ភ្នំពេញ៖​ ថ្មីៗ​នេះ​ក៏​ស្រាប់​តែ​តារា​កំប្លែង និង​​ចម្រៀង​ប្រុស​ នាយ ពែក​មី ​បង្ហោះ​សារ​មួយ​ឃ្លា​​ដ៏​​កម្រ​​បង្កើត​​​​ភាព​​ភ្ញាក់​​ផ្អើល​​ខ្លាំង​ពី​មហាជន​ចំពោះ​​សារ​ដែល​មាន​​​ខ្លឹម​សារ​ ​ចង់​ប្រាប់​ថា​រូប​លោក​ហាក់​ដូច​ជា​លែង​ហ៊ាន​បង្ហាញ​ភាព​​​សិ្នទ្ធស្នាល​​ដៃ​គូ​លេង​កំប្លែង​​អ្នកនាង ខ្ញុង ដោយសារ​ភ្លើង​​ប្រចណ្ឌ​ពី​ស្វាមី​នាង ​គឺ​នាយ​កៃដ។​

លោក ចែម ចាន់ដារ៉ា ហៅ​នាយ ពែកមី ដែល​ជា​រៀម​ច្បង​គ្រួសារ​ នៃ​ក្រុម​តារា​កំប្លែង​រួម​មាន នាយ គ្រឿន នាយ ក្រាន ក្រោយ​ពី​បាន​ចាប់​យក​ឱកាស​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​លើ​វិថី​សិល្បៈ​កំប្លែង និង​តារា​ចម្រៀង​ រហូត​មាន​ទ្រព្យ​ធន​ធូរធារ​​រៀងៗ​ខ្លួន​មក​នោះ ក៏​ស្រាប់​តែ​ថ្មីៗ​នេះ នាយ​បង្ហោះ​​សារ​ថា៖ «បាន​ត្រឹម​លួច​ថត​​ ដៃគូ​កាត់​សក់​​ជាមួយ​គ្នា​​ លែងហ៊ាន​ថត​ជាមួយ​គ្នា​ហើយ​​ ប្តី​គេ​ប្រចណ្ឌ​​ ​ហួស​ចិត្ត​!»​។​

រំពេច​នោះ​ក៏​ស្រាប់​តែ​មាន​ការ​ងឿង​ឆ្ងល់​ខ្លាំង​​​ពី​ប្រិយ​មិត្ត​គាំទ្រ​ ​ចូល​ទៅ ​Comments ជា​ហូរ​ហែ​ ខណៈ​មតិ​​ភាគ​​ច្រើន​បាន​លើក​ឡើង​​បែប​ឆ្ងល់​​ថា៖ «​ម៉េច​​ចឹង​បង?» និង​សារ​ថា៖ «​នុះវីវរ​ហើយ​ Idol ដល់​តែ​អ៊ីចឹង​សម្តែង​​ជុំ​គ្នា​​ម៉េច​ទៅ​?»។

តែ​តារា​កំប្លែង​ប្រុស​ពូកែ​វោហារ មិន​ចេះ​រីង​ស្ងួត សម្បូរ​​ទេពកោសល្យ​សម្តែង​ ​នាយ ពែកមី ក៏​បាន​​បញ្ជាក់​​​ថា​៖​ «តាម​ពិត​​ទៅ​ សារ​នោះ​គឺ​ខ្ញុំ​គ្រាន់​​​តែ​បាន​ថត​​កាល​ពី​​​ពួក​យើង​ទៅ​ច្រៀង​ការ​គេ​ នៅ​ឯ​ខេត្ត​កំពង់ចាម​ នា​ពេល​កន្លង​មក​ថ្មីៗ​​នេះ​តែ​ប៉ុណ្ណោះ​ ហើយ​យើង​​ក៏​អត់​មាន​រឿង​អ្វី​កើត​ឡើង​​ដោយសារ​ភាព​អាក់​អន់​ស្រពន់​ចិត្ត​ ជាមួយ​នឹង​គ្នា​នោះ​ទេ​។ ចំណង​​មិត្តភាព​ ឬ​ការងារ​ដើរ​លើ​វិថី​សិល្បៈ​រវាង​ខ្ញុំ និង​នាង​ខ្ញុង នោះ​គឺ​មាន​រយៈពេល ​៨-៩​ ឆ្នាំ ​​​ហើយ​​ដែរ​គឺ​ថា មិន​ងាយ​នឹង​​មាន​​រឿង​អ្វី​ឡើយ​​​»។​

លោក ពែក​មី​ បន្ថែម​ថា​៖​ «ចំពោះ​​ការ​ប្រចណ្ឌ​ពី​ស្វាមី របស់​នាង ខ្ញុង​ វិញ​​នោះ គឺ​ខ្ញុំ​គិត​ថា​ រឹត​តែ​​មិន​​អាច​នោះ​​ឡើយ​»។​

គួរ​​​បញ្ជាក់​ថា នាយ​ ពែក​មី គឺ​ជា​កូន​ប្រុស​រៀម​ច្បង​នៃ​គ្រួសារ ដោយ​នាយ​បាន​​​ជួយ​ជ្រោមជ្រែង​បងប្អូន​បង្កើត ​៣-៤ ​នាក់ ​រួម​​មាន​​ដូចជា​ នាយ គ្រឿន នាយ ​ក្រាន​ នាយ ​ប៉ូយ ឬ​អាប៉ូយ នោះ​ឲ្យ​​​​ចូល​សិល្បៈ​កំប្លែង និង​បាន​ចូល​សម្តែង​កុន​រហូត​ដល់​មាន​​ជីវភាព​ធូរធារ​​រៀងៗ​ខ្លួន និង​បាន​សង់​ផ្ទះ​ដ៏​ល្អ​ប្រណីត​ជូន​ឪពុកម្តាយ​តម្លៃ​ជិត ​១០ ម៉ឺន​ដុល្លារ នៅ​ឯ​ខេត្ត​ស្វាយរៀង​ផង​ដែរ ​កាល​ពី​ឆ្នាំ​មុន​នេះ។​

លើស​ពី​នេះ​ទៀត​នោះ​​នាយ ពែកមី ដែល​ជា​មេ​ក្រុម​​របស់​ក្រុម​កំប្លែង​ដ៏​មាន​​ប្រជាប្រិយ​របស់ CTN បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​​​ពី​ការងារ​ដ៏​មមាញឹក​នៅ​ក្រៅ​​សិល្បៈ​របស់​​លោក​​​​ដែរ​ថា៖ «សព្វ​ថ្ងៃ​ការងារ​សិល្បៈ​ ហាក់​ដូច​ជា​មាន​ភាព​រាង​​រយាល​​​បន្តិច​ ដោយសារ​តែ​​ខ្ញុំ​កំពុង​ជាប់​រវល់​ទៅ​​នឹង​រឿង​​ការងារ​ផ្នែក​អចលនទ្រព្យ​វិញ​ច្រើន​ជាង គឺ​គម្រោង​ពុះដី​ឡូត៍​សង់​ផ្ទះ​ល្វែង​នៅ​ឯ​ក្រុង​កំពង់ចាម​។ និយាយ​រួម​ទៅ​ ខ្ញុំ​ទទួល​តែ​​​ការងារ​សិល្បៈ​ដែល​ចាំបាច់​ខ្លាំង​ទេ​»។​

ដោយ​ឡែក​ដៃ​គូ​សម្តែង​​ដ៏​ស័ក្តិសម​​ទាំង​នៅ​លើ​ឆាក និង​នៅ​តាម​កម្មវិធី​សិល្បៈ​​នានា​​​ នាង ខ្ញុង តារា​កំប្លែង​ស្រី​ពូកែ​សម្តី​ មេម៉ាយ​កូន ១ ​បាន​សម្រេច​ចិត្ត​ភ្ជាប់​និស្ស័យ​​រៀបការ​​នឹង​លោក អុំ ក្សត្រា ហៅ​នាយ ​​ កៃដ កាល​ពី​ថ្ងៃ​ទី ​៨ ខែ ​សីហា​​ ឆ្នាំ ​២០១៩​​៕​