ក្រុងតូក្យូ៖ ស្រ្តីចម្រៀង និងរបាំប្រពៃណីជប៉ុន ឆាឆា បានអង្គុយលុតជង្គង់ ដៃប្រណម្យសំពះលើកម្រាលឈើ ជាការគារវៈចំពោះទស្សនិកជនដែលមិនមែនអង្គុយនៅចំពោះមុខ តែគន់តាមអនឡាញ។
នៅក្រោមពន្លឺភ្លើង ស្ត្រីរបាំស្រស់សោភា អាយុ ៣២ ឆ្នាំបានសម្ដែងរបាំប្រពៃណី ជាមួយនឹងកាយវិការដូចមេអំបៅ ពន់ពេន និងបក់ផ្លិតយ៉ាងទន់ភ្លន់។ ជាទូទៅ ទស្សនិកជនភាគច្រើនជាបុរសចំណាស់ទ្រព្យស្ដុក អង្គុយគន់សម្រស់អ្នករបាំក្នុងបន្ទប់ក្រាលកន្ទេលតាតាមិ។
ប៉ុន្តែពេលនេះ ទស្សនិកជនបានត្រឹមទស្សនារបាំពីចម្ងាយតាមអេក្រង់កុំព្យូទ័រ ដែលមានចាប់ពីនារីក្មេងៗកាន់កែវស្រាទំពាំងបាយជូររហូតដល់ក្រុមគ្រួសារកូនៗរបស់ពួកគេចង់ដឹងចង់ឃើញអំពីការសម្ដែង។
ឆាឆា បានសាកសួរទស្សនិកជនថា៖ «តើអ្នកទាំងអស់គ្នា សម្រាកនៅផ្ទះយ៉ាងម៉េចដែរ? ចំណែកខ្ញុំលេងវីដេអូហ្គេម «Animal Crossing» ក្នុងអំឡុងមានអាសន្ននេះ»។
ថ្វីបើមានការភាន់ច្រឡំរបស់លោកខាងលិចក៏ដោយ តាមពិត ស្រី្តចម្រៀង និងរបាំមិនមែនជាស្រីពេស្យាទេ ប៉ុន្តែពួកគេមានជំនាញក្នុងទម្រង់សិល្បៈប្រពៃណី រួមទាំងការលេងឧបករណ៍តន្ដ្រី និងហ្គេមផងដែរ។
ស្ទើរគ្រប់ស្ទីលនៃសកម្មភាពកម្សាន្ដរបស់ពួកគេ ចាប់ពីការច្រៀង និងរាំនៅតាមឆាកតូចៗ រហូតទៅដល់ការនិយាយកំប្លុកកំប្លែងជាមួយអតិថិជន ក៏ដូចជាការចាក់ស្រាសាកេ សុទ្ធតែផ្ទុយនឹងគោលការណ៍រក្សាសុវត្ថិភាពបុគ្គល និងសង្គម។
កូរ៉ូណាបំផ្លាញអាជីពស្ដ្រីចម្រៀង និងរបាំ ដូចជា ឆាឆា ដែលចំណូលរបស់នាងកាន់ខើចតិច និងកំពុងអន្ទះសាចាំជំនួយពីរដ្ឋាភិបាល។
ឆាឆា បានប្រាប់ AFP ថា៖ «តាមធម្មតា យើងរវល់ខ្លាំងអំឡុងខែមេសា ឧសភា និងមិថុនា នេះ។ ប៉ុន្តែឆ្នាំនេះ គឺសូន្យ គ្មានកម្មវិធីណាទាំងអស់»។
នេះគឺជាមូលហេតុដែលសេវាកម្មអនឡាញចាប់កំណើតមក។ ឆាឆា សារភាពថា ដំបូងមានការច្របូកច្របល់ចំពោះសេវាកម្មបែបថ្មីនេះ ដោយនាងអត់មានកុំព្យូទ័រផ្ទាល់ខ្លួន ដែលប្រើ iPad ជំនួស និងបាននិយាយទាំងអស់សំណើចថា៖ «មានសញ្ញាសួរពេញខួរក្បាលតែម្ដង!»។
ប៉ុន្តែដោយមានជំនួយពី នីស៊ីមូរ៉ា ក្នុងការរៀបចំផ្នែកបច្ចេកទេស ឆាឆា និងស្រីរបាំដទៃទៀត ពេលនេះអាចផ្តល់ជូននូវសិល្បៈប្រពៃណីរបស់ពួកគេតាមប្រព័ន្ធដ៏ទំនើប Zoom។
ការសម្ដែងតាមអនឡាញបានផ្ដល់ទាំងប្រាក់ចំណូល និងជាវិធីផ្សព្វផ្សាយដល់អតិថិជននូវទម្រង់សិល្បៈបុរាណកាន់តែទូលំទូលាយ។
អ្នកស្រី នីស៊ីមូរ៉ា បានឲ្យដឹងថា៖ «គោលបំណងមួយ គឺដើម្បីផ្សព្វផ្សាយទៅកាន់ទស្សនិកជនថ្មី ពីព្រោះវាមានតម្លៃសមរម្យ»។
អ្នកស្រី មីឈីកូ ម៉េដា វ័យ ៦៥ ឆ្នាំ ជាទស្សនិកជនឆាឆាអនឡាញម្នាក់បាននិយាយថា ទម្រង់ថ្មីនេះបានជំរុញទឹកចិត្តអ្នកស្រីចង់ទទួលយកនូវបទពិសោធការកម្សាន្ដសិល្បៈប្រពៃណីនេះ»៕ AFP/RS