ភ្នំពេញ: រូបភាពនៃពិធីរៀបអាពាហ៍នាយ ចយ តារាកំប្លែងអភ័ព្វរូប ជាមួយនឹងនារីវ័យក្មេងរូបដ៏ស្រស់សោភា ប៉ិច ក្វាន់ឌី ក៏ធ្វើឲ្យមហាជនគ្រប់មជ្ឈដ្ឋានលាន់មាត់សរសើរមិនដាច់ពីនិស្ស័យព្រេងសំណាងតារាកំប្លែងអន់សម្រស់រូបនេះ។
បន្ថែមលើព្រេងសំណាងបាននារីដ៏ស្រស់ស្អាតមកធ្វើជាគូជីវិតនោះ នាយ ចយ ក៏ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ប្រកាសចងដៃអាពាហ៍ពិពាហ៍ចំនួន ៤០ លានរៀល ផងដែរ។
នៅព្រឹកថ្ងៃទី ២ ខែមីនានេះ នាយ ចយ ដែលទើបនឹងរៀបការប្រពន្ធថ្មោងថ្មី ទាំងផ្អើលអស់មជ្ឈដ្ឋានមហាជនពីការសរសើរពីភ័ព្វសំណាងបានប្រពន្ធស្អាត ហើយក្មេងខ្វីនោះ នាយ ក៏បានបង្ហាញវត្តមានចូលរួមក្នុងពិធីជាមួយក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនតេជោ នៅសាលមហោស្រពកោះពេជ្រ ក្រោមអធិបតិភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នៅក្នុងឱកាសនោះ នៅមុខវត្តមានក្រុមគ្រូពេទ្យរាប់រយនាក់ សម្តេចក៏បានទាញការចាប់អារម្មណ៍ ពីកំពូលតារាកំប្លែងជើងចាស់នាយ ក្រឹម ដែលបានទទួលយកនាយ ចយ និងប្អូនស្រី នាយ ចយ ឈ្មោះ នាង កាចុប ធ្វើជាសមាជិកក្រុមកំប្លែង និងថា ពេលនេះ នាយ ចយ ក៏បានចូលជាសមាជិកក្នុងក្រុមគ្រូពេទ្យស្មគ្រចិត្តផងដែរ។
បន្ទរនឹងសំដីសរសើរនូវទឹកចិត្តនាយ ក្រឹម ដែលជាមេកើយ នាយ ចយ លោកនាយករដ្ឋមន្ត្រី ក៏បានបង្ហាញថា៖ «សូមឲ្យនាយ ចយ រៀបការហើយថ្មីៗហ្នឹងឆាប់មានកូននឹងគេ ហើយក៏សូមឲ្យស្រឡាញ់គ្នាដល់ចាស់ណាស់»។
បន្ថែមនោះ នាយករដ្ឋមន្ត្រី ក៏បានប្រកាសជាចំហរថា៖ «ថ្ងៃនេះខ្ញុំក៏មានទឹកប្រាក់ចំនួនមួយម៉ឺនដុល្លារ មកសម្រាប់ចង់ដៃ នាយ ចយ និងភរិយាទៀតរៀបការផងដែរ»។
ក្នុងភាពរីករាយ ដែលទទួលបានការសណ្តោស ពីនាយករដ្ឋមន្ត្រី ប្រទានចំណងដៃអាពាហ៍ពិពាហ៍ មួយម៉ឺនដុល្លារ នេះ នាយ ចយ ក៏បានប្រាប់ថា៖ «គ្មានអ្វីក្រៅពីសប្បាយចិត្ត ដែលលោកស្រឡាញ់រាប់អានពួកខ្ញុំ ហើយប្រាក់នេះខ្ញុំក៏នឹងយកទៅចាត់ចែង ជីវិតគ្រួសារ ដើម្បីឲ្យមានសុភមង្គលដូចដែលសម្តេចមានប្រសាសន៍»។
តែយ៉ាងណា នាយ ចយ មិនហ៊ានសន្យានោះឡើយ ខណៈដែលលោកនាយករដ្ឋមន្ត្រីថា ចង់ឲ្យនាយ ចយ និងភរិយាថ្មោងថ្មី ឆាប់មានកូននោះ ដោយ នាយ ចយ បានប្រាប់ថា៖ «រឿងនេះមិនហ៊ានកំណត់ដែរ ចាំពេលណា ពេលនោះទៅ»។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ នៅរាត្រីជប់លៀងមង្គលការ នាយ ចយ ក៏មានការចូលរួមពីកូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ គឺលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី ដែលធ្វើឲ្យមង្គលការនេះកាន់តែមានភាពទាក់ទាញពីតារាសិល្បៈរួមអាជីព និងមហាជនថែមទៀត៕