ក្រុង​សេអ៊ូល: កសិករ​កូរ៉េ​ខាង​ត្បូង​ បាន​សម្លាប់ និង​ចម្អិន​ឆ្កែ​ពូកែ​ព្រូស​របស់​អ្នក​ជិត​ខាង​មុន​ពេល​អញ្ជើញ​ម្ចាស់​អត់​ដឹង​រឿង​មក​ចូលរួម​ទទួល​ទាន​សាច់​ឆ្កែ​នេះ​ ដោយ​ប៉ូលិស​បាន​និយាយ​​កាល​ពី​ថ្ងៃពុធ​ថា ជា​ករណី​ដែល​បង្ក​ការ​ភ្ញាក់​ផ្អើល​ពេញ​ពិភព​អុីធឺណិត​។

បុរស​មិន​បង្ហាញ​អត្ដ​សញ្ញាណ​អាយុ ៦២ ឆ្នាំ បាន​សារ​ភាព​ចំពោះ​បទ​ឧក្រិដ្ឋ​នេះ​ក្រោយ​ពី​អ្នក​ជិត​ខាង​ម្នាក់​ទៀត​បាន​ប្រាប់​ក្រុម​គ្រួសារ​ម្ចាស់​ឆ្កែ​។ លោក​អះ​អាង​ថា លោក​មួល​ម៉ៅ​នឹង​សម្រែក​ឆ្កែ​ព្រូស​ឥត​ឈប់​ឈរ​​ឈាន​ដល់​​គប់​ឆ្កែ វែលស៍ ខូរហ្គី អាយុ ២ ឆ្នាំ ​ប៉ុន្មាន​ដុំ​ថ្ម​រហូត​ដល់​សន្លប់​​ស្ដូក​ស្ដឹង​។

ប៉ូលិស​ស៊ើប​អង្កេត​ភាគ​ខាង​ត្បូង​ក្រុង​ព្យឺងតែក បាន​ប្រាប់ AFP ថា​៖ «​ពេល​ឆ្កែ​លែង​កម្រើក​ខ្លួន លោក​ក៏​ចាប់​ផ្ដើម​ធ្វើ​ និង​ចម្អិន​សាច់​ពិសា​រ។ បន្ទាប់​មក បុរស​ចំណាស់​នេះ បាន​អញ្ជើញ​អ្នក​ជិត​ខាង​មក​បរិភោគ​អាហារ​ក្ដៅ​ជុំ​គ្នា​ រួម​ទាំង ឪពុក​ម្ចាស់​ឆ្កែ​ផង​ដែរ​»។

សាច់​ឆ្កែ​ជា​ផ្នែក​មួយ​នៃ​អាហារ​សំខាន់​របស់​កូរ៉េ​ខាង​ត្បូង​។ ប៉ុន្ដែ​ការ​ទទួល​ទាន​បាន​ធ្លាក់​ចុះ​ពេល​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង យល់​ឃើញ​ថា ឆ្កែ​ជា​សត្វ​ចិញ្ចឹម​មិន​មែន​ជា​ចំណី​ចំពោះ​ទំនោរ​របស់​យុវវ័យ​សម័យ​ថ្មី​។

ករណី​នេះ​បាន​ល្បី​ខ្លាំង​​​ពេល​កូនស្រី​គ្រួសារ​ឆ្កែ​បាន​បង្ហោះ​តាម​អនឡាញ​ដោយ​អំពាវ​នាវ​ឲ្យ​មាន​ការ​គាំទ្រ​កាត់​ទោស​ជន​ល្មើស​។ ញ្ញាត្ដិ​មួយ​នេះ​ទទួល​បាន​ការ​ចុះ​ហត្ថលេខា​ជិត ១៥០០០ នាក់​។

កូន​ស្រី បាន​ប្រាប់ AFP តាម​ទូរស័ព្ទ​ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា​៖ «​យើង​បាន​ដើរ​ស្វែង​រក​ឆ្កែ​ពេញ​ក្រុង​ និង​បិត​ខិត​ប័ណ្ណ​រូប​ឆ្កែ​ អម​ដោយ​លេខ​ទូរស័ព្ទ និង​ប្រាក់​រង្វាន់​ ១ លាន​វ៉ុន (៩៤០ ដុល្លារ​)»។

គួរ​បញ្ជាក់​ថា ឆ្កែ​ប្រមាណ ១ លាន​ក្បាល នៅតែ​ត្រូវបាន​ធ្វើ​ជា​ចំណី​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​រៀង​រាល់​ឆ្នាំ​ ដែល​ត្រូវ​បាន​ជឿ​ថា បាន​បង្កើន​ថាមពល​។

សកម្មជន​បាន​បង្កើត​យុទ្ធនាការ​ជា​ហូរហែរ​ដើម្បី​ចេញ​បម្រាម​ទទួល​ទាន​សាច់​ឆ្កែ​។ ស្ថិត​ក្រោម​ច្បាប់​ថ្មី អ្នក​បំពាន​លើ​សត្វ​អាច​ប្រឈម​នឹង​ការ​ជាប់​គុក​ដល់ ២ ឆ្នាំ​ ឬ​ពិន័យ​ប្រាក់ ២០ លាន​វ៉ុន (១៨៧០០ ដុល្លារ​)៕ AFP/HR