ភ្នំពេញ៖ ​ទីបំផុត​ក្តី​សុបិន​​​គិត​​បង្កើត​ស្នាដៃ​ថ្មី​ឈ្មោះ « A Deepest Blue-ខៀវ​​មួយ​ជ្រៅ​បំផុត» ​កាល​ពី ​២ ឆ្នាំ​មុន​​នោះ ​​ទទួល​ផល​ហើយ ដោយ​ថ្មីៗ​នេះ​ នាដក​ជា​កូន​កាត់​ខ្មែរ​-​អាមេរិក លោក ឱក ព្រហ្ម​សុដន្រ្តៈ​ ​​​បាន​ប្រាក់​មូលនិធិ​ ១៥ ម៉ឺនដុល្លារ​ សម្រាប់​​សិក្សា​​ស្រាវជ្រាវ​ និង​ដំឡើង​​ស្នាដៃ​ថ្មី​ទ្រង់ទ្រាយ​ធំ​ទី៣ ដែល​មាន​ទម្រង់​របាំ​បុរាណ​ខ្មែរ​ជា​មូលដ្នាន​ប្រើ​រយៈពេល​បង្កើត​ចំនួន​ ២ ឆ្នាំ។

នាដក​កូន​កាត់​ខ្មែរ​-អាមេរិក លោក​ ឱក ព្រហ្ម​សុដន្រ្តៈ ​ដែល​កើត​នៅ​ឯ​​ទីក្រុង​ឡុងប៊ិច ​នៃ​រដ្ឋ​កាលីហ្វ័រនីញ៉ា​សហរដ្ឋ​អាមេរិក មាន​ឪពុក​ជា​អ្នក​ខេត្ត​​​បាត់ដំបង និង​ម្តាយ​ជា​អ្នក​ខេត្ត​កំពត ដោយ​លោក​ក៏​ទើប​​តែ​បង្កើត​​ភាព​ភ្ញាក់​ផ្អើល​លើ​ឆាក​អន្តរជាតិ​ជាមួយ​​នឹង​ទម្រង់​របាំ​បុរាណ​ខ្មែរ​បង្កើត​ថ្មី​ឈ្មោះ​ថា «តំណក់ និង​គ្រាប់-Drops and Seeds ​» ឬ​មាន​ន័យ​ថា​ជា​ ទឹក​ភ្នែក និង​ទឹក​ភ្លៀង ការ​កម្ទេច​ និង​ការ​កើត​​ឡើង​វិញ​នៃ​ជីវិត មាន​​លោក ឱក ព្រហ្មសុដន្ត្រៈ និង​ក្រុម​នាដ្យរស សហការ​​ជាមួយ​នឹង​ក្រុម​ភ្លេង​សហសម័យ ​Ensemble KNM Berlin ធ្វើ​កម្មវិធី​សមាធិ​ទៅ​​លើ​ឈាម និង​សោភណភាព​នៃ​ដូនតា​យើង។

ក្នុង​ការ​សម្តែង​សិល្បៈ​​អន្តរ​វិស័យ​នេះ សិល្បករ​រួម​គ្នា​ពិចារណា​ទៅ​លើ​ប្រវត្តិ​ដ៏​លំបាក និង​អភ័ព្វ​របស់​ប្រទេស​កម្ពុជា ​ក្រោម​របប​​ខ្មែរ​​ក្រហម​ស្វែង​យល់​អំពី​វដ្ត​នៃ​អំពើ​ហិង្សា ការ​បាត់បង់ ការ​លូតលាស់ និង​​ការ​ផ្លាស់ប្តូរ ប្រែ​សា​ជា​ថ្មី​នៅ​ក្នុង​ចក្ក​វាឡ។ ការ​សម្តែង​របាំ​មាន​​ឈ្មោះ​ថា​​ «តំណក់ និង​គ្រាប់» នេះ​​គឺ​ជា​គម្រោង​​សហការ​ជាមួយ​មហោស្រព CTM Festival 2020 និង​សាល​សិល្បៈ radial system និង​​មាន​ការ​គាំទ្រ​ពី Capital Cultural Fund Germany (HFK) និង Goethe-Institute Thailand។

សិល្បករជប៉ុន​លោក អូតា យូថាកា ជា​អ្នកតែង​ភ្លេង​សម្រាប់របាំ «A Deepest Blue»។ រូបថត អូហ្គីណូ ថេធ្សូរ៉ូ

លោក ឱក ព្រហ្មសុដន្រ្តៈ​ ក៏​បាន​បង្ហើប​​​ពី​ការ​ចាប់​ផ្តើម​សិក្សា​ស្រាវជ្រាវ​បង្ហើត​ស្នាដៃ​ធំ​ថ្មី​ទី​៣​ នេះ​​​ផង​ដែរ​ថា៖ «​តាមរយៈ​មជ្ឈមណ្ឌល​​សម្រាប់​ផ្ដល់​សិទ្ធិ​អំណាច​ជូន​ជន​ភៀស​ខ្លួន និង​ជន​អន្តោប្រវេសន៍​ (Center for Empowering Refugees and Immigrants​-CERI) ព្រម​ទាំង​សិល្បៈ​​រួមគ្នា (ARTogether) ក៏​បាន​ទទួល​ប្រាក់​ ​$ ១៥០ ០០០ ដុល្លារ ពី​មូលនិធិ The William and Flora Hewlett Foundation​ ឬ​​ Hewlett 50 Arts Commissions ដើម្បី​ឲ្យ​ប្រធាន​​ស្ថាបនិក​នៃ​ក្រុម​នាដ្យ​រស ​គឺ​​​​រូប​ខ្ញុំ​ ​[ឱក ព្រហ្មសុដន្ត្រៈ] ដើម្បី​ដំឡើង​ស្នាដៃ​ថ្មី​មាន​ឈ្មោះ​​ថា​ «ខៀវ​មួយ​ជ្រៅ​បំផុត​» ឬ «A Deepest Blue»។ ​កម្មវិធី Hewlett 50 Arts Commissions គឺ​ជា​ការ​អបអរ​សាទរ​ខួបទី​ ៥០​ របស់​មូលនិធិ​នេះ​ ដែល​គេ​​ប្រើ​លុយ​​ចំនួន​ ៨ លាន​​ដុល្លារ ក្នុង​រយៈពេល ៥ ឆ្នាំ ​ដើម្បី​ឲ្យ​អង្គការ​នៅ​តំបន់​ទីក្រុង​ San Francisco ស្នើសុំ​ឲ្យ​ក្រុម​សិល្បករ​ ដែល​មាន​គុណភាព​សកល​​ (world-class artists) ធ្វើ​ស្នាដៃ​ថ្មីៗ​​របស់​ពួក​គេ​។ នេះ​​ជា​ឆ្នាំ​ទី​៣ នៃ​រយៈពេល ​៥ ឆ្នាំ​ ហើយ​​ក៏​មាន​ក្រុម​អង្គការ និង​សិល្បករ​​ចំនួន​ ១០ រូប ​​ដែល​​បាន​​មក​ទទួល​ជយលាភី​នេះ រួម​មាន​រូប​ខ្ញុំ​​ជា​ខ្មែរ​ម្នាក់​ផង​ដែរ​»។

ព្រះភិក្ខុជប៉ុន​ នូអុីយ៉ា ថូស៊ីយ៉ា ចូលរួម​បង្កើត​ស្នាដៃ​ថ្មី​លោក ព្រហ្មសុដន្ត្រៈ​។ រូបថត Lee​

លោក ព្រហ្មសុដន្រ្តៈ​ បន្ត​ឲ្យ​ដឹង​ពី​អត្ថន័យ​​​របាំ​បង្កើត​ថ្មី​​​សា្នដៃ​ធំ​ទី៣ ​នឹង​ត្រូវ​​បញ្ចប់​ការ​តាក់​តែង​នៅ​ឆ្នាំ ​២០២២ ​ខាង​​មុខ​​​ដែរ​​ថា៖ «​ស្នាដៃ​អន្តរ​វិស័យ​​វប្បធម៌​នេះ ​បាន​ផ្ដើម​គំនិត ​ពី​ទេវក​ថា ​នៃ​​ប្រភព​រាជវង្ស ​មាន​ក្នុង​ពង្សាវតារ​នៃ​ប្រទេស​កម្ពុជា និង​​ប្រទេស​​​ជប៉ុន ​ជាក់​ស្ដែង​​ជា​រឿង​​ព្រេង​ ដែល​ស្ដី​អំពី​ក្សត្រ ​១ ​​​អង្គ​ចុះ​ទៅ​​ឯ​ក្រោម​បាត​សមុទ្រ​​ ដើម្បី​​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​កូន​ស្រី​ស្តេច​នាគ គឺ​នាង​​នាគ ឬ​ខ្មែរ​យើង​ហៅ​​​ថា​រឿង ​«​ព្រះថោង​នាង​នាគ»។

ចំពោះ​​​សា្នដៃ​ «ខៀវ​មួយ​ជ្រៅ​បំផុត- A Deepest Blue​» មាន​​​ការ​​​ចូលរួម​​សហការ​ពី​លោក ​អូតា ​យូថាកា (ជា​អ្នក​​តែង​ភ្លេង​នៅ​វាំង​ជប៉ុន​)​ ព្រម​ទាំង​ព្រះ​ភិក្ខុ នូអ៊ីយ៉ា ថូស៊ីយ៉ា នៅ​វត្ត​អេកូអ៊ីន នៃ​ខូយ៉ាសាន ក្នុង​ប្រទេស​ជប៉ុន ហើយ​​​​​​ក៏​លាយ​​ចម្រុះ​​របាំ​ក្បាច់​បុរាណ​ខ្មែរ​​​​ជាមួយ​ភ្លេង​បុរាណ​​នៃ​វាំង​ជប៉ុន​ហៅ​ថា «ហ្កាហ្កាឃូ»​ ការ​វាយ​ទូង​ ស្គរ​ និង​​​សូត្រ​ធម៌​ព្រះពុទ្ធ​សាសនា​ទៅ​តាម​​​លំនាំ​​​ជប៉ុន ព្រម​ទាំង​កុន​បែប​ជីវចល​​ «​សម្បូណ៌រេខា»​ ឬ holographic​ animation ជាដើម។ ​«ខៀវ​មួយ​ជ្រៅ​បំផុត»​ នឹង​ពិនិត្យ​​ពិចារណា​​​​ទំនាក់ទំនង​នៃ​មនុស្ស​ជាតិ​ជាមួយ សមុទ្រ​ និង​ទឹក និង​ការ​ចោទ​សួរ​ថា​ ​តើ​អ្វី ​ទៅ​ជា​​តួនាទី​របស់​មនុស្ស​យើង​ឆ្ពោះ​​​ទៅ​លើ​​ធម្មជាតិ និង​ពិភព​លោក​យើង​នេះ?»។​

គួរ​បញ្ជាក់​ដែរ​ថា ឱក ព្រហ្ម​សុដន្រ្តៈ បាន​​ច្នៃ​ការ​សម្តែង​​​របាំ​បុរាណ​ជា​ទ្រង់ទ្រាយ​តូច​បែប​​​បុរាណ​សុទ្ធ​​​ ៣ ស្នាដៃ ច្នៃ​​របាំ​បុរាណ​​ផ្សំ​នឹង​​តន្រ្តី​បរទេស​​ ៣ ស្នាដៃ​ និង​​ស្នាដៃ​​​ទ្រង់ទ្រាយ​ធំ​​​​ ៣ ស្នាដៃ ​ទី​១ ​ឈ្មោះ​ថា «​​ស្ងួន ឬ​ ស្នេហា​​ឆ្លង​ភព-Beloved» ទី​២ ឈ្មោះ​ថា «តំណក់ និងគ្រាប់- Drops and Seeds​» និង​​ទី៣ ​ឈ្មោះ​ថា ​«A Deepest Blue-ខៀវ​មួយ​​​ជ្រៅ​​បំផុត» នា​ពេល​ថ្មីៗ​នេះ​៕​