ក្រុង​ប្រាទីស្លាវ៉ា : នៅ​ក្នុង​ទីក្រុង​តូច​ដ៏​ស្ងាត់​ជ្រងំ ស្លូវ៉ា គូស្នេហ៍​នានា​ត្រៀម​ខ្លួន​ស្វាគមន៍​ទិវា​នៃក្ដី​ស្រឡាញ់ ដើម្បី​កក់​​ទុក​នូវ​អនុស្សាវរិយ​​រ៉ូមេន​ទិក​របស់​ខ្លួន​​​ ​​ក្នុង​ទីតាំង​ជោក​ជាំ​ទៅ​​ដោយ​ក្ដី​ស្រឡាញ់​។

«​ធនាគារ​ស្នេហា​» គឺជា​គោលដៅ​​ទាក់ទាញ​ចម្បង​ក្នុង​​ពិព័រណ៍​ ដែល​រំឭក​ដល់​ស្នាដៃ​កំណាព្យ​ស្នេហា​ដ៏​វែង​បំផុត​ក្នុង​លោក​ «​ម៉ារីណា​» ដោយ​កវី​និពន្ធ​ស្លូវ៉ាគី អេន​ទ្រេក ស្លាដកូវិក​។

និពន្ធ​ក្នុង​ឆ្នាំ​១៨៤៤ កំណាព្យ​ ២៩០០ បន្ទាត់ បាន​រៀប​រាប់​អំពី​រឿង​រ៉ាវ​ស្នេហា​​និរាស្ដ​ព្រាត់​ប្រាស​រវាង​កវី​និពន្ធ និង​នាង ម៉ារីណា​ ភីសឆ្លូវ៉ា​។

ពួកគេ​​ជា​គូស្នេហ៍​កម្សត់​ តែ​មិន​ដូច​ជា រ៉ូម៉េអូ និង​ ជូលៀ​ត ឡើយ ​ដំណើរជីវិត​របស់​ពួកគេ​គឺជា​រឿង​ពិត​។ ឪពុក​ម្ដាយ​ ម៉ារីណា មិន​ពេញ​ចិត្ដ​កវី​ក្រីក្រ​ និង​បង្ខំ​នាង​​រៀប​ការ​ជាមួយ​អ្នក​ផលិត​នំប៉័ង​ខ្ញី​ដ៏​ស្ដុក​ម្នាក់​។

ផ្ទះ ដែល ម៉ារីណា រស់​នៅ​ក្នុងអតីត​​ទីក្រុងរ៉ែ បានស្កា ស្ដែវនីកា ពេលនេះ មាន​ឈ្មោះ​ល្បី​ជា «​ចំណុច​ស្នូល​នៃ​សេចក្ដីស្រឡាញ់» និង​មាន​ពិព័រណ៍​រឿង​រ៉ាវ​ស្នេហា​តាម​បទ​កំណាព្យ​ រួម​ទាំង «love-o-meter» ដែល​វាស​វែង​ពី​កម្លាំង​ថាមពល​នៃ​សេចក្ដី​ស្រឡាញ់​របស់​គូស្នេហ៍​។

ចំពោះ​គូស្នេហ៍​ជា​ច្រើនវា​ជា «​ធនាគារ​ស្នេហា​» ដែល​ទាក់​ទាញ​ចិត្ដ​ពួកគេ​ឲ្យ​កាន់​ទីឋាន​ដែល​ពួកគេ​អាច​រក្សា​ទុក​នូវអនុស្សាវរិយ​មិន​អាច​បំភ្លេច​បាន​នៅ​ទី​នោះ។ ផ្លូវរូង​ដ៏​វែង​នៅ​ក្រោម​ផ្ទះត្រូវបាន​ប្រែ​ក្លាយ​ជា​ទូរ​ដែក​​មាន​ថត​តូច​ៗ​ ១០ ម៉ឺន​ ដែល​ទូរ​នីមួយ​ៗសម្រាប់​​ដាក់​សំបុត្រចន្លោះវណ្ណយុត្ដិ​ (សញ្ញា​អក្សរ​ ស្រៈ) សំណេរ​កំណាព្យ​ «ម៉ារីណា» អាយុ​កាល ១៧៤ ឆ្នាំ​។

គូស្នេហ៍​អាច​កក់​ទីកន្លែង​នេះ​បាន​តែ​ពីរ​ ឬ​បី​ដង​ក្នុង​មួយ​ឆ្នាំ​ប៉ុណ្ណោះ ដោយ​ឱកាស​បន្ទាប់​គឺ​នៅ​ទិវា​នៃក្ដី​ស្រឡាញ់​។ ដូមីនីកា រ៉ាប៊ូសូវ៉ា អាយុ ២៤ ឆ្នាំ បាន​ប្រាប់ AFP ថា​៖ «​សង្សារ​ខ្ញុំ និង​រូប​ខ្ញុំ​នឹង​ត្រឡប់​មក​ទី​នេះ​វិញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត ហើយ​យក​សំបុត្រ​កុន​ដែល​មើល​នៅ​ពេល​ស្រឡាញ់​គ្នា​ដំបូង​កប់​ទុក​ទី​នេះ​»។

នារី​ម្នាក់​បើក​ថតឃ្លាំង ដែល​នាង​ធ្លាប់​ទុក​​​ដាក់​វត្ថុ​បញ្ចាំ​ចិត្ត នៅ​ធនាគារ​ស្នេហា។ រូបថត AFP

គូស្នេហ៍​មួយ​ទៀត ជេន និង ​អានណា បាន​នាំ​យក​កូន​អាយុ ៧ ខែ​មក​ជាមួយ​។ ជេន អាយុ ៣៨ ឆ្នាំ បាន​និយាយ​ថា​៖ «​នេះ​ជា​ដំណើរ​ទី ៤ ឬទី ៥ របស់​យើង​មក​កាន់​ក្រុង​​បានស្កា ស្ដែវ​នីកា មុន​ពេល​យើង​រៀប​ការ​ យើង​ធ្លាប់​មក​ទី​នេះ​ញឹក​»។

ជាមួយ​នឹង​ការ​​ចុះ​បញ្ជី​បេតិកភណ្ឌ​ពិភពលោកទីក្រុង​បានស្កា ស្ដែវនីកា ​របស់អង្គការ UNESCO ក្នុង​ឆ្នាំ​១៩៩៣ លោក​បាន​បន្ថែម​ថា​៖ «​ទីក្រុង​នេះ​ជា​ប្រអប់​មាស​ប្រាក់​។ ខ្ញុំ​កោត​ស្ញប់​ស្ញែង​ចំពោះ​ការ​រៀបចំ​ពិព័រណ៍​ស្នេហា​បែ​បនេះ​»។

ក្នុង​បន្ទប់​មួយ​ទៀត ភ្ញៀវ​អាច​បើក​ទំព័រ​សៀវភៅ​ «​បញ្ជីស្នេហា​» ទម្ងន់ ៥៣ គីឡូក្រាម​ ​​មាន ៣២០០ ទំព័រ ដែល​គូស្នេហ៍​ជា​ច្រើន​បាន​សរសេរ​ពាក្យ​ពេចន៍​ក្នុង​ចិត្ដ​របស់​ខ្លួន៕ AFP/HR

គូស្នេហ៍​ឱប​ថើប​គ្នា​បង្ហាញ​ក្ដីស្រឡាញ់​នៅ​ធនាគារ​ស្នេហា​។ រូបថត AFP

គូស្នេហ៍បង្ហាញ​ក្ដីស្រឡាញ់​នៅ​ធនាគារ​ស្នេហា​។ រូបថត AFP

គូស្នេហ៍​ឱប​ថើប​គ្នា​បង្ហាញ​ក្ដីស្រឡាញ់​នៅ​ធនាគារ​ស្នេហា​។ រូបថត AFP