ប្រាប់​បន្ត​ទៀត​ថា​៖​ «​បន្ទាប់​ពី​សម្រាល​កូន​​រួច​ហើយ​ ក៏​មាន​​ខាង​​ផលិតកម្ម​​ទាក់ទង​មក​ដែរ ប៉ុន្តែ​ខ្ញុំ​បាន​​បដិសេធ​ដោយ​​សារ​កាល​​នោះ​ទម្ងន់​ខ្ញុំ​ឡើង​គីឡូ​​ ខ្លាំង​រហូត​ដល់​ ៨០ គីឡូ​ឯណោះ​ គ្មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង ណា​មួយ​កូន​​​ក៏​នៅ​តូច​ទើប​បន្ត​ផ្អាក​មក​ដល់​សព្វ​ថ្ងៃ​នេះ​​ឯង​»។

នៅ​ក្នុង​​ពេល​មាន​ផ្ទៃ​ពោះ​​អ្នកនាង​ ទេព សម្ផស្ស ក៏​បាន​បញ្ជាក់​ផង​​ដែរ​​ថា​ បាន​ឡើង​គីឡូ​ រហូត​ដល់​ ៨០ គីឡូ ដោយ​ការ​​ចូល​ចិត្ត​​​​បរិភោគ​តែ​អាហារ​បំពង​ រហូត​ដល់​​សម្រាល​រួច​ក៏​ចុះ​មក​ត្រឹម​ ៧២ គីឡូ​វិញ​។ ដោយសារ​ការ​​ចង់​វិល​ត្រឡប់​​ទៅ​ប្រឡូក​ក្នុង​សិល្បៈ​វិញ​នោះ​​ តារា​សម្តែង​ស្រី​រូប​នេះ​ ក៏​កំពុង​តែ​ព្យាយាម​សម្រក​គីឡូ​ចុះ​វិញ​ផង​ដែរ​។

ចំពោះ​​គម្រោង​​​ត្រឡប់​ចូល​​សិល្បៈ​​វិញ​ តារា​ស្រី​កូន ​១ ​រូប​នេះ​ ក៏​​​បន្ថែម​​​ដូច្នេះ​ដែរ​ថា​៖​ «​​នៅ​​សល់​​តែ​ ៣ ទៅ​ ៤ គីឡូ​ទៀត​ទេ ខ្ញុំ​នឹង​​​ត្រឡប់​មក​មាន​​​រូបរាង​ដូច​ដើម​វិញ​​ហើយ​​។ ​ខ្ញុំ​ក៏​មាន​គម្រោង​ថា ​នឹង​​​ចូល​ទៅ​សម្តែង​​សិល្បៈ​វិញ​នៅ​​ឆ្នាំ​ ២០២០ នេះ​ទៀត​​ផង​ដែរ​»។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បន្ទាប់​ពី​តារា​ស្រី​មាន​​ស្វាមី​ជា​ជនជាតិ​ហ្វីលីពីន​​រូប​នេះ​ បាន​ផ្អាក​​ពី​សិល្បៈ​ នាង​ក៏​​បាន​​​ធ្វើ​អាជីវកម្ម​ផ្ទាល់​ខ្លួន​ គឺ​បើក​ហាង​​លក់​មាន់​បំពង​ដែល​មាន​​ឈ្មោះ​ថា «Wings & Beers» និង​ហាង​​អាហារ​ហ្វីលីពីន​​ ឈ្មោះ​ «Madame»​ និង​​ក៏​កំពុង​តែ​​មាន​​គម្រោង​​បើក​ហាង​លក់​​ ​បឺហ្គ័រ នៅ​ជិត​វិទ្យាល័យ​​បាក់​ទូក​ទៀត​ ដោយ​មាន​ការ​ផ្តួច​​ផ្តើម​ពី​គូ​ស្នេហ៍​ជនជាតិ​ហ្វីលីពីន​នោះ​​ឯង​៕​