ក្រុង​ញូវដែលី៖ លោក​នាយក​រដ្ឋមន្ដ្រី​​ឥណ្ឌា ណារិនដ្រា ម៉ូឌី កាល​ពី​ថ្ងៃ​ពុធ​​ប្រកាស​ថា ប្រជាជន​ជាង ១,៣ លាន​នាក់ ​អាច​បន្ទោបង់​នៅ​តាម​​ទី​សាធារណៈ​ដោយ​សេរី​ និង​ដាក់​គោលដៅ​លប់​បំបាត់​ការ​ប្រើ​ប្លាស្ទិក​តែ​ម្ដង​បោះចោល​សម្រាប់​ជំហាន​បន្ទាប់​។

លោក ម៉ូឌី ដែល​ការ​អះអាង​របស់​លោក​នេះ​ត្រូវ​បាន​រិះគន់​ដោយ​ក្រុម​អ្នក​ជំនាញ បាន​បង្កើត​មហិច្ឆតា​សង់​បង្គន់​សម្រាប់​ពលរដ្ឋ​គ្រប់​រូប​ប្រើ​​ ពេល​លោក​ឡើង​កាន់​អំណាច​លើក​ដំបូង​ក្នុង​ឆ្នាំ ​២០១៤ ហើយ​ការ​ប្រកាស​នៅ​ល្ងាច​ថ្ងៃ​ពុធ​នោះ ​បាន​ធ្វើ​ឡើង​ស្រប​ពេល​​ការ​ប្រារឰ​ខួប​ ១៥០ ឆ្នាំ ​របស់​លោក ​មហាត្មះ ហ្គានធី មិន​ត្រឹម​តែ​ជា​និមិត្តរូប​តំណាង​ឯករាជភាព​ឥណ្ឌា​នោះ​ទេ តែ​ថែម​ទាំង​អនាម័យ​ផង​ដែរ​។

លោក ម៉ូឌី បាន​និយាយ​ទៅ​កាន់​មេភូមិ ២ ម៉ឺន​នាក់ ​នៅ​ភាគ​លិច​ក្រុង​អាមេដាបាដ និង​រដ្ឋ​កំណើត​របស់​លោក​ ហ្គូចារ៉ាត់​ ថា​៖ «​ក្នុង​រយៈពេល ៦០ ខែ មនុស្ស ៦០០ លាន​នាក់ ​ត្រូវ​បាន​​ផ្ដល់​លទ្ធភាព​ប្រើប្រាស់​បង្គន់​ ដោយ​បង្គន់​ជាង ១១០ លាន ​ត្រូវ​បាន​កសាង​ឡើង​»។

ពលរដ្ឋ​ឥណ្ឌា​រង​់​ចាំ​ចូលបង្គន់​សាធារណៈ​របស់​លោក ម៉ូឌី​​។ រូបថត AFP

លោក ម៉ូឌី បាន​បន្ថែម​ដោយ​បាន​ហៅ​ការ​សម្រេច​គោលដៅ​នេះ​ជា​ព្រឹត្ដិការណ៍​សំខាន់​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដ៏​ធំ​នេះ​​ថា​៖ «​ស្ដ្រី​ក្នុង​ប្រទេស​យើង​លែង​ត្រូវ​រង់ចាំ​ដល់​ពេល​យប់ ​ដើម្បី​មាន​ឱកាស​ចេញ​បន្ទោបង់​ទៀត​ហើយ។ ជីវិត​ដ៏​បរិសុទ្ធ​របស់​កុមារ​ត្រូវ​បាន​សង្គ្រោះ ចំពោះ​ការ​ចំណាយ​លើ​ការ​ថែទាំ​សុខភាព​»។

យ៉ាងណា​មិញ ទោះ​មាន​ការ​បោះ​ជំហាន​ទៅ​មុខ​លឿន​យ៉ាង​ណា​​ ក៏​ក្រុម​អ្នក​ជំនាញ​​ថ្លែង​ពី​ភាព​ស្រពេច​ស្រពិល​អំពី​អំណះអំណាង​របស់​​​នាយក​រដ្ឋមន្ដ្រី​ ដោយ​​និយាយ​ថា មនុស្ស​រាប់​លាន​នាក់​ទៀត ​នៅ​មិន​ទាន់​មាន​លទ្ធភាព​ប្រើ​បង្គន់​ឲ្យ​បាន​សមរម្យ​នោះ​ទេ​ ហើយ​ដោយសារ​តែ​ទម្លាប់​ប្រពៃណី​ បង្គន់​​ថ្មីៗ​ដែល​ទើប​កសាង​ មិន​ត្រូវ​បាន​​ពលរដ្ឋ​ប្រើប្រាស់​ឡើយ​។

លោក ម៉ូឌី ទទួល​ស្គាល់​ថា ការ​លំបាក​នៅ​តែ​មាន​ដោយ​លោក​បាន​អះអាង​ថា៖ «​យើង​ត្រូវ​បន្ដ​ដំណើរ ​ដើម្បី​ធ្វើ​ឲ្យ​ឥណ្ឌា​ស្អាត​។ យើង​ត្រូវ​ធ្វើ​ការ​ផ្លាស់ប្ដូរ​អត្ដចរិត​បែប​ទម្លាប់​។ យើង​​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា បង្គន់​ត្រូវ​បាន​​ប្រើ​ទៅ​តាម​ការ​សាងសង់​។ អ្នក​ដែល​នៅ​មិន​ទាន់​ស៊ាំ គួរ​តែ​ងាក​មក​សាក​របស់​ថ្មី​នេះ​»៕ AFP/HR