ក្រុង​សែន​មនោ​រម្យ: គ្រង​អាវ​សាច់​ក្រណាត់​ចាក់​ពណ៌​ទឹក​ប៊ិក ក្រមា​ពាក់​ឆៀង ស្បែក​ជើង​ផ្ទាត់​ពណ៌​លឿង គ្រប​មួក​ចាក់​សម្បុរ​ត្នោត ស្ពាយ​អាញ​ដាក់​អីវ៉ាន់​ជា​ពិសេស បន្លែ ផ្លែឈើ ស្ដ្រី​វ័យ​ចំណាស់​កំពុង​បោះ​ជំហាន​ដើរ​មួយៗ​ក្រោម​តំណក់​ទឹក​ភ្លៀង​ព្រឹក​ព្រលឹម​តាម​បណ្ដោយ​ផ្លូវ​ភ្លោះ សំដៅ​ទៅ​កាន់​ផ្សារ​តាំង​លក់​ផលិតផល​កសិផល​ជន​ជាតិ​ដើម​ភាគ​តិច។

ចេក ៥ ស្និត និង​ទំពាំង​ឫស្សីព្រៃ ១០ កញ្ចប់តូចៗ នៅក្នុង​អា​ញ ដូនចាស់​ជន​ជាតិ​ដើម​ភាគ​តិច ពូនង (ព្នង) ប្រកែក​មិន​ប្រាប់​ឈ្មោះ ដោយ​គ្រាន់​តែ​ឆ្លើយ​ដដែលៗ​ថា «យក​ឈ្មោះ​ធ្វើ​អី? យក​ទៅ​ធ្វើ​អី?» បាន​រៀបរាប់​បណ្ដើរ ដើរ​សំដៅ​ទៅ​ផ្សារ​បណ្ដើរ ខណៈ​មេឃ​កំពុង​បង្អុរ​ភ្លៀង​ទាំង​ព្រឹក​ព្រលឹម​ថា ថ្ងៃនេះ​លោក​យាយ​មាន​ចេក និង​ទំពាំង​ព្រៃ​ស្ពាយ​មក​លក់​នៅ​ផ្សារ​ក្នុង​ក្រុង​សែន​មនោរម្យ​ពី​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម​ក្រុង​សែន​មនោ​រម្យ។

ស្ដ្រី​ជនជាតិ​ព្នង វ័យ៦៥ ឆ្នាំ​ដែល​ធ្វើ​ចំណាកស្រុក​ពី​ខេត្ដ​ក្រចេះ និង​ចាប់​របរ​លក់​បន្លែបង្កា​រ​តាំង​ពី​ឆ្នាំ ១៩៩៤ រូបនេះ​បាន​និយាយ​ភាសា​បែប​រដឺន​ថា៖ «ទំពាំង​ព្រៃ ២ កញ្ចប់​លក់ ១៥០០ រៀល និង​ចេក ១ ស្និត​លក់​ពី ៧០០ ទៅ ៨០០ រៀល»។

ស្ដ្រី​ប្រកប​របរ​លក់​ផលដំណាំ​ផ្ទាល់ ខ្លួន២៤ឆ្នាំ រូបនេះ​ប្រាប់ថា អ្នកស្រី​បាន​ដាំ​ដំណាំ​ហូប​ផ្លែ និង​បន្លែ​បង្ការ​នៅ​ជុំវិញ​ផ្ទះ ដូចជា ត្រសក់ ល្ពៅ ស្រូវ ពោត និង​ចេក​ខណៈ​ទំពាំង​ព្រៃ អ្នក​ស្រី​ត្រូវ​ដើរ​ចូល​ព្រៃ​ទៅ​រក​ជីក​ដោយ​ខ្លួន​ឯង។

យោងតាម​តួលេខ​ជំរឿន​ឆ្នាំ ២០០៨ បង្ហាញថា​ជនជាតិដើម​ភាគតិច​ចំនួន ២៤ ក្រុម​ជនជាតិ​ដូចជា ព្នង ទំពួន កួយ ចា​រ៉ា​យ ក្រាំង និង​ស្ទៀង​ជាដើម​មាន​ចំនួន​ប្រមាណ ២០ ម៉ឺន​នាក់ ឬ ១,២ ភាគរយ​ក្នុង​ចំណោម​ប្រជាជន​សរុប​ជាង ១៤ លាន​នាក់។

ពួកគេ​ចិញ្ចឹមជីវិត​អាស្រ័យ​លើ​ការចិញ្ចឹម​សត្វ និង​ដំណាំ​ចម្ការ​តាម​រដូវ និង​អាស្រ័យ​ចម្បង​លើ​អនុផល​ព្រៃឈើ​តែ​មិន​បំផ្លាញ​ដល់​ដី​និង​ព្រៃ​ដែល​ត្រូវ​បាន​អភិរក្ស​តាំង​ពី​ដូនតា​មក។

នា​ព្រឹក​ព្រលឹម ភ្ញៀវទេសចរ និង​អ្នកដំណើរ​នឹង​បានឃើញ​បងប្អូន​ជនជាតិដើម​ភាគតិច​ស្ពាយ​អាញ​ដែល​ផ្ទុក​នូវ​បន្លែ ផ្លែឈើ​ដើរ​មក​ពី​គ្រប់​ទិសទី​សំដៅ​មក​កាន់​ផ្សារ ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សំណាក​និមិត្តរូប​មណ្ឌលគិរី គោព្រៃ។

ស្ត្រីជនជាតិភាគតិច ស្ពាយ​អាញ ដាក់​ចេក និង​ទំពាំង ដើរ​លក់​​តាមផ្លូវ​។ ផា លីណា

ស្ដ្រី​ជនជាតិ​ព្នង ពាក់អាវ​ពណ៌​ខៀវ​ស្ពាយ​ផ្លែ​ល្ហុង និង​ល្ពៅធំៗពេញ​អា​ញ និង​កូនស្រី​វ័យ ១៥ ឆ្នាំ​ផ្ទុក​សម្ពាយ​ទំពាំង​ព្រៃ​លើ​ខ្នង ដែល​កំពុង​ដើរ​ពី​តូប​មួយ ចូល​តូប​មួយ បំណង​បោះដុំ​កសិផល​របស់​ខ្លួន​ឲ្យ​ទៅ​អាជីវករ​ក្នុង​ផ្សារ​លក់​បន្ត​ដើម្បី​បាន​លុយ​ខ្លះ ទុក​យក​ទិញ​អង្ករ ព្រមទាំង​អំបិល ទឹកត្រី ទឹក​ស៊ីអ៊ីវ និង​ប៊ីចេង។

អ្នកស្រី ថេ​ន អាយុ ៣៥ ឆ្នាំ ដែលមាន​កូន ៦ នាក់​ក្នុងបន្ទុក បាន​និយាយ​ជា ភាសា​ជន​ជាតិ​ដើម​ភាគតិច និង​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖ «ពេល​ណា​លក់​អត់​ដាច់ ពួក​យើង​ដាំបបរ​ហូប​ជាមួយ​អំបិល ឬ​បន្លែ ផ្លែឈើ​ទាំងនេះ​ទៅ»។

យ៉ាងណាមិញ បើទោះបីជា​កសិផល​រប​ស់បង​ប្អូន​ជនជាតិដើម​ភាគតិច​លក់​ត្រូវបាន​ចាត់ទុក​ជា​បន្លែ ផ្លែឈើ​ធម្មជាតិ​យ៉ាង​ណា​ក្ដី ក៏​ពលរដ្ឋ​មិន​អស់​នោះ​ទេ​ដែល​ស្វាគមន៍ ពេញ​ចិត្ដ​នឹង​វត្ដមាន​របស់​ពួកគេ។

​ផ្ទះសំណាក់ជនជាតិ​ដើមនៅ​ខេត្ត​​មណ្ឌលគិរី​។ ផា លីណា

លោកយាយ ដែល​ចចេស​មិន​ប្រាប់​ឈ្មោះ​ដោយយោង​ហេតុផល​ត្រណម​ជនជាតិ ខាងលើ បាន​ប្រាប់​ពី​បញ្ហា​ដែល​លោក​យាយ​ដើរ​លក់​តាម​ផ្ទះ​អ្នក​ផ្សារ​ថា ៖ «អង្គុយ​លក់​មុខផ្ទះ​គេ​ហើយ​គេ​ដេញ (កុំ​លក់​ត្រង់​នេះ ទៅ!) មិន​មែន​មាន​តែ​ម្នាក់ៗ​ទេ​ទៅ​បោះ​ឆ្នោត គេ​បោះ​ទូទាំង​ប្រទេស។ ជនជាតិ​គេ​ស្ងាត់​មាត់ ជន​ជាតិ​ខ្ញុំ​ចាំ​តើ! ច្បាស់​លាស់​ណាស់។ ដេញ​គ្នា​គ្រាន់​តែ​លក់ អង្គុយ​មួយ​ភ្លែត​សោះ។ អាសូរ​តែ​រាប់​ថ្ងៃ​រាប់​ខែ​រាប់​ឆ្នាំ​មិន​ថា​ទេ»។

ទាក់ទង​នឹង​ការលក់ដូរ​របស់​បង​ប្អូន​ជនជាតិភាគតិច​នេះ លោក ងិន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​មណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​សង់​ផ្សារ​ជន​ជាតិ​ដើម​ភាគតិច ដើម្បី​ឲ្យ​បងប្អូន​ជន​ជាតិ​ដើម​ភាគ​តិច​ដាក់​លក់​កសិផល​របស់​ខ្លួន។

លោក​បាន​និយាយថា៖ «ពួកគាត់​ខ្លះ​មិន​ចង់​លក់​នៅក្នុង​ផ្សារ និង​ចង់​ដើរ​លក់​តាមផ្លូវ ឬ​តាម​ផ្ទះ​ព្រោះ​ឆាប់​លក់​ដាច់​ជាង។ តាម​ចិត្ដ​ពួក​គាត់»។

ក្រោយពី​បោះ​ដុំ​ល្ហុង និង​ល្ពៅ រួច​បន្ដ​ដើរ​លក់​ទំពាំង​ព្រៃ អ្នកស្រី ថេ​ន និង​កូនស្រី​មាន​ទឹកមុខ​ញញឹម​ញញែម​នឹង​ប្រាក់​ទិញ​អង្ករ​ច្រក​ឆ្នាំង ព្រម​ទាំង​ទិញ​នំ​ឲ្យ​កូនស្រី​ទំពា​កំដរ​មាត់​ពេល​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ៕

ផ្សារ​​ជាទីដែល​បង​ប្អូនជនជាតិ​ដាក់​លក់​កសិផល​​។ផា លីណា

ជនជាតិភាគតិច​ដើរ​លក់​បន្លែ​ ផ្លែឈើ​ ​ចិញ្ចឹមជីវិត​។ ផា លីណា